ម៉ាកុស 15:37-47

ម៉ាកុស 15:37-47 គខប

រីឯ​ព្រះ‌យេស៊ូ​វិញ ព្រះអង្គ​បន្លឺ​ព្រះ‌សូរសៀង​យ៉ាង​ខ្លាំង រួច​រលត់​វិញ្ញាណ​ទៅ វាំងនន​នៅ​ក្នុង​ព្រះ‌វិហារ*​រហែក​ជា​ពីរ តាំង​ពី​លើ​រហូត​ដល់​ក្រោម។ នាយ​ទាហាន​រ៉ូម៉ាំង​ដែល​ឈរ​នៅ​ខាង​មុខ​ព្រះ‌យេស៊ូ ឃើញ​ព្រះអង្គ​រលត់​វិញ្ញាណ​របៀប​នេះ ក៏​ពោល​ឡើង​ថា៖ «បុរស​នេះ​ពិត​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​មែន!»។ មាន​ស្ត្រីៗ​ខ្លះ​ទៀត​មើល​ពី​ចម្ងាយ ក្នុង​ចំណោម​ស្ត្រី​ទាំង​នោះ មាន​នាង​ម៉ារី​ជា​អ្នក​ស្រុក​ម៉ាដា‌ឡា នាង​ម៉ារី​ជា​ម្ដាយ​របស់​យ៉ាកុប​តូច និង​យ៉ូសេ ព្រម​ទាំង​នាង​សាឡូ‌មេ​ផង។ ស្ត្រី​ទាំង​នោះ​មក​ជា​មួយ ហើយ​បម្រើ​ព្រះអង្គ​តាំង​ពី​ព្រះអង្គ​នៅ​ស្រុក​កាលី‌ឡេ​ម៉្លេះ។ មាន​ស្ត្រី​ឯ​ទៀតៗ​ជា​ច្រើន​បាន​ឡើង​មក​ក្រុង​យេរូ‌សាឡឹម​ជា​មួយ​ព្រះអង្គ​ដែរ។ ថ្ងៃ​នោះ​ជា​ថ្ងៃ​ដែល​គេ​រៀបចំ​បុណ្យ​ចម្លង* គឺ​មួយ​ថ្ងៃ​មុន​ថ្ងៃ​សប្ប័ទ*។ លុះ​ដល់​ល្ងាច លោក​យ៉ូសែប​ជា​អ្នក​ស្រុក​អើរី‌ម៉ាថេ​មក​ដល់ លោក​ជា​សមាជិក​ដែល​មាន​កេរ្តិ៍‌ឈ្មោះ​ល្អ ក្នុង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់* ហើយ​លោក​ក៏​រង់‌ចាំ​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់​ដែរ។ លោក​មាន​ចិត្ត​ក្លាហាន​ហ៊ាន​ទៅ​ជួប​លោក​ពីឡាត សុំ​យក​ព្រះ‌សព​ព្រះ‌យេស៊ូ។ លោក​ពីឡាត​នឹក​ឆ្ងល់​ណាស់ ដោយ​ឮ​ថា​ព្រះ‌យេស៊ូ​សោយ​ទិវង្គត​យ៉ាង​ឆាប់​ដូច្នេះ។ លោក​ហៅ​នាយ​ទាហាន​មក​សួរ​ឲ្យ​ដឹង​ថា ព្រះ‌យេស៊ូ​សោយ​ទិវង្គត​យូរ​ហើយ​ឬ។ បន្ទាប់​ពី​បាន​ទទួល​សេចក្ដី​រាយ‌ការណ៍​ពី​នាយ​ទាហាន​រួច​ហើយ លោក​ក៏​អនុញ្ញាត​ឲ្យ​គេ​ប្រគល់​ព្រះ‌សព​ទៅ​លោក​យ៉ូសែប។ លោក​យ៉ូសែប​ទិញ​ក្រណាត់​ផាឌិប លោក​យក​ព្រះ‌សព​ព្រះ‌យេស៊ូ​ចុះ​ពី​ឈើ​ឆ្កាង ហើយ​រុំ​នឹង​ក្រណាត់ រួច​ដាក់​ក្នុង​រូង​ថ្ម​មួយ​ដែល​គេ​ដាប់​ធ្វើ​ជា​ផ្នូរ។ បន្ទាប់​មក លោក​ប្រមៀល​ថ្ម​មួយ​ដុំ​បិទ​មាត់​ផ្នូរ។ នាង​ម៉ារី​ជា​អ្នក​ស្រុក​ម៉ាដា‌ឡា និង​នាង​ម៉ារី​ជា​ម្ដាយ​យ៉ូសេ នាំ​គ្នា​មើល​កន្លែង​ដែល​គេ​បញ្ចុះ​ព្រះ‌សព​ព្រះអង្គ។