ពេលខ្ញុំឮពាក្យរអ៊ូរទាំរបស់អ្នកទាំងនេះ ខ្ញុំក្ដៅក្រហាយជាខ្លាំង។ ខ្ញុំក៏សម្រេចចិត្តស្ដីបន្ទោសពួកអភិជន និងពួកអ្នកគ្រប់គ្រង។ ខ្ញុំពោលទៅពួកគេថា៖ «អស់លោកឲ្យប្រាក់បងប្អូនរួមជាតិខ្ចី ដោយយកការយ៉ាងធ្ងន់បែបនេះឬ!»។ ខ្ញុំបានកោះហៅពួកគេឲ្យមកជួបជុំគ្នា ជាអង្គប្រជុំមួយយ៉ាងធំ។ ខ្ញុំពោលទៅកាន់ពួកគេថា៖ «យើងតែងតែរកគ្រប់មធ្យោបាយ ដើម្បីលោះជនរួមជាតិរបស់យើង ដែលត្រូវគេលក់ទៅឲ្យសាសន៍ដទៃ។ ចំណែកឯអស់លោកវិញ អស់លោកបែរជាយកបងប្អូនរួមជាតិរបស់ខ្លួនទៅលក់ឲ្យជនជាតិយូដាដូចគ្នា!»។ ពួកគេនៅស្ងៀមទាំងអស់គ្នា រកពាក្យឆ្លើយមិនបានឡើយ។ ខ្ញុំក៏ពោលទៀតថា៖ «អស់លោកប្រព្រឹត្តបែបនេះមិនល្អទេ! អស់លោកគួរតែរស់នៅដោយគោរពកោតខ្លាចព្រះជាម្ចាស់នៃយើង ដើម្បីកុំឲ្យសាសន៍ដទៃ ដែលជាខ្មាំងសត្រូវរបស់យើងប្រមាថមាក់ងាយយើងបាន។ ចំពោះរូបខ្ញុំផ្ទាល់ ព្រមទាំងបងប្អូន និងអ្នកបម្រើរបស់ខ្ញុំ ក៏បានឲ្យប្រាក់ និងស្រូវ ទៅពួកគេខ្ចីដែរ។ ដូច្នេះ យើងមិនត្រូវទារបំណុលពីពួកគេឡើយ។ ចូរប្រគល់ដីស្រែចម្ការទំពាំងបាយជូរ ចម្ការអូលីវ និងផ្ទះរបស់គេឲ្យគេវិញនៅថ្ងៃនេះទៅ ហើយក៏កុំទារប្រាក់ ស្រូវ ស្រា និងប្រេង ដែលអស់លោកចាត់ទុកជាការនោះដែរ»។ អ្នកទាំងនោះតបវិញថា៖ «យើងខ្ញុំសុខចិត្តប្រគល់ឲ្យពួកគេវិញ ហើយយើងខ្ញុំក៏មិនទាមទារអ្វីពីពួកគេទៀតដែរ យើងខ្ញុំធ្វើតាមពាក្យរបស់លោក»។ ពេលនោះ ខ្ញុំបានហៅអស់លោកបូជាចារ្យមក ហើយខ្ញុំឲ្យម្ចាស់បំណុលស្បថនៅមុខបូជាចារ្យទាំងនោះថា ពួកគេនឹងធ្វើតាមពាក្យសម្ដីរបស់ខ្លួន។ បន្ទាប់មក ខ្ញុំរលាស់ហោប៉ៅអាវធំរបស់ខ្ញុំ ទាំងពោលថា៖ «អ្នកណាមិនធ្វើតាមពាក្យសម្ដីរបស់ខ្លួនទេ សូមព្រះជាម្ចាស់រលាស់អ្នកនោះដូច្នេះដែរ។ សូមឲ្យគេបាត់បង់ផ្ទះសំបែង និងទ្រព្យសម្បត្តិ សូមកុំឲ្យគេនៅសល់អ្វីសោះឡើយ!»។ អង្គប្រជុំទាំងមូលឆ្លើយថា “អាម៉ែន!” រួចគេនាំគ្នាលើកតម្កើងព្រះអម្ចាស់។ បន្ទាប់មក ប្រជាជនធ្វើតាមពាក្យដែលខ្លួនបានសន្យា។ ចាប់ពីពេលដែលព្រះរាជាបានតែងតាំងខ្ញុំ ឲ្យធ្វើជាទេសាភិបាលស្រុកយូដា គឺចាប់ពីឆ្នាំទីម្ភៃរហូតដល់ឆ្នាំទីសាមសិបពីរនៃរជ្ជកាលព្រះចៅអើថាស៊ើកសេស ក្នុងរយៈពេលដប់ពីរឆ្នាំនោះ ខ្ញុំពុំបានប្រើសិទ្ធិជាទេសាភិបាល ដើម្បីហូតពន្ធពីប្រជាជនមកធ្វើជាប្រាក់បៀវត្សរ៍របស់ខ្ញុំ និងសហការីរបស់ខ្ញុំឡើយ។ ពួកទេសាភិបាលដែលកាន់កាប់ស្រុកមុនខ្ញុំ តែងតែគាបសង្កត់ប្រជាជន ជំរិតយកស្រូវ និងស្រាទំពាំងបាយជូរ ហើយថែមទាំងទារប្រាក់សែសិបណែនទៀតផង។ សូម្បីតែពួករាជការដែលធ្វើការឲ្យពួកគេ ក៏គ្រប់គ្រងលើប្រជាជន ធ្វើដូចខ្លួនជាម្ចាស់ផែនដីដែរ។ ខ្ញុំពុំបានប្រព្រឹត្តបែបនេះទេ ព្រោះខ្ញុំគោរពកោតខ្លាចព្រះជាម្ចាស់។ លើសពីនោះ ខ្ញុំយកចិត្តទុកដាក់ជួសជុលកំពែងក្រុង។ មួយវិញទៀត ខ្ញុំពុំបានឆ្លៀតឱកាសទិញដីស្រែចម្ការណាឡើយ រីឯពួកសហការីដែលជួសជុលកំពែងរួមជាមួយខ្ញុំ ក៏ធ្វើដូចខ្ញុំដែរ។ អស់អ្នកដែលបរិភោគអាហាររួមតុជាមួយខ្ញុំ មានចំនួនមួយរយហាសិបនាក់ ជាជនជាតិយូដា ដែលគ្រប់គ្រងស្រុក ហើយក្រៅពីនោះ ក៏មានភ្ញៀវមកពីប្រជាជាតិនានាដែលនៅជុំវិញដែរ។ រៀងរាល់ថ្ងៃ គេតែងសម្លាប់គោមួយ ចៀមដ៏ល្អៗចំនួនប្រាំមួយ ព្រមទាំងសត្វស្លាបឯទៀតៗ ហើយដប់ថ្ងៃម្ដង គេយកស្រាទំពាំងបាយជូរដ៏ច្រើនមកឲ្យខ្ញុំដែរ។ ខ្ញុំពុំបានប្រើសិទ្ធិជាទេសាភិបាល ទាមទារឲ្យប្រជាជនបង់ប្រាក់សម្រាប់ការចាយវាយទាំងនេះទេ ដ្បិតការជួសជុលកំពែងជាបន្ទុកយ៉ាងធ្ងន់ដល់ប្រជាជនរួចស្រេចទៅហើយ។ «ឱព្រះនៃទូលបង្គំអើយ សូមកុំភ្លេចពីការទាំងប៉ុន្មានដែលទូលបង្គំបានប្រព្រឹត្តចំពោះប្រជាជននេះ សូមមេត្តាសន្ដោសដល់ទូលបង្គំផង»។
អាន នេហេមា 5
ស្ដាប់នូវ នេហេមា 5
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: នេហេមា 5:6-19
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ