ណាហ៊ូម 3:6-19

ណាហ៊ូម 3:6-19 គខប

យើង​នឹង​បោះ​សំរាមលើ​នាង យើង​នឹង​ឲ្យ​នាង​ធ្លាក់​ក្នុង​ភក់​ជ្រាំ ទុក​ជា​ការ​ព្រមាន​ដល់​អ្នក​ឯ​ទៀតៗ។ ពេល​គេ​ឃើញ​នាង គេ​នឹង​រត់​ចេញ​ឆ្ងាយ ទាំង​ពោល​ថា: “នីនីវេ​វិនាស​ហើយ គ្មាន​នរណា​អាណិត​នាង គ្មាន​នរណា​សម្រាល​ទុក្ខ​នាង​ទេ!”។ នីនីវេ​អើយ នាង​មិន​ប្រសើរ​ជាង​នរ-‌អាម៉ូន ជា​ក្រុង​ស្ថិត​នៅ​តាម​ដៃ​ទន្លេ មាន​ទឹក​ព័ទ្ធ​ជុំ‌វិញ ព្រម​ទាំង​មាន​សមុទ្រ​ធ្វើ​ជា​កំពែង​នោះ​ឡើយ។ ស្រុក​អេត្យូ‌ពី និង​ស្រុក​អេស៊ីប ជា​កម្លាំង​ដែល​មិន​ចេះ​សាប‌សូន្យ​របស់​គេ រីឯ​អ្នក​ស្រុក​ពូថ និង​អ្នក​ស្រុក​លីប៊ី ក៏​ជា​បរិវារ​របស់​គេ​ដែរ។ ទោះ​បី​យ៉ាង​នេះ​ក្ដី ក៏​នរ-‌អាម៉ូន ត្រូវ​ខ្មាំង​កៀរ​ទៅ​ជា​ឈ្លើយ​ដែរ។ ទារក​របស់​គេ​ត្រូវ​ខ្មាំង​ជាន់​សម្លាប់​នៅ​តាម​ផ្លូវ ពួក​អ្នក​ធំ​របស់​គេ​ត្រូវ​ខ្មាំង​ចាប់​ឆ្នោត​ចែក​គ្នា មេ​ដឹក​នាំ​របស់​គេ​ជាប់​ច្រវាក់​ទាំង​អស់​គ្នា។ ចំណែក​ឯ​នាង​វិញ​ក៏​ដូច្នោះ​ដែរ នាង​នឹង​ឈឺ​ចាប់​យ៉ាង​ខ្លាំង នាង​នឹង​លិច​លង់ នាង​នឹង​ស្វែង​រក​កន្លែង​ពួន ឲ្យ​រួច​ផុត​ពី​ខ្មាំង​សត្រូវ។ បន្ទាយ​ទាំង​ប៉ុន្មាន​របស់​នាង ប្រៀប​បី​ដូច​ជា​ផ្លែ​ឧទុម្ពរ​ទុំ ពេល​គេ​អង្រួន​ដើម​វា ផ្លែ​នឹង​ជ្រុះ​ទៅ​ក្នុង​មាត់​របស់​អស់​អ្នក​ដែល ចង់​បរិភោគ។ កង‌ទ័ព​របស់​នាង​នៅ​សល់​តែ​ស្រីៗ​ប៉ុណ្ណោះ ទ្វារ​កំពែង​របស់​នាង​នឹង​បើក​ចំហ ឲ្យ​ខ្មាំង​ចូល ព្រោះ​ភ្លើង​ឆេះ​រនុក​វា​អស់។ ក្រុង​នីនីវេ​អើយ ចូរ​ដង​ទឹក​បង្ការ​ទុក​ទៅ ដ្បិត​សត្រូវ​ឡោម‌ព័ទ្ធ​អ្នក​ហើយ! ចូរ​ជួស‌ជុល​កំពែង​ក្រុង ចូរ​ចុះ​ទៅ​ក្នុង​ភក់ ចូរ​រៀបចំ​ដី​ឥដ្ឋ និង​រៀបចំ​ឡ​ដុត​ឥដ្ឋ​ឡើង​វិញ។ ប៉ុន្តែ អ្នក​នឹង​បាត់​បង់​ជីវិត​នៅ​ក្នុង​ភ្លើង អ្នក​នឹង​ស្លាប់​ដោយ​មុខ​ដាវ ដូច​ស្លឹក​ឈើ​ត្រូវ​ដង្កូវ​ស៊ី​បង្ហិន។ ចូរ​ប្រមូល​ផ្ដុំ​គ្នា​ដូច​ដង្កូវ ចូរ​ប្រមូល​ផ្ដុំ​គ្នា​ដូច​ចង្រិត! ពួក​ជំនួញ​របស់​អ្នក​មាន​ចំនួន​ច្រើន ជាង​ផ្កាយ​នៅ​លើ​មេឃ​ទៅ​ទៀត ពួក​គេ​ប្រៀប​ដូច​ជា​ចង្រិត​ត្រដាង​ស្លាប ហើរ​ចេញ​ទៅ។ នាម៉ឺន​របស់​អ្នក​មាន​ចំនួន​ច្រើន​ដូច​ហ្វូង​កណ្ដូប ពួក​រាជការ​របស់​អ្នក​មាន​ចំនួន​ច្រើន ដូច​ឃ្មុំ​ដែល​ធ្វើ​សំបុក​តាម​របង​ផ្ទះ នៅ​ពេល​រងា។ ពេល​ថ្ងៃ​រះ​វា​ហើរ​ទៅ​បាត់​អស់ គ្មាន​នរណា​ដឹង​ថា វា​ធ្លាប់​ទំ​នៅ​កន្លែង​ណា​ទេ។ ស្ដេច​ស្រុក​អាស្ស៊ីរី​អើយ មេ‌ទ័ព​របស់​អ្នក​ស្លាប់​បាត់​អស់​ហើយ នាយ​ទាហាន​របស់​អ្នក​ក៏​លែង​កម្រើក​រហូត កង‌ពល​របស់​អ្នក​ខ្ចាត់​ព្រាត់​ទៅ​នៅ​តាម​ភ្នំ គ្មាន​នរណា​ប្រមូល​ផ្ដុំ​ពួក​គេ​ឡើយ។ គ្មាន​អ្វី​ព្យាបាល​អ្នក​ឲ្យ​ជា​សះ‌ស្បើយ​បាន​ទេ ព្រោះ​អ្នក​ត្រូវ​របួស​ធ្ងន់‌ធ្ងរ​ពេក។ អស់​អ្នក​ដែល​ឮ​ដំណឹង​អំពី​មហន្ត‌រាយ​របស់​អ្នក នឹង​នាំ​គ្នា​ទះ​ដៃ​អរ ដ្បិត​មនុស្ស​គ្រប់ៗ​គ្នា​សុទ្ធ​តែ​បាន​រង​នូវ អំពើ​ឃោរ‌ឃៅ​របស់​អ្នក។