ជនគណនា 19
19
ធាតុរបស់គោញីពណ៌ទង់ដែង
1 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអើរ៉ុនថា៖ 2«នេះជាក្រឹត្យវិន័យដែលព្រះអម្ចាស់បានបង្គាប់ទុកដូចតទៅ: ចូរប្រាប់ជនជាតិអ៊ីស្រាអែលឲ្យនាំគោញីពណ៌ទង់ដែងមួយមកឲ្យអ្នក គោនោះត្រូវតែល្អឥតខ្ចោះ ហើយក៏មិនដែលមាននរណាទឹមនៅឡើយ។ 3ចូរប្រគល់គោញីនេះឲ្យបូជាចារ្យអេឡាសារ។ គាត់នឹងនាំវាចេញទៅក្រៅជំរំ ហើយឲ្យគេសម្លាប់វានៅចំពោះមុខគាត់។ 4បូជាចារ្យអេឡាសារត្រូវយកម្រាមដៃជ្រលក់ក្នុងឈាមគោ ហើយប្រោះឈាមនោះប្រាំពីរដងនៅមុខពន្លាជួបព្រះអម្ចាស់។ 5ត្រូវដុតគោញីនោះនៅចំពោះមុខអេឡាសារ គឺដុតទាំងស្បែក ទាំងសាច់ ទាំងឈាម និងគ្រឿងក្នុងទាំងអស់។ 6បូជាចារ្យត្រូវយកឈើតាត្រៅ មែកហ៊ីសុប និងរោមចៀមជ្រលក់ពណ៌ក្រហម បោះទៅក្នុងភ្លើងដែលគេដុតគោញីនោះ។ 7បូជាចារ្យត្រូវបោកសម្លៀកបំពាក់ និងយកទឹកមកលុបលាងកាយរបស់ខ្លួន។ បន្ទាប់មក បូជាចារ្យវិលចូលជំរំវិញ តែគាត់នៅសៅហ្មងរហូតទល់ល្ងាច។ 8រីឯអ្នកដុតគោញីនោះ ក៏ត្រូវបោកសម្លៀកបំពាក់ និងយកទឹកមកលុបលាងរូបកាយរបស់ខ្លួនដែរ តែគាត់នៅសៅហ្មងរហូតទល់ល្ងាច។ 9 ត្រូវឲ្យបុរសម្នាក់ដែលមិនសៅហ្មង រើសធាតុរបស់គោញីនោះទុកនៅខាងក្រៅជំរំ ត្រង់កន្លែងមួយបរិសុទ្ធ។ ត្រូវរក្សាធាតុនោះទុក ដើម្បីសហគមន៍អ៊ីស្រាអែលយកទៅលាយធ្វើជាទឹក សម្រាប់ពិធីជម្រះកាយឲ្យបរិសុទ្ធ។ ពិធីនេះដូចជាយញ្ញបូជារំដោះបាបដែរ។ 10អ្នករើសធាតុរបស់គោញីត្រូវបោកសម្លៀកបំពាក់របស់ខ្លួន ហើយគេនៅសៅហ្មងដូច្នេះ រហូតទល់ល្ងាច។ នេះជាច្បាប់ដែលជនជាតិអ៊ីស្រាអែល និងជនបរទេសរស់នៅក្នុងចំណោមពួកគេ ត្រូវប្រតិបត្តិតាមរហូតតទៅ។
ក្រឹត្យវិន័យស្ដីអំពីពិធីជម្រះកាយ
11អ្នកណាប៉ះពាល់សាកសពរបស់មនុស្សណាម្នាក់ អ្នកនោះត្រូវសៅហ្មងអស់រយៈពេលប្រាំពីរថ្ងៃ។ 12គេត្រូវយកទឹកសម្រាប់ធ្វើពិធីជម្រះកាយ មកលាងជម្រះខ្លួន នៅថ្ងៃទីបី ហើយគេនឹងបានបរិសុទ្ធនៅថ្ងៃទីប្រាំពីរ។ ប៉ុន្តែ ប្រសិនបើគេមិនធ្វើពិធីជម្រះកាយនៅថ្ងៃទីបីទេ នៅថ្ងៃទីប្រាំពីរ គេមិនបានបរិសុទ្ធឡើយ។ 13អ្នកណាប៉ះពាល់សាកសពរបស់មនុស្ស តែមិនធ្វើពិធីជម្រះកាយទេ អ្នកនោះធ្វើឲ្យព្រះពន្លារបស់ព្រះអម្ចាស់ទៅជាសៅហ្មង។ ត្រូវដកមនុស្សបែបនេះចេញពីចំណោមជនជាតិអ៊ីស្រាអែល។ ដោយគេពុំបានយកទឹកសម្រាប់ពិធីជម្រះកាយឲ្យបរិសុទ្ធមកលាងខ្លួនទេ គេត្រូវនៅសៅហ្មងដូច្នេះរហូតតទៅ។
14នេះជាក្រឹត្យវិន័យស្ដីអំពីមនុស្សម្នាក់ដែលស្លាប់នៅក្នុងផ្ទះមួយ អស់អ្នកដែលចូលទៅក្នុងផ្ទះនោះ និងអស់អ្នកដែលស្ថិតនៅក្នុងផ្ទះនោះ នឹងត្រូវសៅហ្មងអស់រយៈពេលប្រាំពីរថ្ងៃ។ 15រីឯភាជន៍ទាំងប៉ុន្មាននៅក្នុងផ្ទះដែលនៅចំហ ឥតមានគម្របនឹងក្លាយទៅជាសៅហ្មងដែរ។
16អ្នកណាប៉ះសាកសពដែលស្លាប់នៅទីវាល ស្លាប់ដោយមុខដាវ ឬស្លាប់តាមធម្មតា ឬក៏ប៉ះឆ្អឹង និងផ្នូរ អ្នកនោះត្រូវនៅសៅហ្មងអស់រយៈពេលប្រាំពីរថ្ងៃ។ 17ដើម្បីជម្រះអ្នកសៅហ្មងនោះឲ្យបរិសុទ្ធ គេត្រូវយកធាតុរបស់គោញី ដែលបានថ្វាយជាយញ្ញបូជារំដោះបាប មកដាក់ក្នុងភាជន៍មួយ រួចដងទឹកពីប្រភពទឹកមកចាក់ពីលើ។ 18ត្រូវឲ្យបុរសម្នាក់ដែលមិនសៅហ្មង យកមែកហ៊ីសុបជ្រលក់ក្នុងទឹកនោះ ហើយប្រោះលើផ្ទះ លើភាជន៍ទាំងអស់ លើមនុស្សទាំងអស់នៅក្នុងផ្ទះ ព្រមទាំងលើអស់អ្នកដែលបានប៉ះពាល់ឆ្អឹង ប៉ះពាល់សាកសព ដែលស្លាប់ដោយមុខដាវ ឬស្លាប់តាមធម្មតា ឬក៏ប៉ះពាល់ផ្នូរ។ 19អ្នកដែលមិនសៅហ្មងត្រូវប្រោះទឹកទៅលើអ្នកសៅហ្មងនៅថ្ងៃទីបី និងថ្ងៃទីប្រាំពីរ ហើយជម្រះអ្នកនោះឲ្យបរិសុទ្ធនៅថ្ងៃទីប្រាំពីរ រួចគាត់ត្រូវបោកសម្លៀកបំពាក់ យកទឹកលុបលាងខ្លួន នោះគាត់នឹងបរិសុទ្ធនៅពេលល្ងាច។ 20បើនរណាម្នាក់សៅហ្មង តែពុំធ្វើពិធីជម្រះកាយឲ្យបរិសុទ្ធទេ នឹងត្រូវដកចេញពីចំណោមក្រុមជំនុំ ដ្បិតគេបានធ្វើឲ្យទីសក្ការៈរបស់ព្រះអម្ចាស់ទៅជាសៅហ្មង។ ដោយគេពុំបានយកទឹកសម្រាប់ពិធីជម្រះកាយឲ្យបរិសុទ្ធមកលាងខ្លួនទេនោះ គេត្រូវនៅសៅហ្មង។ 21នេះជាច្បាប់ដែលពួកគេត្រូវប្រតិបត្តិតាមរហូតតទៅ គឺអ្នកដែលធ្វើពិធីប្រោះទឹកឲ្យគេ ត្រូវបោកសម្លៀកបំពាក់ ហើយអ្នកដែលប៉ះពាល់ទឹកសម្រាប់ប្រោះលើអ្នកសៅហ្មង ក៏នឹងត្រូវសៅហ្មងរហូតដល់ល្ងាច។ 22អ្វីៗដែលអ្នកសៅហ្មងប៉ះពាល់ ក៏ក្លាយទៅជាសៅហ្មងដែរ ហើយអ្នកដែលប៉ះពាល់របស់សៅហ្មង នឹងត្រូវសៅហ្មងរហូតទល់ល្ងាច»។
ទើបបានជ្រើសរើសហើយ៖
ជនគណនា 19: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.