លុះព្រលឹមឡើង ពួកនាយកបូជាចារ្យ*ប្រជុំគ្នាជាមួយពួកព្រឹទ្ធាចារ្យ* ពួកអាចារ្យ* និងក្រុមប្រឹក្សាជាន់ខ្ពស់*ទាំងមូល។ គេបានចងព្រះយេស៊ូ ហើយបញ្ជូនព្រះអង្គទៅលោកពីឡាត។ លោកពីឡាតសួរព្រះអង្គថា៖ «តើអ្នកជាស្ដេចយូដាមែនឬ?»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «លោកទេតើ ដែលមានប្រសាសន៍ដូច្នេះ!»។ ពួកនាយកបូជាចារ្យបានយករឿងជាច្រើនមកចោទប្រកាន់ព្រះយេស៊ូ។ លោកពីឡាតសួរព្រះអង្គម្ដងទៀតថា៖ «ហេតុដូចម្ដេចបានជាអ្នកមិនឆ្លើយអ្វីសោះដូច្នេះ? អ្នកមិនឮពាក្យទាំងប៉ុន្មានដែលគេចោទប្រកាន់អ្នកទេឬ?»។ ព្រះយេស៊ូពុំឆ្លើយតបទៀតឡើយ ជាហេតុនាំឲ្យលោកពីឡាតងឿងឆ្ងល់ជាខ្លាំង។ ជារៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យចម្លង លោកពីឡាតតែងលែងអ្នកទោសម្នាក់តាមពាក្យសុំរបស់បណ្ដាជន។ មានបុរសម្នាក់ឈ្មោះ បារ៉ាបាស ជាប់ឃុំឃាំងជាមួយពួកបះបោរ ដែលសម្លាប់មនុស្សម្នាក់នៅពេលកើតចលាចល។ បណ្ដាជននាំគ្នាឡើងទៅជួបលោកពីឡាត សុំឲ្យលោកដោះលែងអ្នកទោសម្នាក់ តាមទម្លាប់ដែលលោកធ្លាប់អនុគ្រោះដល់គេ។ លោកពីឡាតមានប្រសាសន៍សួរថា៖ «តើអ្នករាល់គ្នាចង់ឲ្យខ្ញុំដោះលែងស្ដេចយូដាឬ?»។ លោកមានប្រសាសន៍ដូច្នេះ មកពីលោកជ្រាបថា ពួកនាយកបូជាចារ្យបញ្ជូនព្រះយេស៊ូមកលោក ព្រោះពួកគេមានចិត្តច្រណែន។ ពួកនាយកបូជាចារ្យ*នាំគ្នាបញ្ចុះបញ្ចូលបណ្ដាជនសុំឲ្យលោកពីឡាតដោះលែងបារ៉ាបាសវិញ។ លោកពីឡាតមានប្រសាសន៍ទៅគេម្ដងទៀតថា៖ «បើដូច្នេះ តើអ្នករាល់គ្នាចង់ឲ្យខ្ញុំធ្វើអ្វីដល់អ្នកដែលអ្នករាល់គ្នាហៅថា ស្ដេចយូដានេះ?»។ គេស្រែកឡើងថា៖ «ឆ្កាងទៅ!»។ លោកពីឡាតសួរថា៖ «តើអ្នកនេះបានប្រព្រឹត្តអំពើអាក្រក់អ្វី?»។ ប៉ុន្តែ គេនាំគ្នាស្រែកកាន់តែខ្លាំងឡើងៗថា៖ «ឆ្កាងទៅ!»។ លោកពីឡាតចង់បំពេញចិត្តបណ្ដាជន ក៏ដោះលែងបារ៉ាបាស។ បន្ទាប់ពីបញ្ជាឲ្យគេវាយព្រះយេស៊ូនឹងរំពាត់រួចហើយ លោកប្រគល់ទៅឲ្យគេឆ្កាង។ ពួកទាហានបណ្ដើរព្រះយេស៊ូទៅក្នុងទីធ្លាបន្ទាយ ហើយហៅកងទាហានទាំងមូលមក។ គេយកអាវពណ៌ក្រហមទុំមកពាក់ឲ្យព្រះអង្គ រួចយកបន្លាមកក្រងធ្វើភួង បំពាក់ជាមកុដលើព្រះសិរសាព្រះអង្គ។ គេក៏នាំគ្នាសំពះព្រះអង្គ ទាំងពោលថា៖ «សូមគោរពថ្វាយបង្គំស្ដេចយូដា!»។ គេយកផ្ដៅវាយព្រះសិរសាព្រះអង្គ គេស្ដោះទឹកមាត់ដាក់ព្រះអង្គ ព្រមទាំងលុតជង្គង់ថ្វាយបង្គំព្រះអង្គថែមទៀតផង។ ក្រោយពីបានប្រមាថមើលងាយព្រះអង្គរួចហើយ ពួកគេដោះអាវពណ៌ក្រហមចេញ យកព្រះពស្ដ្ររបស់ព្រះអង្គមកពាក់ថ្វាយព្រះអង្គវិញ ហើយបណ្ដើរយកទៅឆ្កាង។ ពេលនោះ មានបុរសម្នាក់ជាអ្នកស្រុកគីរ៉ែនត្រឡប់មកពីចម្ការ គេចាប់បង្ខំគាត់ឲ្យលីឈើឆ្កាងរបស់ព្រះយេស៊ូ។ អ្នកនោះឈ្មោះស៊ីម៉ូន ជាឪពុករបស់អលេក្សានត្រុស និងរូភូស។ គេបណ្ដើរព្រះយេស៊ូមកដល់កន្លែងមួយឈ្មោះ “គាល់កូថា” ដែលប្រែថា “ភ្នំលលាដ៍ក្បាល”។ គេយកស្រាទំពាំងបាយជូរលាយជាមួយគ្រឿងញៀនម្យ៉ាង មកថ្វាយព្រះអង្គសោយ ប៉ុន្តែ ព្រះអង្គពុំបានសោយទេ។ គេក៏ឆ្កាងព្រះអង្គ ហើយយកសម្លៀកបំពាក់របស់ព្រះអង្គមកចាប់ឆ្នោតចែកគ្នា។ គេឆ្កាងព្រះអង្គនៅម៉ោងប្រាំបួនព្រឹក។ គេសរសេរប្រកាសអំពីហេតុដែលគេធ្វើទោសព្រះអង្គថា«ស្ដេចជនជាតិយូដា»។ គេក៏បានឆ្កាងចោរព្រៃពីរនាក់ជាមួយព្រះយេស៊ូដែរ ម្នាក់នៅខាងស្ដាំព្រះអង្គ ម្នាក់ទៀតនៅខាងឆ្វេងព្រះអង្គ។ [ ហេតុការណ៍នេះកើតឡើង ស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរថា «ព្រះអង្គត្រូវគេរាប់បញ្ចូលជាមួយមនុស្សអាក្រក់» ។] មនុស្សម្នាដើរកាត់តាមនោះប្រមាថមើលងាយព្រះអង្គ ទាំងគ្រវីក្បាលដាក់ព្រះអង្គ និងពោលថា៖ «នែ៎ អ្នករុះព្រះវិហារ* ហើយសង់ឡើងវិញតែបីថ្ងៃអើយ សង្គ្រោះខ្លួនឯងទៅ អញ្ជើញចុះពីឈើឆ្កាងមក!»។ រីឯពួកនាយកបូជាចារ្យ និងពួកអាចារ្យ* ក៏និយាយគ្នាចំអកឲ្យព្រះអង្គដូចគេដែរ ពួកគេពោលថា៖ «គាត់បានសង្គ្រោះអ្នកឯទៀតៗ តែមិនអាចសង្គ្រោះខ្លួនឯងទេ!។ សូមព្រះគ្រិស្ត ជាស្ដេចអ៊ីស្រាអែល អញ្ជើញចុះពីឈើឆ្កាងឥឡូវនេះមក ដើម្បីឲ្យយើងឃើញ និងជឿផង!»។ អ្នកដែលជាប់ឆ្កាងជាមួយព្រះយេស៊ូ ក៏ជេរប្រមាថព្រះអង្គដែរ។ នៅពេលថ្ងៃត្រង់ ស្រាប់តែផែនដីទាំងមូលងងឹតសូន្យ រហូតដល់ម៉ោងបីរសៀល។ នៅវេលាម៉ោងបីរសៀល ព្រះយេស៊ូស្រែកអង្វរខ្លាំងៗថា៖ «អេឡយ អេឡយ ឡាម៉ាសាបាច់ថានី?» ពាក្យនេះប្រែថា «ឱព្រះនៃទូលបង្គំ ព្រះនៃទូលបង្គំអើយ ហេតុអ្វីបានជាព្រះអង្គបោះបង់ចោលទូលបង្គំដូច្នេះ?» ។ អ្នកខ្លះឈរនៅទីនោះបានឮព្រះបន្ទូលរបស់ព្រះអង្គ ក៏ពោលថា៖ «ឃើញទេ! គាត់ហៅលោកអេលីយ៉ា!»។ មានម្នាក់រត់ទៅយកសារាយស្ងួត ជ្រលក់ទឹកខ្មេះជោក រុំជាប់នៅចុងត្រែងមួយដើម ហុចថ្វាយព្រះអង្គសោយ ទាំងពោលថា៖ «ចាំមើលមើល៍ តើលោកអេលីយ៉ាមកយកគាត់ចុះពីឈើឆ្កាងឬទេ?»។ រីឯព្រះយេស៊ូវិញ ព្រះអង្គបន្លឺព្រះសូរសៀងយ៉ាងខ្លាំង រួចរលត់វិញ្ញាណទៅ វាំងនននៅក្នុងព្រះវិហារ*រហែកជាពីរ តាំងពីលើរហូតដល់ក្រោម។ នាយទាហានរ៉ូម៉ាំងដែលឈរនៅខាងមុខព្រះយេស៊ូ ឃើញព្រះអង្គរលត់វិញ្ញាណរបៀបនេះ ក៏ពោលឡើងថា៖ «បុរសនេះពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន!»។ មានស្ត្រីៗខ្លះទៀតមើលពីចម្ងាយ ក្នុងចំណោមស្ត្រីទាំងនោះ មាននាងម៉ារីជាអ្នកស្រុកម៉ាដាឡា នាងម៉ារីជាម្ដាយរបស់យ៉ាកុបតូច និងយ៉ូសេ ព្រមទាំងនាងសាឡូមេផង។ ស្ត្រីទាំងនោះមកជាមួយ ហើយបម្រើព្រះអង្គតាំងពីព្រះអង្គនៅស្រុកកាលីឡេម៉្លេះ។ មានស្ត្រីឯទៀតៗជាច្រើនបានឡើងមកក្រុងយេរូសាឡឹមជាមួយព្រះអង្គដែរ។
អាន ម៉ាកុស 15
ស្ដាប់នូវ ម៉ាកុស 15
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាកុស 15:1-41
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ