នៅពេលនោះ បណ្ដាជនយ៉ាងច្រើនកុះករមកប្រជុំគ្នាសាជាថ្មីម្ដងទៀត។ ដោយគេគ្មានអ្វីបរិភោគ ព្រះយេស៊ូត្រាស់ហៅពួកសិស្ស*មក មានព្រះបន្ទូលថា៖ «ខ្ញុំអាណិតអាសូរបណ្ដាជននេះពន់ពេកណាស់ ដ្បិតគេនៅជាមួយខ្ញុំអស់រយៈពេលបីថ្ងៃមកហើយ ហើយគ្មានអ្វីបរិភោគសោះ។ ប្រសិនបើខ្ញុំឲ្យគេត្រឡប់ទៅផ្ទះវិញ ទាំងពោះទទេ គេមុខជាអស់កម្លាំងដួលតាមផ្លូវមិនខាន ព្រោះអ្នកខ្លះបានធ្វើដំណើរមកពីស្រុកឆ្ងាយ»។ ពួកសិស្សទូលព្រះអង្គថា៖ «ទីនេះស្ងាត់ណាស់ តើរកម្ហូបអាហារឯណាឲ្យគេបរិភោគឆ្អែតគ្រប់គ្នាបាន?»។ ព្រះយេស៊ូមានព្រះបន្ទូលសួរថា៖ «តើអ្នករាល់គ្នាមាននំប៉័ងប៉ុន្មានដុំ?»។ ពួកគេទូលថា៖ «មានប្រាំពីរដុំ»។ ព្រះអង្គក៏ប្រាប់បណ្ដាជនឲ្យអង្គុយផ្ទាល់នឹងដី ព្រះអង្គយកនំប៉័ងទាំងប្រាំពីរដុំមកកាន់ អរព្រះគុណព្រះជាម្ចាស់ ហើយកាច់ប្រទានឲ្យពួកសិស្ស*ចែកបណ្ដាជន។ គេមានត្រីតូចៗខ្លះដែរ។ ព្រះយេស៊ូអរព្រះគុណព្រះជាម្ចាស់ រួចប្រាប់ពួកសិស្សឲ្យចែកត្រីទាំងនោះដល់គេ។ គេបានបរិភោគឆ្អែតទាំងអស់គ្នា ហើយប្រមូលនំប៉័ង និងត្រីដែលនៅសល់ បានប្រាំពីរជាល។ នៅពេលនោះ មានមនុស្សទាំងអស់ប្រមាណជាបួនពាន់នាក់។ បន្ទាប់មក ព្រះយេស៊ូប្រាប់គេឲ្យវិលត្រឡប់ទៅផ្ទះវិញ។ ភ្លាមនោះ ព្រះអង្គយាងចុះទូកជាមួយពួកសិស្សឆ្ពោះទៅតំបន់ដាល់ម៉ានូថា ។ ពួកខាងគណៈផារីស៊ី*មកដល់ ហើយនាំគ្នាជជែកជាមួយព្រះយេស៊ូ ដើម្បីល្បងលមើលព្រះអង្គ គេសូមឲ្យព្រះអង្គសម្តែងទីសម្គាល់ដ៏អស្ចារ្យអ្វីមួយបញ្ជាក់ថា ព្រះអង្គបានទទួលអំណាចពីព្រះជាម្ចាស់។ ព្រះយេស៊ូដកដង្ហើមធំ រួចមានព្រះបន្ទូលថា៖ «ហេតុអ្វីបានជាមនុស្សជំនាន់នេះចង់ឃើញទីសម្គាល់ដូច្នេះ? ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ព្រះជាម្ចាស់មិនឲ្យគេឃើញទីសម្គាល់ណាឡើយ»។ បន្ទាប់មក ព្រះអង្គយាងចាកចេញពីគេ ចុះទូកឆ្លងទៅត្រើយម្ខាងវិញ។ ពួកសិស្សភ្លេចយកនំប៉័ងទៅជាមួយ។ ក្នុងទូកគេមាននំប៉័ងតែមួយដុំប៉ុណ្ណោះ។ ព្រះយេស៊ូមានព្រះបន្ទូលដាស់តឿនគេថា៖ «ចូរអ្នករាល់គ្នាប្រុងប្រយ័ត្ននឹងមេម្សៅរបស់ពួកផារីស៊ី* ព្រមទាំងមេម្សៅរបស់ស្ដេចហេរ៉ូដ ឲ្យមែនទែន»។ ពួកសិស្ស*ជជែកគ្នាថា៖ «លោកមានប្រសាសន៍ដូច្នេះ មកពីយើងគ្មាននំប៉័ងទេដឹង!»។ ព្រះយេស៊ូជ្រាបគំនិតពួកគេ ក៏មានព្រះបន្ទូលថា៖ «ម្ដេចក៏ជជែកគ្នាអំពីរឿងគ្មាននំប៉័ងដូច្នេះ? តើអ្នករាល់គ្នាពុំទាន់ស្ដាប់បាន ពុំទាន់យល់សេចក្ដីទេឬ? ឬមួយអ្នករាល់គ្នាមានចិត្តរឹងរូស? អ្នករាល់គ្នាមានភ្នែកតែមើលមិនឃើញ មានត្រចៀកតែស្ដាប់មិនឮឬ!។ តើអ្នករាល់គ្នាចាំឬទេ? កាលខ្ញុំកាច់នំប៉័ងប្រាំដុំចែកឲ្យមនុស្សប្រាំពាន់នាក់ តើអ្នករាល់គ្នាប្រមូលនំប៉័ងដែលសល់បានប៉ុន្មានល្អី?»។ គេទូលព្រះអង្គថា៖ «ដប់ពីរល្អី»។ «ចុះកាលខ្ញុំកាច់នំប៉័ងប្រាំពីរដុំ ចែកឲ្យមនុស្សបួនពាន់នាក់ តើអ្នករាល់គ្នាប្រមូលបានប៉ុន្មានជាល?»។ គេទូលថា៖ «ប្រាំពីរជាល»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នានៅតែពុំទាន់យល់ទៀតឬ!»។
អាន ម៉ាកុស 8
ស្ដាប់នូវ ម៉ាកុស 8
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាកុស 8:1-21
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ