ម៉ាកុស 5:35-43

ម៉ាកុស 5:35-43 គខប

កាល​ព្រះ‌យេស៊ូ​កំពុង​តែ​មាន​ព្រះ‌បន្ទូល​នៅ​ឡើយ មាន​គេ​មក​ពី​ផ្ទះ​លោក​យ៉ៃរូស ជម្រាប​គាត់​ថា៖ «កូន​ស្រី​លោក​ផុត​ដង្ហើម​ទៅ​ហើយ ម្ដេច​ក៏​នៅ​រំខាន​លោក​គ្រូ​ធ្វើ​អ្វី?»។ ព្រះ‌យេស៊ូ​មិន​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់​នឹង​ពាក្យ​របស់​អ្នក​ទាំង​នោះ​ឡើយ តែ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​លោក​យ៉ៃរូស​ថា៖ «កុំ​ខ្លាច​អី គ្រាន់​តែ​ជឿ​ប៉ុណ្ណោះ​បាន​ហើយ»។ ព្រះអង្គ​មិន​អនុញ្ញាត​ឲ្យ​អ្នក​ណា​ទៅ​តាម​ព្រះអង្គ​ឡើយ លើក‌លែង​តែ​លោក​ពេត្រុស លោក​យ៉ាកុប និង​លោក​យ៉ូហាន​ជា​ប្អូន​របស់​គាត់។ កាល​ទៅ​ដល់​ផ្ទះ​លោក​យ៉ៃរូស ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​សាលា​ប្រជុំ ព្រះ‌យេស៊ូ​ទត​ឃើញ​មនុស្ស‌ម្នា​ជ្រួល‌ច្របល់ ព្រម​ទាំង​ទ្រហោ​យំ​ជា​ខ្លាំង​ផង។ ព្រះអង្គ​យាង​ចូល​ទៅ​ក្នុង​ផ្ទះ មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​រាល់​គ្នា​ជ្រួល‌ច្របល់ ហើយ​ទ្រហោ​យំ​ដូច្នេះ? ក្មេង​នេះ​មិន​ស្លាប់​ទេ នាង​គ្រាន់​តែ​ដេក​លក់​ទេ​តើ!»។ គេ​នាំ​គ្នា​ចំ‌អក​ដាក់​ព្រះអង្គ ព្រះអង្គ​ក៏​ដេញ​គេ​ឲ្យ​ចេញ​ទៅ​ក្រៅ​ទាំង​អស់​គ្នា រួច​ព្រះអង្គ​នាំ​តែ​ឪពុក​ម្ដាយ​ក្មេង និង​សិស្ស​ទាំង​បី​រូប ចូល​ទៅ​ក្នុង​បន្ទប់​ដែល​ក្មេង​ស្រី​នោះ​ដេក។ ព្រះអង្គ​ចាប់​ដៃ​ក្មេង​ស្រី​នោះ ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «តាលី‌ថា‌គូមី!» (ប្រែ​ថា “នាង​តូច​អើយ ខ្ញុំ​ប្រាប់​នាង​ថា ចូរ​ក្រោក​ឡើង!”)។ ក្មេង​ស្រី​ក៏​ក្រោក​ឡើង​ដើរ​មួយ​រំពេច ដ្បិត​នាង​មាន​អាយុ​ដប់‌ពីរ​ឆ្នាំ​ហើយ។ គេ​ងឿង‌ឆ្ងល់​ពន់​ប្រមាណ ប៉ុន្តែ ព្រះ‌យេស៊ូ​ហាម‌ប្រាម​គេ មិន​ឲ្យ​ប្រាប់​នរណា​ដឹង​រឿង​នេះ​ឡើយ។ បន្ទាប់​មក ព្រះអង្គ​ប្រាប់​គេ​ឲ្យ​យក​ចំណី​អាហារ​មក​ឲ្យ​ក្មេង​ស្រី​នោះ​បរិ‌ភោគ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ម៉ាកុស 5:35-43