ម៉ាកុស 14:22-31

ម៉ាកុស 14:22-31 គខប

នៅ​ពេល​កំពុង​បរិ‌ភោគ ព្រះ‌យេស៊ូ​យក​នំប៉័ង​មក​កាន់ ព្រះអង្គ​សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់ ហើយ​កាច់​ប្រទាន​ឲ្យ​គេ ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «សុំ​ពិសា​ចុះ នេះ​ជា​រូប​កាយ​របស់​ខ្ញុំ»។ បន្ទាប់​មក ព្រះអង្គ​យក​ពែង​មក​កាន់ អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ រួច​ប្រទាន​ឲ្យ​ពួក​សិស្ស* ពួក​សិស្ស​ក៏​បរិ‌ភោគ​ទាំង​អស់​គ្នា។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «នេះ​ជា​លោហិត​របស់​ខ្ញុំ គឺ​លោហិត​នៃ​សម្ពន្ធ‌មេត្រី ដែល​ត្រូវ​បង្ហូរ​សម្រាប់​មនុស្ស​ទាំង​អស់។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ខ្ញុំ​នឹង​មិន​ពិសា​ស្រា​ទំពាំង‌បាយជូរ​ទៀត​ឡើយ រហូត​ដល់​ថ្ងៃ​ដែល​ខ្ញុំ​នឹង​ពិសា​ស្រា​ទំពាំង‌បាយជូរ​ថ្មី នៅ​ក្នុង​ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់»។ ក្រោយ​ពី​បាន​ច្រៀង​ទំនុកតម្កើង រួច​ហើយ ព្រះ‌យេស៊ូ​យាង​ឆ្ពោះ​ទៅ​ភ្នំ​ដើម​អូលីវ​ជា​មួយ​ពួក​សិស្ស។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស*​ថា៖ «អ្នក​ទាំង​អស់​គ្នា​នឹង​បោះ​បង់​ចោល​ខ្ញុំ ដ្បិត​មាន​ចែង​ទុក​មក​ថា “យើង​នឹង​វាយ​សម្លាប់​គង្វាល ហើយ​ចៀម​នឹង​ត្រូវ​ខ្ចាត់‌ខ្ចាយ” ។ ក៏​ប៉ុន្តែ ក្រោយ​ពេល​ខ្ញុំ​មាន​ជីវិត​រស់​ឡើង​វិញ ខ្ញុំ​នឹង​ទៅ​ស្រុក​កាលី‌ឡេ​មុន​អ្នក​រាល់​គ្នា»។ លោក​ពេត្រុស​ទូល​ព្រះអង្គ​ថា៖ «ទោះ​បី​អ្នក​ឯ​ទៀតៗ​បោះ‌បង់​ចោល​ព្រះអង្គ​ក៏​ដោយ ក៏​ទូលបង្គំ​មិន​បោះ‌បង់​ចោល​ព្រះអង្គ​ជា​ដាច់​ខាត»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​ដឹង​ច្បាស់​ថា នៅ​យប់​នេះ​ឯង មុន​មាន់​រងាវ​ពីរ​ដង អ្នក​នឹង​បដិសេធ​បី​ដង​ថា មិន​ស្គាល់​ខ្ញុំ»។ ប៉ុន្តែ លោក​ពេត្រុស​ប្រកែក​រឹត​តែ​ខ្លាំង​ឡើង​ថា៖ «ទោះ​បី​ទូលបង្គំ​ត្រូវ​ស្លាប់​ជា​មួយ​ព្រះអង្គ​ក៏​ដោយ ក៏​ទូលបង្គំ​មិន​បដិសេធ​ថា​មិន​ស្គាល់​ព្រះអង្គ​ជា​ដាច់​ខាត»។ សិស្ស​ឯ​ទៀតៗ​ក៏​ទូល​ព្រះអង្គ​ដូច​លោក​ពេត្រុស​ដែរ។