ម៉ាកុស 15:1-15

ម៉ាកុស 15:1-15 គខប

លុះ​ព្រលឹម​ឡើង ពួក​នាយក​បូជា‌ចារ្យ*​ប្រជុំ​គ្នា​ជា​មួយ​ពួក​ព្រឹទ្ធា‌ចារ្យ* ពួក​អាចារ្យ* និង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់*​ទាំង​មូល។ គេ​បាន​ចង​ព្រះ‌យេស៊ូ ហើយ​បញ្ជូន​ព្រះអង្គ​ទៅ​លោក​ពីឡាត។ លោក​ពីឡាត​សួរ​ព្រះអង្គ​ថា៖ «តើ​អ្នក​ជា​ស្ដេច​យូដា​មែន​ឬ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «លោក​ទេ​តើ ដែល​មាន​ប្រសាសន៍​ដូច្នេះ!»។ ពួក​នាយក​បូជា‌ចារ្យ​បាន​យក​រឿង​ជា​ច្រើន​មក​ចោទ​ប្រកាន់​ព្រះ‌យេស៊ូ។ លោក​ពីឡាត​សួរ​ព្រះអង្គ​ម្ដង​ទៀត​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​មិន​ឆ្លើយ​អ្វី​សោះ​ដូច្នេះ? អ្នក​មិន​ឮ​ពាក្យ​ទាំង​ប៉ុន្មាន​ដែល​គេ​ចោទ​ប្រកាន់​អ្នក​ទេ​ឬ?»។ ព្រះ‌យេស៊ូ​ពុំ​ឆ្លើយ​តប​ទៀត​ឡើយ ជា​ហេតុ​នាំ​ឲ្យ​លោក​ពីឡាត​ងឿង‌ឆ្ងល់​ជា​ខ្លាំង។ ជា​រៀង​រាល់​ឆ្នាំ ក្នុង​ឱកាស​បុណ្យ​ចម្លង លោក​ពីឡាត​តែង​លែង​អ្នក​ទោស​ម្នាក់​តាម​ពាក្យ​សុំ​របស់​បណ្ដា‌ជន។ មាន​បុរស​ម្នាក់​ឈ្មោះ បារ៉ា‌បាស ជាប់​ឃុំ‌ឃាំង​ជា​មួយ​ពួក​បះ‌បោរ ដែល​សម្លាប់​មនុស្ស​ម្នាក់​នៅ​ពេល​កើត​ចលាចល។ បណ្ដា‌ជន​នាំ​គ្នា​ឡើង​ទៅ​ជួប​លោក​ពីឡាត សុំ​ឲ្យ​លោក​ដោះ​លែង​អ្នក​ទោស​ម្នាក់ តាម​ទម្លាប់​ដែល​លោក​ធ្លាប់​អនុ‌គ្រោះ​ដល់​គេ។ លោក​ពីឡាត​មាន​ប្រសាសន៍​សួរ​ថា៖ «តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​ខ្ញុំ​ដោះ​លែង​ស្ដេច​យូដា​ឬ?»។ លោក​មាន​ប្រសាសន៍​ដូច្នេះ មក​ពី​លោក​ជ្រាប​ថា ពួក​នាយក​បូជា‌ចារ្យ​បញ្ជូន​ព្រះ‌យេស៊ូ​មក​លោក ព្រោះ​ពួក​គេ​មាន​ចិត្ត​ច្រណែន។ ពួក​នាយក​បូជា‌ចារ្យ*​នាំ​គ្នា​បញ្ចុះ‌បញ្ចូល​បណ្ដា‌ជន​សុំ​ឲ្យ​លោក​ពីឡាត​ដោះ​លែង​បារ៉ា‌បាស​វិញ។ លោក​ពីឡាត​មាន​ប្រសាសន៍​ទៅ​គេ​ម្ដង​ទៀត​ថា៖ «បើ​ដូច្នេះ តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ដល់​អ្នក​ដែល​អ្នក​រាល់​គ្នា​ហៅ​ថា ស្ដេច​យូដា​នេះ?»។ គេ​ស្រែក​ឡើង​ថា៖ «ឆ្កាង​ទៅ!»។ លោក​ពីឡាត​សួរ​ថា៖ «តើ​អ្នក​នេះ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​អ្វី?»។ ប៉ុន្តែ គេ​នាំ​គ្នា​ស្រែក​កាន់​តែ​ខ្លាំង​ឡើងៗ​ថា៖ «ឆ្កាង​ទៅ!»។ លោក​ពីឡាត​ចង់​បំពេញ​ចិត្ត​បណ្ដា‌ជន ក៏​ដោះ​លែង​បារ៉ា‌បាស។ បន្ទាប់​ពី​បញ្ជា​ឲ្យ​គេ​វាយ​ព្រះ‌យេស៊ូ​នឹង​រំពាត់​រួច​ហើយ លោក​ប្រគល់​ទៅ​ឲ្យ​គេ​ឆ្កាង។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ម៉ាកុស 15:1-15