បន្ទាប់មក ព្រះយេស៊ូត្រាស់ហៅបណ្ដាជនមកម្ដងទៀត រួចមានព្រះបន្ទូលទៅគេថា៖ «ចូរស្ដាប់ខ្ញុំទាំងអស់គ្នា ហើយយល់ឲ្យច្បាស់ថា អ្វីៗពីខាងក្រៅ ចូលទៅក្នុងមនុស្ស ពុំអាចធ្វើឲ្យមនុស្សក្លាយទៅជាមិនបរិសុទ្ធ*ឡើយ ផ្ទុយទៅវិញ មានតែអ្វីៗចេញពីមនុស្សប៉ុណ្ណោះ ដែលធ្វើឲ្យមិនបរិសុទ្ធ [អ្នកណាឮពាក្យនេះហើយ ចូរយកទៅពិចារណាចុះ]»។ កាលព្រះយេស៊ូយាងចេញពីបណ្ដាជន ចូលទៅក្នុងផ្ទះ ពួកសិស្ស*នាំគ្នាទូលសួរព្រះអង្គអំពីប្រស្នានេះ។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នាក៏គ្មានប្រាជ្ញាដូចពួកគេដែរឬ? អ្នករាល់គ្នាត្រូវយល់ថា អ្វីៗពីខាងក្រៅចូលទៅក្នុងមនុស្ស ពុំអាចធ្វើឲ្យគេក្លាយទៅជាមិនបរិសុទ្ធឡើយ ដ្បិតអ្វីៗទាំងនោះមិនចូលទៅក្នុងចិត្តទេ គឺចូលទៅក្នុងពោះ រួចចេញមកធ្លាក់ទៅទីបន្ទោរបង់»។ ព្រះអង្គបញ្ជាក់ថាគ្រប់អាហារសុទ្ធតែបរិសុទ្ធទាំងអស់។ ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «មានតែអ្វីៗចេញពីមនុស្សប៉ុណ្ណោះ ដែលធ្វើឲ្យគេមិនបរិសុទ្ធ ដ្បិតគំនិតអាក្រក់ទាំងប៉ុន្មានសុទ្ធតែចេញមកពីខាងក្នុងចិត្តរបស់មនុស្ស គឺគំនិតដែលនាំឲ្យប្រព្រឹត្តកាមគុណថោកទាប លួចប្លន់ កាប់សម្លាប់ ផិតក្បត់ លោភលន់ចង់បានទ្រព្យគេ កាចសាហាវ បោកប្រាស់គេ ប្រព្រឹត្តអបាយមុខ ច្រណែនឈ្នានីស អំនួត និងគំនិតលេលា។ ការអាក្រក់ទាំងនេះហើយ ដែលចេញពីខាងក្នុងមនុស្សមក ធ្វើឲ្យគេក្លាយទៅជាមិនបរិសុទ្ធ*»។ ព្រះយេស៊ូយាងចាកចេញពីទីនោះឆ្ពោះទៅកាន់តំបន់ជិតក្រុងទីរ៉ុស។ ព្រះអង្គយាងចូលក្នុងផ្ទះមួយ ព្រះអង្គពុំចង់ឲ្យនរណាដឹងថាព្រះអង្គគង់នៅទីនោះឡើយ តែលាក់មិនជិត។ ភ្លាមនោះ ស្ត្រីម្នាក់ដែលកូនស្រីមានវិញ្ញាណអាក្រក់ចូល បានឮគេនិយាយអំពីព្រះយេស៊ូ នាងមកក្រាបទៀបព្រះបាទារបស់ព្រះអង្គ។ ស្ត្រីនោះជាសាសន៍ក្រិកមានកំណើតនៅភេនីសក្នុងស្រុកស៊ីរី។ នាងទូលសូមព្រះយេស៊ូដេញអារក្សចេញពីកូននាង។ ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «ត្រូវទុកឲ្យកូនចៅបរិភោគឆ្អែតជាមុនសិន មិនគួរយកអាហាររបស់កូនចៅបោះទៅឲ្យកូនឆ្កែស៊ីឡើយ»។ នាងទូលព្រះអង្គថា៖ «ពិតមែនហើយលោកម្ចាស់! ប៉ុន្តែ កូនឆ្កែនៅក្រោមតុ វាស៊ីកម្ទេចអាហារដែលកូនក្មេងធ្វើឲ្យជ្រុះនោះបាន»។ ពេលនោះ ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «ដោយនាងនិយាយដូច្នេះ ចូរនាងវិលត្រឡប់ទៅវិញចុះ អារក្សបានចេញពីកូននាងហើយ»។ ពេលស្ត្រីនោះមកដល់ផ្ទះ នាងឃើញកូនស្រីដេកនៅលើគ្រែ ដ្បិតអារក្សបានចេញពីក្មេងនោះហើយ។ ព្រះយេស៊ូយាងចេញពីតំបន់ក្រុងទីរ៉ុស កាត់តាមតំបន់ក្រុងស៊ីដូន និងតំបន់ស្រុកដេកាប៉ូល ឆ្ពោះទៅសមុទ្រកាលីឡេវិញ។ គេនាំបុរសថ្លង់ម្នាក់មកគាល់ព្រះអង្គ។ ម្យ៉ាងទៀត បុរសនោះពុំអាចនិយាយបានស្រួលដូចធម្មតាផង។ គេទូលអង្វរសូមឲ្យព្រះអង្គដាក់ព្រះហស្ដលើគាត់។ ព្រះអង្គនាំគាត់ចេញទៅដោយឡែកដាច់ពីបណ្ដាជន ព្រះអង្គដាក់ព្រះអង្គុលីក្នុងត្រចៀកគាត់ ហើយស្ដោះទឹកព្រះឱស្ឋយកទៅផ្ដិតលើអណ្ដាតគាត់ រួចព្រះអង្គងើបព្រះភ័ក្ត្រឡើង ទតទៅលើមេឃ ដកដង្ហើមធំ ហើយមានព្រះបន្ទូលថា «អិបផាថា» (ប្រែថា: ចូរបើកឡើង)។ រំពេចនោះ ស្រាប់តែត្រចៀករបស់បុរសនោះអាចស្ដាប់ឮ អណ្ដាតរបស់គាត់ក៏គ្រលាស់បាន ហើយគាត់ក៏និយាយស្ដីច្បាស់លាស់។ ព្រះយេស៊ូបានហាមប្រាមពួកគេ មិនឲ្យនិយាយហេតុការណ៍នេះប្រាប់នរណាសោះឡើយ។ ប៉ុន្តែ ទោះបីព្រះអង្គហាមប្រាមយ៉ាងណាក៏ដោយ គេរឹតតែប្រកាសខ្លាំងឡើងៗ។ មនុស្សម្នាងឿងឆ្ងល់ពន់ពេកណាស់ ហើយពោលថា៖ «គ្រប់កិច្ចការដែលលោកធ្វើសុទ្ធតែល្អទាំងអស់ សូម្បីតែមនុស្សថ្លង់ក៏លោកធ្វើឲ្យឮបាន មនុស្សគក៏លោកធ្វើឲ្យនិយាយបានដែរ»។
អាន ម៉ាកុស 7
ស្ដាប់នូវ ម៉ាកុស 7
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាកុស 7:14-37
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ