នេហេមា 8:9-15

នេហេមា 8:9-15 គខប

ពេល​ប្រជា‌ជន​ទាំង​មូល​ឮ​ព្រះ‌បន្ទូល ដែល​មាន​នៅ​ក្នុង​ក្រឹត្យ‌វិន័យ ពួក​គេ​នាំ​គ្នា​យំ។ ដូច្នេះ លោក​ទេសា‌ភិបាល​នេហេមា លោក​បូជា‌ចារ្យ​អែសរ៉ា ជា​បណ្ឌិត​ខាង​វិន័យ និង​ក្រុម​លេវី ដែល​មាន​នាទី​បក​ស្រាយ​ក្រឹត្យ‌វិន័យ ពោល​ទៅ​កាន់​ប្រជា‌ជន​ទាំង​មូល​ថា៖ «ថ្ងៃ​នេះ​ជា​ថ្ងៃ​ដ៏​សក្ការៈ​ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា គឺ​មិន​មែន​ជា​ពេល​ដែល​ត្រូវ​កាន់​ទុក្ខ ឬ​សោក​សង្រេង​ឡើយ!»។ លោក​អែសរ៉ា​មាន​ប្រសាសន៍​ទៀត​ថា៖ «ចូរ​នាំ​គ្នា​ត្រឡប់​ទៅ​ពិសា​សាច់ និង​ស្រា​ដ៏​ឆ្ងាញ់ៗ ហើយ​យក​មួយ​ចំណែក​ឲ្យ​អស់​អ្នក​ដែល​មិន​ទាន់​រៀបចំ​បរិភោគ​នោះ​ផង ដ្បិត​ថ្ងៃ​នេះ​ជា​ថ្ងៃ​ដ៏​សក្ការៈ​ថ្វាយ​ព្រះ‌អម្ចាស់​នៃ​យើង មិន​ត្រូវ​កើត​ទុក្ខ​ព្រួយ​ឡើយ ព្រោះ​អំណរ​ដែល​មក​ពី​ព្រះ‌អម្ចាស់ ជា​កម្លាំង​របស់​អ្នក​រាល់​គ្នា»។ ក្រុម​លេវី​ក៏​លួង‌លោម​ប្រជា‌ជន ដោយ​ពោល​ថា៖ «សូម​បងប្អូន​ឈប់​យំ​ទៅ ដ្បិត​ថ្ងៃ​នេះ​ជា​ថ្ងៃ​ដ៏វិសុទ្ធ គឺ​មិន​ត្រូវ​កើត​ទុក្ខ​ឡើយ!»។ ប្រជា‌ជន​ទាំង​អស់​នាំ​គ្នា​ចេញ​ទៅ​បរិភោគ​អាហារ និង​ស្រា ហើយ​យក​មួយ​ចំណែក​ឲ្យ​អស់​អ្នក​ដែល​គ្មាន។ ពួក​គេ​សប្បាយ​រីក‌រាយ​យ៉ាង​ខ្លាំង ព្រោះ​តែ​បាន​យល់​ព្រះ‌បន្ទូល​ដែល​គេ​បក​ស្រាយ​ឲ្យ​ស្ដាប់។ នៅ​ថ្ងៃ​ទី​ពីរ មេ​ដឹក​នាំ​ក្រុម​គ្រួសារ​របស់​ប្រជា‌ជន​ទាំង​អស់ ព្រម​ទាំង​ក្រុម​បូជា‌ចារ្យ និង​ក្រុម​លេវី​ជួប‌ជុំ​គ្នា​នៅ​ជុំ‌វិញ​លោក​អែសរ៉ា​ជា​បណ្ឌិត​ខាង​វិន័យ ដើម្បី​រិះគិត​អំពី​ព្រះ‌បន្ទូល​ដែល​មាន​ចែង​ទុក​ក្នុង​ក្រឹត្យ‌វិន័យ។ ពួក​គេ​ឃើញ​ក្នុង​ក្រឹត្យ‌វិន័យ​ដែល​ព្រះ‌អម្ចាស់​ប្រទាន​មក​តាម​រយៈ​លោក​ម៉ូសេ​មាន​ចែង​ថា នៅ​ក្នុង​ឱកាស​ពិធី​បុណ្យ​ខែ​ទី​ប្រាំ‌ពីរ ជន‌ជាតិ​អ៊ីស្រា‌អែល​ត្រូវ​រស់​នៅ​ក្នុង​បារាំ*។ ពួក​គេ​ត្រូវ​ប្រាប់​ដំណឹង​នេះ​ឲ្យ​ប្រជា‌ជន​ទាំង​អស់​ដឹង​នៅ​តាម​ក្រុង​នានា និង​នៅ​ក្រុង​យេរូ‌សាឡឹម គឺ​ពួក​គេ​ប្រកាស​ថា “ចូរ​នាំ​គ្នា​ទៅ​តាម​ភ្នំ ហើយ​កាច់​មែក​អូលីវ​ស្រុក អូលីវ​ព្រៃ មែក​ចាក មែក​ទន្សែ និង​មែក​ឈើ​ឯ​ទៀតៗ​ដែល​មាន​ស្លឹក​ច្រើន យក​មក​សង់​បារាំ​ដូច​មាន​ចែង​ទុក”។