ម៉ាកុស 5:21-43

ម៉ាកុស 5:21-43 គខប

ព្រះ‌យេស៊ូ​ឆ្លង​ទូក​ពី​ត្រើយ​ម្ខាង​មក​វិញ ព្រះអង្គ​គង់​នៅ​ឆ្នេរ​សមុទ្រ។ មាន​បណ្ដា‌ជន​ច្រើន​កុះ‌ករ​មក​ចោម‌រោម​ព្រះអង្គ​ម្ដង​ទៀត។ ពេល​នោះ មាន​អ្នក​ទទួល​ខុស​ត្រូវ​លើ​សាលា​ប្រជុំ*​ម្នាក់​ឈ្មោះ យ៉ៃរូស មក​ដល់។ កាល​គាត់​ឃើញ​ព្រះ‌យេស៊ូ គាត់​ក្រាប​ទៀប​ព្រះ‌បាទា​ព្រះអង្គ ហើយ​ទទូច​អង្វរ​ព្រះអង្គ​ថា៖ «កូន​ស្រី​របស់​ខ្ញុំ​ប្របាទ​ឈឺ​ធ្ងន់ ជិត​ស្លាប់ សូម​លោក​អាណិត​មេត្តា​អញ្ជើញ​ទៅ​ដាក់​ដៃ*​លើ​នាង ដើម្បី​សង្គ្រោះ​នាង​ឲ្យ​មាន​ជីវិត»។ ព្រះ‌យេស៊ូ​យាង​ទៅ​ជា​មួយ​គាត់។ មាន​បណ្ដា‌ជន​ជា​ច្រើន​កុះ‌ករ​តាម​ព្រះអង្គ​ទៅ ទាំង​ប្រជ្រៀត​គ្នា​ជុំ‌វិញ​ព្រះអង្គ។ នៅ​ពេល​នោះ មាន​ស្ត្រី​ម្នាក់​កើត​ជំងឺ​ធ្លាក់​ឈាម​ដប់‌ពីរ​ឆ្នាំ​មក​ហើយ។ គ្រូ​ពេទ្យ​ជា​ច្រើន​បាន​ព្យាបាល​នាង តែ​នាង​ឈឺ​ចុក​ចាប់​រឹត​តែ​ខ្លាំង។ នាង​បាន​ចំណាយ​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​នាង​មាន តែ​ជំងឺ​របស់​នាង​នៅ​តែ​មិន​បាន​ធូរ​ស្រាល​ទេ ផ្ទុយ​ទៅ​វិញ នាង​កាន់​តែ​ឈឺ​ខ្លាំង​ឡើងៗ។ នាង​បាន​ឮ​គេ​និយាយ​អំពី​ព្រះ‌យេស៊ូ ក៏​ចូល​ក្នុង​ចំណោម​បណ្ដា‌ជន ពាល់​ព្រះ‌ពស្ដ្រ​របស់​ព្រះអង្គ​ពី​ខាង​ក្រោយ ដ្បិត​នាង​នឹក​ក្នុង​ចិត្ត​ថា៖ «បើ​ខ្ញុំ​បាន​ពាល់​អាវ​របស់​លោក ខ្ញុំ​មុខ​ជា​ទទួល​ការ​សង្គ្រោះ​មិន​ខាន»។ រំពេច​នោះ ឈាម​ឈប់​ធ្លាក់​ភ្លាម ហើយ​នាង​ដឹង​ថា​ខ្លួន​នាង​បាន​ជា​សះ‌ស្បើយ​ពី​រោគា។ នៅ​ពេល​នោះ ព្រះ‌យេស៊ូ​ជ្រាប​ភ្លាម​ថា មាន​ឫទ្ធា‌នុភាព​មួយ​ចេញ​ពី​ព្រះអង្គ ព្រះអង្គ​បែរ​ទៅ​រក​បណ្ដា‌ជន មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​ណា​ពាល់​អាវ​ខ្ញុំ?»។ ពួក​សិស្ស*​ទូល​ព្រះអង្គ​ថា៖ «ព្រះ‌គ្រូ​ឃើញ​ស្រាប់​ហើយ បណ្ដា‌ជន​ប្រជ្រៀត​ប៉ះ​នឹង​ព្រះ‌គ្រូ​គ្រប់​គ្នា ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​ព្រះ‌គ្រូ​សួរ​ថា អ្នក​ណា​ពាល់​ព្រះ‌គ្រូ​ដូច្នេះ?»។ ព្រះ‌យេស៊ូ​ទត​មើល​ជុំ‌វិញ ដើម្បី​ឲ្យ​ដឹង​ថា អ្នក​ណា​បាន​ពាល់​ព្រះអង្គ។ ស្ត្រី​នោះ​ភ័យ​ញ័រ​រន្ធត់ ព្រោះ​នាង​ដឹង​អំពី​ហេតុ​ដែល​កើត​ដល់​ខ្លួន​នាង។ នាង​មក​ក្រាប​ទៀប​ព្រះ‌បាទា​ព្រះ‌យេស៊ូ ហើយ​ទូល​ការ​ពិត​ទាំង​អស់​ថ្វាយ​ព្រះអង្គ។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «កូន​ស្រី​អើយ! ជំនឿ​របស់​នាង​បាន​សង្គ្រោះ​នាង​ហើយ សូម​អញ្ជើញ​ទៅ​ឲ្យ​បាន​សុខ‌សាន្ត ហើយ​សូម​ឲ្យ​នាង​ជា​សះ‌ស្បើយ​ពី​ជំងឺ​ចុះ!»។ កាល​ព្រះ‌យេស៊ូ​កំពុង​តែ​មាន​ព្រះ‌បន្ទូល​នៅ​ឡើយ មាន​គេ​មក​ពី​ផ្ទះ​លោក​យ៉ៃរូស ជម្រាប​គាត់​ថា៖ «កូន​ស្រី​លោក​ផុត​ដង្ហើម​ទៅ​ហើយ ម្ដេច​ក៏​នៅ​រំខាន​លោក​គ្រូ​ធ្វើ​អ្វី?»។ ព្រះ‌យេស៊ូ​មិន​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់​នឹង​ពាក្យ​របស់​អ្នក​ទាំង​នោះ​ឡើយ តែ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​លោក​យ៉ៃរូស​ថា៖ «កុំ​ខ្លាច​អី គ្រាន់​តែ​ជឿ​ប៉ុណ្ណោះ​បាន​ហើយ»។ ព្រះអង្គ​មិន​អនុញ្ញាត​ឲ្យ​អ្នក​ណា​ទៅ​តាម​ព្រះអង្គ​ឡើយ លើក‌លែង​តែ​លោក​ពេត្រុស លោក​យ៉ាកុប និង​លោក​យ៉ូហាន​ជា​ប្អូន​របស់​គាត់។ កាល​ទៅ​ដល់​ផ្ទះ​លោក​យ៉ៃរូស ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​សាលា​ប្រជុំ ព្រះ‌យេស៊ូ​ទត​ឃើញ​មនុស្ស‌ម្នា​ជ្រួល‌ច្របល់ ព្រម​ទាំង​ទ្រហោ​យំ​ជា​ខ្លាំង​ផង។ ព្រះអង្គ​យាង​ចូល​ទៅ​ក្នុង​ផ្ទះ មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​រាល់​គ្នា​ជ្រួល‌ច្របល់ ហើយ​ទ្រហោ​យំ​ដូច្នេះ? ក្មេង​នេះ​មិន​ស្លាប់​ទេ នាង​គ្រាន់​តែ​ដេក​លក់​ទេ​តើ!»។ គេ​នាំ​គ្នា​ចំ‌អក​ដាក់​ព្រះអង្គ ព្រះអង្គ​ក៏​ដេញ​គេ​ឲ្យ​ចេញ​ទៅ​ក្រៅ​ទាំង​អស់​គ្នា រួច​ព្រះអង្គ​នាំ​តែ​ឪពុក​ម្ដាយ​ក្មេង និង​សិស្ស​ទាំង​បី​រូប ចូល​ទៅ​ក្នុង​បន្ទប់​ដែល​ក្មេង​ស្រី​នោះ​ដេក។ ព្រះអង្គ​ចាប់​ដៃ​ក្មេង​ស្រី​នោះ ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «តាលី‌ថា‌គូមី!» (ប្រែ​ថា “នាង​តូច​អើយ ខ្ញុំ​ប្រាប់​នាង​ថា ចូរ​ក្រោក​ឡើង!”)។ ក្មេង​ស្រី​ក៏​ក្រោក​ឡើង​ដើរ​មួយ​រំពេច ដ្បិត​នាង​មាន​អាយុ​ដប់‌ពីរ​ឆ្នាំ​ហើយ។ គេ​ងឿង‌ឆ្ងល់​ពន់​ប្រមាណ ប៉ុន្តែ ព្រះ‌យេស៊ូ​ហាម‌ប្រាម​គេ មិន​ឲ្យ​ប្រាប់​នរណា​ដឹង​រឿង​នេះ​ឡើយ។ បន្ទាប់​មក ព្រះអង្គ​ប្រាប់​គេ​ឲ្យ​យក​ចំណី​អាហារ​មក​ឲ្យ​ក្មេង​ស្រី​នោះ​បរិ‌ភោគ។