កាលព្រះយេស៊ូយាងត្រឡប់មកផ្ទះវិញ បណ្ដាជនជួបជុំគ្នាសាជាថ្មី ជាហេតុនាំឲ្យព្រះអង្គ និងពួកសិស្ស*រកពេលបរិភោគមិនបានសោះ។ ព្រះញាតិវង្សរបស់ព្រះអង្គឮដំណឹងនេះ ក៏នាំគ្នាធ្វើដំណើរមក ដើម្បីចាប់ព្រះអង្គទៅវិញ ព្រោះគេថា ព្រះអង្គវង្វេងស្មារតីហើយ។ ពួកអាចារ្យ* ដែលចុះមកពីក្រុងយេរូសាឡឹមនិយាយថា៖ «អ្នកនេះមានបេលសេប៊ូលជាស្ដេចអារក្សនៅក្នុងខ្លួន គាត់អាចដេញអារក្សដូច្នេះ ព្រោះស្ដេចអារក្សប្រគល់អំណាចឲ្យ»។ ព្រះយេស៊ូត្រាស់ហៅគេមក រួចមានព្រះបន្ទូលជាប្រស្នាថា៖ «តើមារ*សាតាំងអាចដេញមារសាតាំងដូចម្ដេចកើត? ប្រសិនបើពលរដ្ឋក្នុងនគរណាមួយបែកបាក់ទាស់ទែងគ្នាឯង នគរនោះពុំអាចស្ថិតស្ថេរគង់វង្សតទៅមុខឡើយ។ ប្រសិនបើមានក្រុមគ្រួសារមួយបែកបាក់ទាស់ទែងគ្នា ក្រុមគ្រួសារនោះក៏ពុំអាចនៅស្ថិតស្ថេរគង់វង្សដែរ។ ដូច្នេះ ប្រសិនបើមារសាតាំងក្រោកឡើងប្រឆាំងនឹងខ្លួនឯង បែកបាក់ទាស់ទែងនឹងខ្លួនឯង វាមិនអាចនៅស្ថិតស្ថេរគង់វង្សឡើយ គឺវាមុខជាត្រូវវិនាសមិនខាន។ គ្មាននរណាអាចចូលទៅក្នុងផ្ទះមនុស្សខ្លាំងពូកែ ហើយប្លន់យកទ្រព្យសម្បត្តិរបស់គាត់បានឡើយ គឺត្រូវតែចងមនុស្សខ្លាំងពូកែនោះជាមុនសិន ទើបអាចប្លន់យកទ្រព្យសម្បត្តិក្នុងផ្ទះគាត់បាន។ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា បើមនុស្សលោកធ្វើអំពើបាប និងពោលពាក្យប្រមាថព្រះជាម្ចាស់ ព្រះអង្គនឹងលើកលែងទោសទាំងអស់។ រីឯអ្នកដែលពោលពាក្យប្រមាថព្រះវិញ្ញាណដ៏វិសុទ្ធវិញ ព្រះអង្គមិនលើកលែងទោសសោះឡើយ ដ្បិតអ្នកនោះមានទោសអស់កល្បជានិច្ច»។ ព្រះយេស៊ូមានព្រះបន្ទូលដូច្នេះ ព្រោះគេនិយាយថា ព្រះអង្គមានវិញ្ញាណអាក្រក់នៅក្នុងខ្លួន។ ពេលនោះ មាតា និងបងប្អូនរបស់ព្រះយេស៊ូមកដល់ ឈរនៅខាងក្រៅផ្ទះ ហើយចាត់គេឲ្យចូលមកហៅព្រះអង្គ។ បណ្ដាជនដែលអង្គុយនៅជុំវិញព្រះយេស៊ូ ទូលព្រះអង្គថា៖ «លោកគ្រូ ម្ដាយ និងបងប្អូនលោក មករកលោកនៅខាងក្រៅ!»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «តើនរណាជាម្ដាយខ្ញុំ? នរណាជាបងប្អូនខ្ញុំ?»។ ព្រះអង្គទតមើលទៅមនុស្សដែលនៅជុំវិញព្រះអង្គ រួចមានព្រះបន្ទូលថា៖ «អ្នកទាំងនេះហើយជាមាតា និងជាបងប្អូនរបស់ខ្ញុំ ដ្បិតអ្នកណាប្រព្រឹត្តតាមព្រះហឫទ័យព្រះជាម្ចាស់ អ្នកនោះជាបងប្អូនប្រុសស្រី និងជាម្ដាយរបស់ខ្ញុំ»។
អាន ម៉ាកុស 3
ស្ដាប់នូវ ម៉ាកុស 3
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាកុស 3:20-35
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ