នេហេមា 4

4
បច្ចា‌មិត្ត​របស់​ជន‌ជាតិ​យូដា​ចង់​បញ្ឈប់​ការ​ជួស‌ជុល
1ពេល​លោក​សាន់បា‌ឡាត់​ទទួល​ដំណឹង​ថា ពួក​យើង​ជួស‌ជុល​កំពែង​ក្រុង​ឡើង​វិញ​ដូច្នេះ គាត់​ខឹង​មួ‌ម៉ៅ​ជា​ខ្លាំង។ គាត់​ចំអក​ឲ្យ​ជន‌ជាតិ​យូដា 2ដោយ​ពោល​នៅ​មុខ​បងប្អូន​របស់​គាត់ និង​ពួក​ទាហាន​ពី​ស្រុក​សាម៉ារី​ថា៖ «តើ​ពួក​យូដា​ដ៏​ទន់​ខ្សោយ​នេះ​នាំ​គ្នា​ធ្វើ​អ្វី? ពួក​គេ​ស្មាន​ថា​ខ្លួន​អាច​សង់​កំពែង​នេះ ហើយ​ធ្វើ​យញ្ញ‌បូជា​ថ្វាយ​ព្រះ​របស់​ខ្លួន​កើត​ឬ? ពួក​គេ​បង្ហើយ​សំណង់​នៅ​ថ្ងៃ​នេះ​កើត​ឬ? ពួក​គេ​អាច​លើក​ថ្ម​ចេញ​ពី​គំនរ​ឥដ្ឋ និង​ចេញ​ពី​ផេះ មក​ដាក់​គរ​លើ​គ្នា​វិញ​កើត​ឬ?»។ 3លោក​ថូប៊ី‌យ៉ា ជា​ជន‌ជាតិ​អាំម៉ូន ដែល​នៅ​ក្បែរ​នោះ ពោល​ឡើង​ថា៖ «ទុក​ឲ្យ​ពួក​គេ​សង់​ទៅ! ពេល​ណា​កញ្ជ្រោង​ឡើង​ពី​លើ នោះ​កំពែង​ថ្ម​មុខ​ជា​រលំ​មិន​ខាន!»។
4«ឱ​ព្រះ​នៃ​យើង​ខ្ញុំ​អើយ សូម​ព្រះ‌សណ្ដាប់​ចុះ ពួក​គេ​មើល‌ងាយ​យើង​ខ្ញុំ​ខ្លាំង​ណាស់! សូម​ឲ្យ​ពាក្យ​ប្រមាថ​មាក់‌ងាយ​ទាំង​នេះ​ធ្លាក់​ទៅ​លើ​ពួក​គេ​វិញ! សូម​ឲ្យ​ខ្មាំង​សត្រូវ​រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ​របស់​ពួក​គេ និង​កៀរ​ពួក​គេ​ទៅ​ជា​ឈ្លើយ 5សូម​កុំ​លើក‌លែង​ទោស​ពួក​គេ​ឡើយ ហើយ​ក៏​កុំ​លុប​បំបាត់​អំពើ​បាប​របស់​ពួក​គេ ចេញ​ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ​ដែរ ដ្បិត​ពួក​គេ​បាន​ជេរ​ប្រមាថ​យើង​ខ្ញុំ ជា​អ្នក​សង់​កំពែង​ក្រុង​នេះ​ឡើង​វិញ»។
6ពួក​យើង​នាំ​គ្នា​សង់​កំពែង​ក្រុង​ឡើង​វិញ រហូត​ដល់​បាន​កម្ពស់​ពាក់​កណ្ដាល ដ្បិត​ប្រជា‌ជន​ខំ​ប្រឹង​ខ្នះ‌ខ្នែង​ធ្វើ​ការ​នេះ​ដោយ​ស្មោះ​អស់​ពី​ចិត្ត។
7ប៉ុន្តែ ពេល​លោក​សាន់បា‌ឡាត់ លោក​ថូប៊ី‌យ៉ា ព្រម​ទាំង​ជន‌ជាតិ​អារ៉ាប់ ជន‌ជាតិ​អាំម៉ូន និង​អ្នក​ស្រុក​អាស‌ដូឌ ទទួល​ដំណឹង​ថា ការ​ជួស‌ជុល​កំពែង​ក្រុង​យេរូ‌សាឡឹម មាន​ដំណើរ​ការ​ល្អ ហើយ​កន្លែង​ដែល​បាក់​បែក​ចាប់​ផ្ដើម​ភ្ជិត​ឡើង​វិញ នោះ​ពួក​គេ​ខឹង​ជា​ខ្លាំង។ 8ពួក​គេ​លើក​គ្នា​មក​វាយ​លុក​ក្រុង​យេរូ‌សាឡឹម ដើម្បី​បង្ក​ឲ្យ​មាន​ការ​ខូច​ខាត។
9ពេល​នោះ យើង​ក៏​ទូល‌អង្វរ​ព្រះ​នៃ​យើង រួច​ចាត់​ចែង​ឲ្យ​មាន​អ្នក​យាម‌ល្បាត​ទាំង​ថ្ងៃ ទាំង​យប់ ដើម្បី​ការពារ​ក្រុង ក្រែង​ពួក​គេ​វាយ​លុក។ 10ប៉ុន្តែ ជន‌ជាតិ​យូដា​ពោល​ថា៖ «កម្លាំង​អ្នក​លី​សែង​កាន់​តែ​ចុះ​អន់‌ថយ​ទៅៗ គំនរ​ថ្ម​ដែល​បាក់​បែក​នោះ​មាន​ច្រើន​ពេក យើង​ពុំ​អាច​សង់​កំពែង​ក្រុង​បាន​ឡើយ»។
11បច្ចា‌មិត្ត​របស់​ពួក​យើង​ពោល​ថា៖ «ពួក​គេ​មិន​ដឹង​ខ្លួន មិន​ឃើញ​អ្វី​ទាំង​អស់ យើង​នឹង​លប​ចូល​ទៅ​ដល់​កណ្ដាល​ចំណោម​ពួក​គេ ហើយ​សម្លាប់​ពួក​គេ ដើម្បី​បញ្ឈប់​កិច្ចការ​របស់​ពួក​គេ»។
12ពេល​នោះ ជន‌ជាតិ​យូដា​ដែល​រស់​នៅ​ក្បែរ​ពួក​គេ បាន​នាំ​គ្នា​មក​ប្រាប់​យើង​ដល់​ទៅ​ដប់​ដង​ថា សត្រូវ​លើក​គ្នា​ពី​គ្រប់​ទិស‌ទី​មក​វាយ​ប្រហារ​ពួក​យើង។ 13ហេតុ​នេះ ខ្ញុំ​ក៏​ដាក់​ប្រជា‌ជន​តាម​អំបូរ​របស់​ពួក​គេ ឲ្យ​ឈរ​យាម​នៅ​ពី​ក្រោយ​កំពែង ទាំង​កាន់​ដាវ កាន់​លំពែង និង​ធ្នូ។ 14ពេល​ពិនិត្យ​សព្វ​គ្រប់​ហើយ ខ្ញុំ​ក៏​ក្រោក​ឡើង​ពោល​ទៅ​កាន់​ពួក​អភិជន ពួក​អ្នក​គ្រប់‌គ្រង និង​ប្រជា‌ជន​ឯ​ទៀតៗ​ថា៖ «កុំ​ភ័យ​ខ្លាច​ពួក​គេ​ឡើយ! សូម​ចង​ចាំ​ថា ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​ឧត្ដុង្គ‌ឧត្ដម​គួរ​ស្ញែង​ខ្លាច។ ដូច្នេះ ចូរ​នាំ​គ្នា​ប្រយុទ្ធ​ការ‌ពារ​បងប្អូន កូន​ប្រុស កូន​ស្រី ភរិយា និង​ផ្ទះ​សំបែង​របស់​អ្នក​រាល់​គ្នា!»។
15ខ្មាំង​សត្រូវ​ឮ​ថា ពួក​យើង​ដឹង​ខ្លួន ហើយ​ព្រះ‌ជាម្ចាស់​រំលាយ​ផែន‌ការ​របស់​ពួក​គេ។ ពួក​យើង​ក៏​វិល​ទៅ​សង់​កំពែង​ក្រុង តាម​កន្លែង​រៀងៗ​ខ្លួន​វិញ។ 16ចាប់​ពី​ថ្ងៃ​នោះ​មក គ្នា​ខ្ញុំ​ចំនួន​ពាក់​កណ្ដាល​ធ្វើ​កិច្ចការ​សំណង់ ហើយ​ចំនួន​ពាក់​កណ្ដាល​ទៀត​កាន់​លំពែង កាន់​ខែល កាន់​ធ្នូ និង​ប្រដាប់​ការពារ​ខ្លួន។ ពួក​មេ​ដឹក​នាំ​ជួយ​ត្រួត​មើល​កូន​ចៅ​យូដា​ទាំង​អស់​គ្នា។ 17អស់​អ្នក​ដែល​សង់​កំពែង អស់​អ្នក​ដែល​លី​សែង ឬ​ដឹក​ជញ្ជូន ធ្វើ​ការ​ដៃ​ម្ខាង កាន់​អាវុធ​ដៃ​ម្ខាង។ 18រីឯ​អ្នក​បូក​ឥដ្ឋ​វិញ គេ​ស្ពាយ​ដាវ​នៅ​នឹង​ចង្កេះ ហើយ​បំពេញ​ការ‌ងារ​របស់​ខ្លួន។ រីឯ​អ្នក​ផ្លុំ​ស្នែង​ឈរ​នៅ​ក្បែរ​ខ្ញុំ។ 19ខ្ញុំ​ពោល​ទៅ​កាន់​ពួក​អភិជន ពួក​អ្នក​គ្រប់‌គ្រង និង​ប្រជា‌ជន​ឯ​ទៀតៗ​ថា៖ «យើង​នៅ​សល់​កិច្ចការ​ច្រើន​ណាស់ ព្រោះ​កំពែង​វែង ហើយ​យើង​ក៏​នៅ​ឆ្ងាយ​ពី​គ្នា​ទៀត។ 20ហេតុ​នេះ ពេល​អ្នក​រាល់​គ្នា​ឮ​សំឡេង​ស្នែង ចូរ​ប្រមូល​គ្នា​មក​ជិត​យើង។ ព្រះ​របស់​យើង​នឹង​ប្រយុទ្ធ ដើម្បី​យើង​ទាំង​អស់​គ្នា»។ 21យើង​បាន​បន្ត​សំណង់​របស់​យើង​របៀប​នេះ គឺ​ពួក​យើង​ចំនួន​ពាក់​កណ្ដាល​កាន់​លំពែង តាំង​ពី​ព្រលឹម​ទល់​ព្រលប់។ 22នៅ​គ្រា​ដដែល​នោះ ខ្ញុំ​ពោល​ទៅ​កាន់​ប្រជា‌ជន​ទៀត​ថា៖ «នៅ​ពេល​យប់ អ្នក​រាល់​គ្នា​ត្រូវ​សម្រាក​នៅ​ក្រុង​យេរូ‌សាឡឹម​ជា​មួយ​អ្នក​បម្រើ​របស់​ខ្លួន គឺ​យើង​ត្រូវ​យាម​នៅ​ពេល​យប់ ហើយ​ធ្វើ​ការ​នៅ​ពេល​ថ្ងៃ»។ 23ដូច្នេះ ខ្ញុំ និង​បងប្អូន​ខ្ញុំ ព្រម​ទាំង​អ្នក​បម្រើ និង​ពួក​ទាហាន​ដែល​មក​តាម​ខ្ញុំ គ្មាន​នរណា​ម្នាក់​ដោះ​សម្លៀក‌បំពាក់​ចេញ​ឡើយ យើង​កាន់​អាវុធ​ជាប់​នឹង​ខ្លួន​ជានិច្ច។

ទើបបានជ្រើសរើសហើយ៖

នេហេមា 4: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល