ជនគណនា 20:7-12

ជនគណនា 20:7-12 គខប

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​យក​ដំបង រួច​អ្នក និង​អើរ៉ុន ជា​បង​របស់​អ្នក ប្រមូល​សហគមន៍​ឲ្យ​ជួប‌ជុំ​គ្នា។ ត្រូវ​បង្គាប់​ថ្ម‌ដា​នៅ​ចំពោះ​មុខ​ពួក​គេ នោះ​នឹង​មាន​ទឹក​ហូរ​ចេញ​ពី​ថ្ម‌ដា។ អ្នក​ត្រូវ​ធ្វើ​ឲ្យ​ទឹក​ហូរ​ចេញ​ពី​ថ្ម‌ដា​នោះ សម្រាប់​សហគមន៍ និង​ហ្វូង​សត្វ​ផឹក»។ លោក​ម៉ូសេ​យក​ដំបង​ដែល​ស្ថិត​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ដូច​ព្រះអង្គ​បាន​បង្គាប់​លោក។ លោក​ម៉ូសេ និង​លោក​អើរ៉ុន កោះ​ហៅ​សហគមន៍​ឲ្យ​មក​ជួប‌ជុំ​គ្នា​នៅ​មុខ​ថ្ម‌ដា។ លោក​ម៉ូសេ​មាន​ប្រសាសន៍​ថា៖ «អ្នក​រាល់​គ្នា​ជា​មនុស្ស​បះ‌បោរ​អើយ ចូរ​ស្ដាប់! តើ​ពួក​យើង​អាច​ធ្វើ​ឲ្យ​មាន​ទឹក​ហូរ​ចេញ​ពី​ថ្ម‌ដា​នេះ​សម្រាប់​អ្នក​រាល់​គ្នា បាន​ឬ​មិន​បាន?»។ លោក​ម៉ូសេ​លើក​ដៃ​ឡើង ហើយ​យក​ដំបង​របស់​លោក​វាយ​ថ្ម‌ដា​ពីរ​ដង ស្រាប់​តែ​មាន​ទឹក​ហូរ​ចេញ​មក​យ៉ាង​បរិបូណ៌។ សហគមន៍​ក៏​នាំ​គ្នា​ផឹក​ទឹក ហើយ​ហ្វូង​សត្វ​ក៏​ផឹក​ដែរ។ ពេល​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ថា៖ «អ្នក​ទាំង​ពីរ​ពុំ​បាន​ជឿ​លើ​យើង អ្នក​ទាំង​ពីរ​ពុំ​បាន​សម្តែង​ឲ្យ​កូន​ចៅ​អ៊ីស្រា‌អែល​ស្គាល់​ភាព​វិសុទ្ធ​របស់​យើង​ទេ ហេតុ​នេះ អ្នក​ទាំង​ពីរ​មិន​អាច​នាំ​ក្រុម‌ជំនុំ​នេះ​ចូល​ទៅ​ក្នុង​ស្រុក ដែល​យើង​ប្រគល់​ឲ្យ​ពួក​គេ​ឡើយ»។