នេហេមា 9:26-38

នេហេមា 9:26-38 គខប

ប៉ុន្តែ ក្រោយ​មក ពួក​គេ​បាន​លើក​គ្នា​បះ‌បោរ ប្រឆាំង​នឹង​ព្រះអង្គ ពួក​គេ​បោះ​បង់​ចោល​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ ហើយ​សម្លាប់​ពួក​ព្យាការី ដែល​ដាស់‌តឿន​ពួក​គេ​ឲ្យ​បែរ​ចិត្ត មក​រក​ព្រះអង្គ​វិញ ពួក​គេ​នាំ​គ្នា​ប្រមាថ​ព្រះអង្គ​យ៉ាង​ខ្លាំង។ ពេល​នោះ ព្រះអង្គ​ក៏​ប្រគល់​ពួក​គេ ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​បច្ចា‌មិត្ត ហើយ​បច្ចា‌មិត្ត​ជិះ‌ជាន់​សង្កត់‌សង្កិន​ពួក​គេ។ ពេល​មាន​អាសន្ន ពួក​គេ​ស្រែក​អង្វរ​ព្រះអង្គ ព្រះអង្គ​ស្ដាប់​ពួក​គេ​ពី​ស្ថាន​បរម‌សុខ* ហើយ​អាណិត‌អាសូរ​ពួក​គេ​យ៉ាង​ខ្លាំង ព្រះអង្គ​ប្រទាន​អ្នក​រំដោះ មក​សង្គ្រោះ​ពួក​គេ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ របស់​បច្ចា‌មិត្ត។ ពេល​បាន​សុខ​ក្សេម‌ក្សាន្ត ពួក​គេ​ចាប់​ផ្ដើម​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះអង្គ​សា​ជា​ថ្មី ព្រះអង្គ​ក៏​បោះ​បង់​ចោល​ពួក​គេ ឲ្យ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ ខ្មាំង​សត្រូវ​ក៏​ជិះ‌ជាន់​សង្កត់‌សង្កិន​ពួក​គេ។ ពេល​នោះ ពួក​គេ​ស្រែក​អង្វរ​ព្រះអង្គ​សា​ជា​ថ្មី ព្រះអង្គ​ស្ដាប់​ពួក​គេ​ពី​ស្ថាន​បរម‌សុខ ព្រះអង្គ​អាណិត​អាសូរ​ពួក​គេ​យ៉ាង​ខ្លាំង ហើយ​ព្រះអង្គ​សង្គ្រោះ​ពួក​គេ ជា​ច្រើន​លើក​ច្រើន​សា។ ព្រះអង្គ​បាន​ដាស់‌តឿន​ពួក​គេ​ឲ្យ​វិល​មក កាន់​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ​វិញ តែ​ពួក​គេ​មាន​ចិត្ត​រឹង​ចចេស មិន​ព្រម​ស្ដាប់​តាម​បទ‌បញ្ជា​របស់​ព្រះអង្គ​ទេ។ វិន័យ​របស់​ព្រះអង្គ​តែងតែ​ផ្ដល់​ជីវិត ឲ្យ​មនុស្ស​ដែល​ប្រតិបត្តិ​តាម ប៉ុន្តែ ពួក​គេ​បែរ​ជា​ប្រព្រឹត្ត​អំពើ​បាប​ខុស នឹង​វិន័យ​ទាំង​នេះ​វិញ។ ពួក​គេ​មាន​ចិត្ត​មានះ និង​រឹង​ចចេស មិន​ព្រម​ស្ដាប់​បង្គាប់​ឡើយ។ ព្រះអង្គ​ទ្រាំ‌ទ្រ​នឹង​ពួក​គេ​ជា​ច្រើន​ឆ្នាំ ព្រះអង្គ​ប្រទាន​ព្រះ‌វិញ្ញាណ​ឲ្យ​មក រំឭក​ដាស់‌តឿន​ពួក​គេ តាម​រយៈ​ពួក​ព្យាការី​របស់​ព្រះអង្គ ប៉ុន្តែ ពួក​គេ​មិន​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ឡើយ ដូច្នេះ ព្រះអង្គ​ក៏​បាន​ប្រគល់​ពួក​គេ ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​បរទេស។ ដោយ​ព្រះអង្គ​អាណិត​អាសូរ​ពួក​គេ​យ៉ាង​ខ្លាំង ព្រះអង្គ​មិន​លុប​បំបាត់​ពួក​គេ ឬ​បោះ​បង់​ចោល​ពួក​គេ​ឡើយ ដ្បិត​ព្រះអង្គ​ជា​ព្រះ​ដែល​មាន​ព្រះ‌ហឫទ័យ ប្រណី‌សន្ដោស និង​អាណិត​អាសូរ។ ឱ​ព្រះ​នៃ​យើង​ខ្ញុំ​អើយ ព្រះអង្គ​ជា​ព្រះ​ដ៏​ឧត្ដម ប្រកប​ដោយ​ឫទ្ធា‌នុភាព​គួរ​ឲ្យ​ស្ញែង​ខ្លាច ព្រះអង្គ​តែងតែ​រក្សា​សម្ពន្ធ‌មេត្រី ហើយ​មាន​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ជានិច្ច។ ឥឡូវ​នេះ សូម​ទ្រង់​មេត្តា​ទត​មក​យើង​ខ្ញុំ ដែល​កំពុង​រង​ទុក្ខ​លំបាក គឺ​ស្ដេច​របស់​យើង​ខ្ញុំ មន្ត្រី​របស់​យើង​ខ្ញុំ បូជា‌ចារ្យ​របស់​យើង​ខ្ញុំ ព្យាការី​របស់​យើង​ខ្ញុំ ដូនតា​របស់​យើង​ខ្ញុំ និង​ប្រជា‌ជន​ទាំង​មូល​របស់​ព្រះអង្គ ចាប់​ពី​ជំនាន់​ស្ដេច​ស្រុក​អាស្ស៊ីរី រហូត​ដល់​សព្វ​ថ្ងៃ​នេះ។ ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន ដែល​កើត​មាន​ដល់​យើង​ខ្ញុំ​បញ្ជាក់​ថា ព្រះអង្គ​ប្រព្រឹត្ត​ចំពោះ​យើង​ខ្ញុំ ដោយ​យុត្តិធម៌ និង​សុចរិត​មែន ព្រោះ​យើង​ខ្ញុំ​បាន​ធ្វើ​អំពើ​អាក្រក់។ ស្ដេច​របស់​យើង​ខ្ញុំ មន្ត្រី​របស់​យើង​ខ្ញុំ បូជា‌ចារ្យ​របស់​យើង​ខ្ញុំ និង​ដូនតា​របស់​យើង​ខ្ញុំ ពុំ​ប្រតិបត្តិ​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ ហើយ​ពួក​គេ​ក៏​ពុំ​យក​ចិត្ត​ទុក​ដាក់​នឹង​បទ‌បញ្ជា ឬ​ការ​ព្រមាន​ផ្សេងៗ ដែល​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​កាន់​ពួក​គេ​ដែរ។ នៅ​គ្រា​ដែល​គេ​រស់​ក្នុង​នគរ​របស់​ខ្លួន ព្រះអង្គ​ប្រទាន​ឲ្យ​ពួក​គេ​មាន​អ្វីៗ​គ្រប់​យ៉ាង ដ៏​សម្បូណ៌​សប្បាយ ក្នុង​ទឹក​ដី​ដ៏​ទូលំ‌ទូលាយ និង​មាន​ជី‌ជាតិ​ល្អ ពួក​គេ​ពុំ​ព្រម​គោរព​បម្រើ​ព្រះអង្គ​ទេ ហើយ​ក៏​ពុំ​ព្រម​ងាក​ចេញ​ពី​អំពើ​អាក្រក់ របស់​ខ្លួន​ដែរ។ ថ្ងៃ​នេះ យើង​ខ្ញុំ​បាន​ធ្លាក់​ខ្លួន​ជា​ទាសករ! យើង​ខ្ញុំ​ធ្វើ​ជា​ទាសករ​ក្នុង​ស្រុក ដែល​ព្រះអង្គ​ប្រទាន​ឲ្យ​បុព្វបុរស​របស់​យើង​ខ្ញុំ ដើម្បី​ឲ្យ​ពួក​គេ​បរិភោគ‌ផល​ផ្លែ និង​ទទួល​ភោគ​ទ្រព្យ​នៅ​ក្នុង​ស្រុក! ប៉ុន្តែ ភោគ‌ផល​ដ៏​សម្បូណ៌​ហូរ‌ហៀរ​ទាំង​នេះ បែរ​ជា​បម្រុង​ទុក​សម្រាប់​ស្ដេច​នានា ដែល​ព្រះអង្គ​ឲ្យ​យើង​ខ្ញុំ​ធ្វើ​ជា​ចំណុះ ព្រោះ​តែ​អំពើ​បាប​របស់​យើង​ខ្ញុំ។ គេ​ត្រួត‌ត្រា​លើ​រូប​កាយ​យើង​ខ្ញុំ និង​ប្រើ‌ប្រាស់​សត្វ​ពាហនៈ​របស់​យើង​ខ្ញុំ តាម​អំពើ​ចិត្ត​របស់​គេ យើង​ខ្ញុំ​រង​ទុក្ខ​វេទនា​ខ្លាំង​ណាស់!»។ ដោយ​មាន​ហេតុ‌ការណ៍​កើត​ឡើង​ដូច្នេះ យើង​ក៏​ចុះ​កិច្ច​សន្យា​ជា​លាយ‌លក្ខណ៍​អក្សរ។ នៅ​ក្នុង​ឯក‌សារ​ដែល​មាន​បិទ​ត្រា​នោះ មាន​ចុះ​ហត្ថ‌លេខា​មេ​ដឹក​នាំ​របស់​យើង ព្រម​ទាំង​ក្រុម​លេវី និង​បូជា‌ចារ្យ។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ