នេហេមា 4:15-23

នេហេមា 4:15-23 គខប

ខ្មាំង​សត្រូវ​ឮ​ថា ពួក​យើង​ដឹង​ខ្លួន ហើយ​ព្រះ‌ជាម្ចាស់​រំលាយ​ផែន‌ការ​របស់​ពួក​គេ។ ពួក​យើង​ក៏​វិល​ទៅ​សង់​កំពែង​ក្រុង តាម​កន្លែង​រៀងៗ​ខ្លួន​វិញ។ ចាប់​ពី​ថ្ងៃ​នោះ​មក គ្នា​ខ្ញុំ​ចំនួន​ពាក់​កណ្ដាល​ធ្វើ​កិច្ចការ​សំណង់ ហើយ​ចំនួន​ពាក់​កណ្ដាល​ទៀត​កាន់​លំពែង កាន់​ខែល កាន់​ធ្នូ និង​ប្រដាប់​ការពារ​ខ្លួន។ ពួក​មេ​ដឹក​នាំ​ជួយ​ត្រួត​មើល​កូន​ចៅ​យូដា​ទាំង​អស់​គ្នា។ អស់​អ្នក​ដែល​សង់​កំពែង អស់​អ្នក​ដែល​លី​សែង ឬ​ដឹក​ជញ្ជូន ធ្វើ​ការ​ដៃ​ម្ខាង កាន់​អាវុធ​ដៃ​ម្ខាង។ រីឯ​អ្នក​បូក​ឥដ្ឋ​វិញ គេ​ស្ពាយ​ដាវ​នៅ​នឹង​ចង្កេះ ហើយ​បំពេញ​ការ‌ងារ​របស់​ខ្លួន។ រីឯ​អ្នក​ផ្លុំ​ស្នែង​ឈរ​នៅ​ក្បែរ​ខ្ញុំ។ ខ្ញុំ​ពោល​ទៅ​កាន់​ពួក​អភិជន ពួក​អ្នក​គ្រប់‌គ្រង និង​ប្រជា‌ជន​ឯ​ទៀតៗ​ថា៖ «យើង​នៅ​សល់​កិច្ចការ​ច្រើន​ណាស់ ព្រោះ​កំពែង​វែង ហើយ​យើង​ក៏​នៅ​ឆ្ងាយ​ពី​គ្នា​ទៀត។ ហេតុ​នេះ ពេល​អ្នក​រាល់​គ្នា​ឮ​សំឡេង​ស្នែង ចូរ​ប្រមូល​គ្នា​មក​ជិត​យើង។ ព្រះ​របស់​យើង​នឹង​ប្រយុទ្ធ ដើម្បី​យើង​ទាំង​អស់​គ្នា»។ យើង​បាន​បន្ត​សំណង់​របស់​យើង​របៀប​នេះ គឺ​ពួក​យើង​ចំនួន​ពាក់​កណ្ដាល​កាន់​លំពែង តាំង​ពី​ព្រលឹម​ទល់​ព្រលប់។ នៅ​គ្រា​ដដែល​នោះ ខ្ញុំ​ពោល​ទៅ​កាន់​ប្រជា‌ជន​ទៀត​ថា៖ «នៅ​ពេល​យប់ អ្នក​រាល់​គ្នា​ត្រូវ​សម្រាក​នៅ​ក្រុង​យេរូ‌សាឡឹម​ជា​មួយ​អ្នក​បម្រើ​របស់​ខ្លួន គឺ​យើង​ត្រូវ​យាម​នៅ​ពេល​យប់ ហើយ​ធ្វើ​ការ​នៅ​ពេល​ថ្ងៃ»។ ដូច្នេះ ខ្ញុំ និង​បងប្អូន​ខ្ញុំ ព្រម​ទាំង​អ្នក​បម្រើ និង​ពួក​ទាហាន​ដែល​មក​តាម​ខ្ញុំ គ្មាន​នរណា​ម្នាក់​ដោះ​សម្លៀក‌បំពាក់​ចេញ​ឡើយ យើង​កាន់​អាវុធ​ជាប់​នឹង​ខ្លួន​ជានិច្ច។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង នេហេមា 4:15-23