ម៉ាកុស 16:9-20

ម៉ាកុស 16:9-20 គខប

ព្រះ‌យេស៊ូ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ មុន​ដំបូង ព្រះអង្គ​បាន​បង្ហាញ​ខ្លួន​ឲ្យ​នាង​ម៉ារី ជា​អ្នក​ស្រុក​ម៉ាដា‌ឡា​ឃើញ គឺ​នាង​ម៉ារី​នេះ​ហើយ​ដែល​ព្រះអង្គ​បាន​ដេញ​អារក្ស​ប្រាំ‌ពីរ​ចេញ​ពី​នាង។ នាង​បាន​យក​ដំណឹង​នេះ​ទៅ​ប្រាប់​អស់​អ្នក​ដែល​នៅ​ជា​មួយ​ព្រះ‌យេស៊ូ​កាល​ពី​មុន។ អ្នក​ទាំង​នោះ​កំពុង​កាន់​ទុក្ខ ព្រម​ទាំង​យំ​សោក​ទៀត​ផង។ ពេល​គេ​ឮ​ថា ព្រះអង្គ​មាន​ព្រះ‌ជន្ម​វិញ​ហើយ ហើយ​ឮ​ថា​នាង​បាន​ឃើញ​ព្រះអង្គ គេ​មិន​ជឿ​នាង​ឡើយ។ បន្ទាប់​មក ព្រះ‌យេស៊ូ​បាន​បង្ហាញ​ព្រះអង្គ​ឲ្យ​សិស្ស*​ពីរ​នាក់​ឃើញ តាម​ទ្រង់‌ទ្រាយ​មួយ​ផ្សេង​ទៀត​ក្នុង​ពេល​អ្នក​ទាំង​ពីរ​កំពុង​ធ្វើ​ដំណើរ​ទៅ​ស្រុក​ស្រែ។ អ្នក​ទាំង​ពីរ​ក៏​នាំ​ដំណឹង​មក​ប្រាប់​សិស្ស*​ឯ​ទៀតៗ​ដែរ តែ​ពួក​គេ​មិន​ព្រម​ជឿ​ដដែល។ នៅ​ទី​បំផុត ព្រះ‌យេស៊ូ​ក៏​បង្ហាញ​ខ្លួន​ឲ្យ​សិស្ស​ទាំង​ដប់​មួយ​រូប​ឃើញ នៅ​ពេល​ដែល​គេ​កំពុង​បរិ‌ភោគ។ ព្រះអង្គ​បន្ទោស​គេ ព្រោះ​គេ​គ្មាន​ជំនឿ ហើយ​មាន​ចិត្ត​រឹង‌រូស ពុំ​ព្រម​ជឿ​អស់​អ្នក​ដែល​បាន​ឃើញ​ព្រះអង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ចូរ​នាំ​គ្នា​ទៅ​គ្រប់​ទី​កន្លែង​ក្នុង​ពិភព​លោក ហើយ​ប្រកាស​ដំណឹង‌ល្អ*​ដល់​មនុស្ស​លោក​ទាំង​អស់​ចុះ។ អ្នក​ណា​ជឿ ហើយ​ទទួល​ពិធី​ជ្រមុជ​ទឹក* ព្រះ‌ជាម្ចាស់​នឹង​សង្គ្រោះ​អ្នក​នោះ រីឯ​អ្នក​ដែល​មិន​ជឿ​នឹង​ត្រូវ​ទទួល​ទោស។ អស់​អ្នក​ដែល​ជឿ​នឹង​ធ្វើ​ទី​សម្គាល់​ទាំង​នេះ គឺ​គេ​នឹង​ដេញ​អារក្ស​ក្នុង​នាម​ខ្ញុំ គេ​និយាយ​ភាសា​ថ្មី។ ប្រសិន​បើ​គេ​កាន់​ពស់ ឬ​ផឹក​អ្វី​ដែល​មាន​ជាតិ​ពុល ក៏​គេ​ពុំ​មាន​គ្រោះ​ថ្នាក់​អ្វី​ដែរ។ ប្រសិន​បើ​គេ​ដាក់​ដៃ​លើ​អ្នក​ជំងឺ អ្នក​ជំងឺ​នឹង​ជា​សះ‌ស្បើយ»។ កាល​ព្រះ‌អម្ចាស់​យេស៊ូ​មាន​ព្រះ‌បន្ទូល​ទាំង​នេះ​រួច​ហើយ ព្រះ‌ជាម្ចាស់​លើក​ព្រះអង្គ​ឡើង​ទៅ​ស្ថាន​បរម‌សុខ* ឲ្យ​គង់​នៅ​ខាង​ស្ដាំ​ព្រះអង្គ។ ពួក​សិស្ស​នាំ​គ្នា​ចេញ​ទៅ​ប្រកាស​ដំណឹង‌ល្អ​នៅ​គ្រប់​ទី​កន្លែង។ ព្រះ‌អម្ចាស់​ធ្វើ​ការ​រួម​ជា​មួយ​គេ ទាំង​បញ្ជាក់​ព្រះ‌បន្ទូល ដោយ​សម្តែង​ទី​សម្គាល់​ផ្សេងៗ​ជាប់​ជា​មួយ​ផង។]