ម៉ាកុស 3:7-19

ម៉ាកុស 3:7-19 គខប

ព្រះ‌យេស៊ូ​យាង​ចេញ​ទៅ​តាម​ឆ្នេរ​សមុទ្រ​កាលី‌ឡេ​ជា​មួយ​ពួក​សិស្ស*។ មាន​បណ្ដា‌ជន​ជា​ច្រើន​នាំ​គ្នា​ទៅ​តាម​ព្រះអង្គ អ្នក​ទាំង​នោះ​មក​ពី​ស្រុក​កាលី‌ឡេ ស្រុក​យូដា ក្រុង​យេរូ‌សាឡឹម ស្រុក​អេដុម តំបន់​ត្រើយ​ខាង​នាយ​ទន្លេ​យ័រដាន់ ព្រម​ទាំង​តំបន់​ជុំ‌វិញ​ក្រុង​ទីរ៉ុស និង​ក្រុង​ស៊ីដូន។ បណ្ដា‌ជន​មក​តាម​ព្រះ‌យេស៊ូ​ច្រើន​យ៉ាង​នេះ ព្រោះ​បាន​ឮ​គេ​និយាយ​អំពី​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​ព្រះអង្គ​ធ្វើ។ ព្រះ‌យេស៊ូ​ប្រាប់​ពួក​សិស្ស*​ឲ្យ​រៀបចំ​ទូក​មួយ​ថ្វាយ​ព្រះអង្គ ក្រែង​បណ្ដា‌ជន​ប្រជ្រៀត​គ្នា​ចោម‌រោម​ព្រះអង្គ ដ្បិត​មាន​អ្នក​ជំងឺ​ជា​ច្រើន​ខំ​ប្រឹង​សម្រុក​ចូល​មក​ជិត ដើម្បី​ពាល់​ព្រះអង្គ ព្រោះ​ព្រះអង្គ​បាន​ប្រោស​មនុស្ស​ជា​ច្រើន​ឲ្យ​បាន​ជា។ ម្យ៉ាង​ទៀត ពេល​វិញ្ញាណ​អាក្រក់​ឃើញ​ព្រះអង្គ វា​ក្រាប​ចុះ​នៅ​ទៀប​ព្រះ‌បាទា ហើយ​ស្រែក​ឡើង​ថា៖ «ព្រះអង្គ​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់»។ ប៉ុន្តែ ព្រះ‌យេស៊ូ​បាន​គំរាម​កំហែង​វា​យ៉ាង​ម៉ឺង​ម៉ាត់ មិន​ឲ្យ​និយាយ​ប្រាប់​គេ​ថា​ព្រះអង្គ​ជា​នរណា​ឡើយ។ បន្ទាប់​មក ព្រះ‌យេស៊ូ​យាង​ឡើង​ទៅ​លើ​ភ្នំ។ ព្រះអង្គ​បាន​ត្រាស់​ហៅ​អស់​អ្នក​ដែល​ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​ជ្រើស‌រើស ហើយ​អ្នក​ទាំង​នោះ​ក៏​ចូល​មក​គាល់​ព្រះអង្គ។ ព្រះអង្គ​តែង‌តាំង​សាវ័ក​ដប់‌ពីរ​រូប​ឲ្យ​គេ​នៅ​ជា​មួយ​ព្រះអង្គ និង​ដើម្បី​ចាត់​គេ​ឲ្យ​ទៅ​ប្រកាស​ដំណឹង‌ល្អ ទាំង​ឲ្យ​គេ​មាន​អំណាច​ដេញ​អារក្ស​ថែម​ទៀត​ផង។ ព្រះអង្គ​បាន​តែង‌តាំង​អ្នក​ដប់‌ពីរ​រូប​នេះ គឺ​ស៊ីម៉ូន​ដែល​ព្រះអង្គ​ដាក់​ឈ្មោះ​ថា ពេត្រុស យ៉ាកុប​ជា​កូន​របស់​លោក​សេបេ‌ដេ និង​យ៉ូហាន​ជា​ប្អូន​របស់​គាត់ ដែល​ព្រះ‌យេស៊ូ​ដាក់​ឈ្មោះ​ថា “បោន‌អ៊ើកេ” ប្រែ​ថា “អ្នក​ដែល​មាន​ចិត្ត​ខ្លាំង​ដូច​ផ្គរ‌លាន់” អនទ្រេ ភីលីព បារថូ‌ឡូមេ ម៉ាថាយ ថូម៉ាស យ៉ាកុប​ជា​កូន​របស់​លោក​អាល់‌ផាយ ថាដេ ស៊ីម៉ូន​ជា​អ្នក​ជាតិ​និយម និង​យូដាស‌អ៊ីស្កា‌រីយ៉ុត​ជា​អ្នក​ក្បត់​ព្រះអង្គ។