ម៉ាកុស 9:17-27

ម៉ាកុស 9:17-27 គខប

ក្នុង​ចំណោម​បណ្ដា‌ជន មាន​បុរស​ម្នាក់​ទូល​ព្រះអង្គ​ថា៖ «លោក​គ្រូ! ខ្ញុំ​ប្របាទ​នាំ​កូន​ប្រុស​របស់​ខ្ញុំ​ប្របាទ​មក​រក​លោក​គ្រូ ដ្បិត​វា​មាន​វិញ្ញាណ​អាក្រក់​ក្នុង​ខ្លួន ធ្វើ​ឲ្យ​គ​និយាយ​ពុំ​រួច។ នៅ​ទី​ណា​ក៏​ដោយ ពេល​វិញ្ញាណ​អាក្រក់​ចូល​ម្ដងៗ វា​ផ្ដួល​កូន​ខ្ញុំ​ប្របាទ​លើ​ដី​ឲ្យ​បែក​ពពុះ​មាត់ សង្កៀត​ធ្មេញ ហើយ​រឹង​ខ្លួន។ ខ្ញុំ​ប្របាទ​បាន​សុំ​សិស្ស​របស់​លោក​ឲ្យ​ដេញ​វិញ្ញាណ​អាក្រក់​នេះ​ដែរ ប៉ុន្តែ គេ​ពុំ​អាច​ដេញ​វា​ចេញ​បាន​សោះ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​បណ្ដា‌ជន​ថា៖ «នែ៎! ពួក​មនុស្ស​ពុំ​ព្រម​ជឿ​អើយ! តើ​ត្រូវ​ឲ្យ​ខ្ញុំ​ទ្រាំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ដល់​ពេល​ណា​ទៀត? ចូរ​នាំ​ក្មេង​នោះ​មក​ឲ្យ​ខ្ញុំ»។ គេ​ក៏​នាំ​វា​ចូល​មក​ជិត​ព្រះ‌យេស៊ូ។ កាល​វិញ្ញាណ​អាក្រក់​ឃើញ​ព្រះអង្គ វា​ផ្ដួល​ក្មេង​នោះ​ឲ្យ​ប្រកាច់‌ប្រកិន ព្រម​ទាំង​ននៀល​បែក​ពពុះ​មាត់។ ព្រះ‌យេស៊ូ​សួរ​ទៅ​ឪពុក​ថា៖ «តើ​វា​វេទនា​បែប​នេះ​តាំង​ពី​អង្កាល់​មក?»។ ឪពុក​តប​ថា៖ «តាំង​តែ​ពី​តូច​ម៉្លេះ។ វិញ្ញាណ​អាក្រក់​ធ្វើ​ឲ្យ​វា​ដួល​លើ​ភ្លើង ឲ្យ​វា​ធ្លាក់​ក្នុង​ទឹក​ជា​ច្រើន​លើក​ច្រើន​សា ចង់​ឲ្យ​វា​បាត់​បង់​ជីវិត។ ប្រសិន​បើ​លោក​អាច​ធ្វើ​បាន សូម​មេត្តា​ជួយ​យើង​ខ្ញុំ សូម​អាណិត​អាសូរ​យើង​ខ្ញុំ​ផង»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ពោល​ថា “ប្រសិន​បើ​លោក​អាច​ជួយ​បាន” ដូច្នេះ? ព្រះ‌ជាម្ចាស់​អាច​សម្រេច​កិច្ចការ​សព្វ​គ្រប់​ទាំង​អស់​ដល់​អ្នក​ជឿ»។ ឪពុក​របស់​ក្មេង​បន្លឺ​សំឡេង​ឡើង​ភ្លាម​ថា៖ «ខ្ញុំ​ប្របាទ​ជឿ​ហើយ! សូម​មេត្តា​ជួយ​ឲ្យ​ខ្ញុំ​ប្របាទ ដែល​ជា​អ្នក​មិន​ជឿ​នេះ​ផង!»។ ពេល​នោះ ព្រះ‌យេស៊ូ​ទត​ឃើញ​បណ្ដា‌ជន​រត់​មក ព្រះអង្គ​ក៏​គំរាម​វិញ្ញាណ​អាក្រក់​ដោយ​បញ្ជា​ថា៖ «នែ៎​វិញ្ញាណ​គ​ថ្លង់! យើង​សុំ​ប្រាប់​ថា ចេញ​ពី​ក្មេង​នេះ​ទៅ កុំ​ចូល​វា​ទៀត​ឲ្យ​សោះ!»។ វា​ក៏​ស្រែក​ឡើង ព្រម​ទាំង​ធ្វើ​ឲ្យ​ក្មេង​នោះ​ប្រកាច់‌ប្រកិន​យ៉ាង​ខ្លាំង រួច​ចេញ​ទៅ។ ពេល​នោះ ក្មេង​នៅ​ដេក​ស្ដូក‌ស្ដឹង​ដូច​មនុស្ស​ស្លាប់ ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ស្មាន​ថា​វា​ស្លាប់​បាត់​ទៅ​ហើយ។ រីឯ​ព្រះ‌យេស៊ូ​វិញ ព្រះអង្គ​ចាប់​ដៃ​វា​លើក​ឡើង ក្មេង​នោះ​ក៏​ក្រោក​ឈរ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ម៉ាកុស 9:17-27

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ