ម៉ាកុស 5:24-34

ម៉ាកុស 5:24-34 គខប

ព្រះ‌យេស៊ូ​យាង​ទៅ​ជា​មួយ​គាត់។ មាន​បណ្ដា‌ជន​ជា​ច្រើន​កុះ‌ករ​តាម​ព្រះអង្គ​ទៅ ទាំង​ប្រជ្រៀត​គ្នា​ជុំ‌វិញ​ព្រះអង្គ។ នៅ​ពេល​នោះ មាន​ស្ត្រី​ម្នាក់​កើត​ជំងឺ​ធ្លាក់​ឈាម​ដប់‌ពីរ​ឆ្នាំ​មក​ហើយ។ គ្រូ​ពេទ្យ​ជា​ច្រើន​បាន​ព្យាបាល​នាង តែ​នាង​ឈឺ​ចុក​ចាប់​រឹត​តែ​ខ្លាំង។ នាង​បាន​ចំណាយ​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​នាង​មាន តែ​ជំងឺ​របស់​នាង​នៅ​តែ​មិន​បាន​ធូរ​ស្រាល​ទេ ផ្ទុយ​ទៅ​វិញ នាង​កាន់​តែ​ឈឺ​ខ្លាំង​ឡើងៗ។ នាង​បាន​ឮ​គេ​និយាយ​អំពី​ព្រះ‌យេស៊ូ ក៏​ចូល​ក្នុង​ចំណោម​បណ្ដា‌ជន ពាល់​ព្រះ‌ពស្ដ្រ​របស់​ព្រះអង្គ​ពី​ខាង​ក្រោយ ដ្បិត​នាង​នឹក​ក្នុង​ចិត្ត​ថា៖ «បើ​ខ្ញុំ​បាន​ពាល់​អាវ​របស់​លោក ខ្ញុំ​មុខ​ជា​ទទួល​ការ​សង្គ្រោះ​មិន​ខាន»។ រំពេច​នោះ ឈាម​ឈប់​ធ្លាក់​ភ្លាម ហើយ​នាង​ដឹង​ថា​ខ្លួន​នាង​បាន​ជា​សះ‌ស្បើយ​ពី​រោគា។ នៅ​ពេល​នោះ ព្រះ‌យេស៊ូ​ជ្រាប​ភ្លាម​ថា មាន​ឫទ្ធា‌នុភាព​មួយ​ចេញ​ពី​ព្រះអង្គ ព្រះអង្គ​បែរ​ទៅ​រក​បណ្ដា‌ជន មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​ណា​ពាល់​អាវ​ខ្ញុំ?»។ ពួក​សិស្ស*​ទូល​ព្រះអង្គ​ថា៖ «ព្រះ‌គ្រូ​ឃើញ​ស្រាប់​ហើយ បណ្ដា‌ជន​ប្រជ្រៀត​ប៉ះ​នឹង​ព្រះ‌គ្រូ​គ្រប់​គ្នា ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​ព្រះ‌គ្រូ​សួរ​ថា អ្នក​ណា​ពាល់​ព្រះ‌គ្រូ​ដូច្នេះ?»។ ព្រះ‌យេស៊ូ​ទត​មើល​ជុំ‌វិញ ដើម្បី​ឲ្យ​ដឹង​ថា អ្នក​ណា​បាន​ពាល់​ព្រះអង្គ។ ស្ត្រី​នោះ​ភ័យ​ញ័រ​រន្ធត់ ព្រោះ​នាង​ដឹង​អំពី​ហេតុ​ដែល​កើត​ដល់​ខ្លួន​នាង។ នាង​មក​ក្រាប​ទៀប​ព្រះ‌បាទា​ព្រះ‌យេស៊ូ ហើយ​ទូល​ការ​ពិត​ទាំង​អស់​ថ្វាយ​ព្រះអង្គ។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «កូន​ស្រី​អើយ! ជំនឿ​របស់​នាង​បាន​សង្គ្រោះ​នាង​ហើយ សូម​អញ្ជើញ​ទៅ​ឲ្យ​បាន​សុខ‌សាន្ត ហើយ​សូម​ឲ្យ​នាង​ជា​សះ‌ស្បើយ​ពី​ជំងឺ​ចុះ!»។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ម៉ាកុស 5:24-34