ប្រាំមួយថ្ងៃក្រោយមក ព្រះយេស៊ូនាំលោកពេត្រុស លោកយ៉ាកុប និងលោកយ៉ូហាន ឡើងទៅលើភ្នំ គឺព្រះអង្គនាំតែលោកទាំងបីទៅដាច់ឡែកពីគេ។ ពេលនោះ ព្រះអង្គប្រែជាមានទ្រង់ទ្រាយប្លែកពីមុននៅមុខសិស្ស*ទាំងបីនាក់ គឺព្រះពស្ដ្ររបស់ព្រះអង្គត្រឡប់ជាមានពណ៌សភ្លឺត្រចះត្រចង់ ដែលគ្មានមនុស្សណានៅលើផែនដីអាចធ្វើឲ្យសយ៉ាងនេះបានឡើយ។ ពេលនោះ សិស្សទាំងបីនាក់ឃើញព្យាការី*អេលីយ៉ា និងលោកម៉ូសេ* សន្ទនាជាមួយព្រះយេស៊ូ។ លោកពេត្រុសទូលព្រះអង្គថា៖ «ព្រះគ្រូ! យើងខ្ញុំបាននៅទីនេះប្រសើរណាស់ យើងខ្ញុំនឹងសង់ជម្រកបី គឺមួយសម្រាប់ព្រះគ្រូ មួយសម្រាប់លោកម៉ូសេ និងមួយទៀតសម្រាប់លោកអេលីយ៉ា»។ លោកពេត្រុសមានប្រសាសន៍ដូច្នេះ មកពីលោកពុំដឹងថាចង់និយាយអំពីអ្វីឡើយ ដ្បិតសិស្សទាំងបីភ័យខ្លាចយ៉ាងខ្លាំង។ ពេលនោះ ស្រាប់តែមានពពក*មកគ្របបាំងគេទាំងអស់គ្នា មានព្រះសូរសៀងបន្លឺពីក្នុងពពកមកថា៖ «នេះជាបុត្រដ៏ជាទីស្រឡាញ់របស់យើង ចូរស្ដាប់ព្រះអង្គចុះ!»។ រំពេចនោះ ពួកសិស្សក្រឡេកមើលជុំវិញខ្លួន ពុំឃើញនរណាទៀតឡើយ ឃើញតែព្រះយេស៊ូមួយព្រះអង្គប៉ុណ្ណោះដែលគង់ជាមួយគេ។ ពេលព្រះយេស៊ូយាងចុះពីលើភ្នំជាមួយសិស្សទាំងបី ព្រះអង្គហាមប្រាមគេមិនឲ្យនិយាយអំពីហេតុការណ៍ ដែលខ្លួនបានឃើញប្រាប់នរណាឡើយ រហូតដល់បុត្រមនុស្សរស់ឡើងវិញ។ អ្នកទាំងបីធ្វើតាមព្រះបន្ទូលរបស់ព្រះអង្គ តែសាកសួរគ្នាថា៖ «តើ“រស់ឡើងវិញ” មានន័យដូចម្ដេច?»។ បន្ទាប់មក គេទូលសួរព្រះអង្គថា៖ «ហេតុដូចម្ដេចបានជាពួកអាចារ្យចេះតែនិយាយថា ព្យាការីអេលីយ៉ាត្រូវអញ្ជើញមកមុន?»។ ព្រះអង្គមានព្រះបន្ទូលតបទៅគេថា៖ «ព្យាការីអេលីយ៉ាអញ្ជើញមកមុនមែន ដើម្បីរៀបចំសព្វគ្រប់ទាំងអស់ឡើងវិញ។ ប៉ុន្តែ ហេតុអ្វីបានជាមានចែងទុកក្នុងគម្ពីរថា បុត្រមនុស្សត្រូវរងទុក្ខលំបាកជាច្រើន ព្រមទាំងត្រូវគេមើលងាយផងដូច្នេះ? ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ព្យាការីអេលីយ៉ាបានអញ្ជើញមករួចហើយ តែពួកគេបានធ្វើបាបលោកសព្វបែបយ៉ាងតាមអំពើចិត្តរបស់គេ ដូចមានចែងទុកក្នុងគម្ពីរអំពីលោកស្រាប់»។ ព្រះយេស៊ូ និងអ្នកទាំងបី បានមកជួបសិស្សឯទៀតៗ ព្រះអង្គទតឃើញបណ្ដាជនច្រើនកុះករឈរនៅជុំវិញសិស្សទាំងនោះ ហើយឃើញពួកអាចារ្យ*ជជែកជាមួយគេផង។ កាលបណ្ដាជនឃើញព្រះយេស៊ូ គេស្រឡាំងកាំងគ្រប់គ្នា ហើយរត់ទៅថ្វាយបង្គំព្រះអង្គ។ ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «តើអ្នករាល់គ្នាជជែកជាមួយគេអំពីរឿងអ្វី?»។ ក្នុងចំណោមបណ្ដាជន មានបុរសម្នាក់ទូលព្រះអង្គថា៖ «លោកគ្រូ! ខ្ញុំប្របាទនាំកូនប្រុសរបស់ខ្ញុំប្របាទមករកលោកគ្រូ ដ្បិតវាមានវិញ្ញាណអាក្រក់ក្នុងខ្លួន ធ្វើឲ្យគនិយាយពុំរួច។ នៅទីណាក៏ដោយ ពេលវិញ្ញាណអាក្រក់ចូលម្ដងៗ វាផ្ដួលកូនខ្ញុំប្របាទលើដីឲ្យបែកពពុះមាត់ សង្កៀតធ្មេញ ហើយរឹងខ្លួន។ ខ្ញុំប្របាទបានសុំសិស្សរបស់លោកឲ្យដេញវិញ្ញាណអាក្រក់នេះដែរ ប៉ុន្តែ គេពុំអាចដេញវាចេញបានសោះ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅបណ្ដាជនថា៖ «នែ៎! ពួកមនុស្សពុំព្រមជឿអើយ! តើត្រូវឲ្យខ្ញុំទ្រាំនៅជាមួយអ្នករាល់គ្នាដល់ពេលណាទៀត? ចូរនាំក្មេងនោះមកឲ្យខ្ញុំ»។ គេក៏នាំវាចូលមកជិតព្រះយេស៊ូ។ កាលវិញ្ញាណអាក្រក់ឃើញព្រះអង្គ វាផ្ដួលក្មេងនោះឲ្យប្រកាច់ប្រកិន ព្រមទាំងននៀលបែកពពុះមាត់។ ព្រះយេស៊ូសួរទៅឪពុកថា៖ «តើវាវេទនាបែបនេះតាំងពីអង្កាល់មក?»។ ឪពុកតបថា៖ «តាំងតែពីតូចម៉្លេះ។ វិញ្ញាណអាក្រក់ធ្វើឲ្យវាដួលលើភ្លើង ឲ្យវាធ្លាក់ក្នុងទឹកជាច្រើនលើកច្រើនសា ចង់ឲ្យវាបាត់បង់ជីវិត។ ប្រសិនបើលោកអាចធ្វើបាន សូមមេត្តាជួយយើងខ្ញុំ សូមអាណិតអាសូរយើងខ្ញុំផង»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ហេតុអ្វីបានជាអ្នកពោលថា “ប្រសិនបើលោកអាចជួយបាន” ដូច្នេះ? ព្រះជាម្ចាស់អាចសម្រេចកិច្ចការសព្វគ្រប់ទាំងអស់ដល់អ្នកជឿ»។ ឪពុករបស់ក្មេងបន្លឺសំឡេងឡើងភ្លាមថា៖ «ខ្ញុំប្របាទជឿហើយ! សូមមេត្តាជួយឲ្យខ្ញុំប្របាទ ដែលជាអ្នកមិនជឿនេះផង!»។ ពេលនោះ ព្រះយេស៊ូទតឃើញបណ្ដាជនរត់មក ព្រះអង្គក៏គំរាមវិញ្ញាណអាក្រក់ដោយបញ្ជាថា៖ «នែ៎វិញ្ញាណគថ្លង់! យើងសុំប្រាប់ថា ចេញពីក្មេងនេះទៅ កុំចូលវាទៀតឲ្យសោះ!»។ វាក៏ស្រែកឡើង ព្រមទាំងធ្វើឲ្យក្មេងនោះប្រកាច់ប្រកិនយ៉ាងខ្លាំង រួចចេញទៅ។ ពេលនោះ ក្មេងនៅដេកស្ដូកស្ដឹងដូចមនុស្សស្លាប់ ធ្វើឲ្យមនុស្សជាច្រើនស្មានថាវាស្លាប់បាត់ទៅហើយ។ រីឯព្រះយេស៊ូវិញ ព្រះអង្គចាប់ដៃវាលើកឡើង ក្មេងនោះក៏ក្រោកឈរ។ កាលព្រះយេស៊ូយាងចូលទៅក្នុងផ្ទះ ពួកសិស្ស*ទូលសួរព្រះអង្គ ដាច់ឡែកពីគេថា៖ «ហេតុអ្វីបានជាយើងខ្ញុំពុំអាចដេញវិញ្ញាណអាក្រក់នេះចេញបាន?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «គេអាចដេញវិញ្ញាណប្រភេទនេះបាន លុះត្រាតែអធិស្ឋាន*»។
អាន ម៉ាកុស 9
ស្ដាប់នូវ ម៉ាកុស 9
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាកុស 9:2-29
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ