នៅថ្ងៃដំបូងនៃពិធីបុណ្យនំប៉័ងឥតមេ* ជាថ្ងៃដែលគេត្រូវសម្លាប់កូនចៀមធ្វើយញ្ញបូជា*សម្រាប់បុណ្យចម្លង* ពួកសិស្ស*ទូលសួរព្រះយេស៊ូថា៖ «តើព្រះគ្រូចង់ឲ្យយើងខ្ញុំរៀបចំពិធីជប់លៀងជូន ក្នុងឱកាសបុណ្យចម្លង* នៅកន្លែងណា?»។ ព្រះអង្គចាត់សិស្ស*ពីររូបឲ្យទៅ ដោយមានព្រះបន្ទូលថា៖ «ចូរអ្នកទៅទីក្រុង អ្នកនឹងជួបបុរសម្នាក់លីក្អមទឹក។ ចូរដើរតាមគាត់ទៅ គាត់ចូលផ្ទះណា អ្នកត្រូវនិយាយទៅម្ចាស់ផ្ទះនោះថា លោកគ្រូមានប្រសាសន៍ថា “បន្ទប់ដែលខ្ញុំនឹងត្រូវជប់លៀងជាមួយពួកសិស្ស ក្នុងពេលបុណ្យចម្លង*នៅឯណា?”។ ម្ចាស់ផ្ទះនឹងបង្ហាញបន្ទប់មួយយ៉ាងធំនៅជាន់ខាងលើ ដែលមានប្រដាប់ប្រដាសព្វគ្រប់រៀបចំជាស្រេច ចូររៀបចំម្ហូបអាហារសម្រាប់យើង នៅក្នុងបន្ទប់នោះចុះ»។ សិស្ស*ទាំងពីរក៏ចេញទៅ លុះដល់ទីក្រុង គេបានឃើញដូចព្រះយេស៊ូមានព្រះបន្ទូលប្រាប់មែន គេក៏រៀបចំម្ហូបអាហារសម្រាប់បុណ្យចម្លង។ លុះដល់ល្ងាច ព្រះអង្គយាងមកដល់ជាមួយសិស្ស ទាំងដប់ពីររូប។ នៅពេលព្រះយេស៊ូរួមតុ សោយព្រះស្ងោយជាមួយពួកសិស្ស ព្រះអង្គមានព្រះបន្ទូលថា៖ «ខ្ញុំសុំប្រាប់អ្នករាល់គ្នាឲ្យដឹងច្បាស់ថា ក្នុងចំណោមអ្នករាល់គ្នាដែលបរិភោគជាមួយខ្ញុំ មានម្នាក់នឹងនាំគេមកចាប់ខ្ញុំ»។ ពួកសិស្សព្រួយចិត្តក្រៃលែង គេទូលសួរព្រះអង្គបន្ដបន្ទាប់គ្នាថា៖ «តើទូលបង្គំឬ?»។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «គឺម្នាក់ក្នុងចំណោមអ្នកទាំងដប់ពីរ ដែលកំពុងជ្រលក់នំប៉័ងក្នុងចានជាមួយខ្ញុំនេះហើយ។ បុត្រមនុស្ស*ត្រូវតែស្លាប់ដូចមានចែងទុកក្នុងគម្ពីរអំពីលោកស្រាប់ហើយ។ ប៉ុន្តែ អ្នកដែលនាំគេមកចាប់បុត្រមនុស្ស នឹងត្រូវវេទនាជាមិនខាន។ ចំពោះអ្នកនោះ បើមិនបានកើតមកទេទើបប្រសើរជាង»។ នៅពេលកំពុងបរិភោគ ព្រះយេស៊ូយកនំប៉័ងមកកាន់ ព្រះអង្គសរសើរតម្កើងព្រះជាម្ចាស់ ហើយកាច់ប្រទានឲ្យគេ ទាំងមានព្រះបន្ទូលថា៖ «សុំពិសាចុះ នេះជារូបកាយរបស់ខ្ញុំ»។ បន្ទាប់មក ព្រះអង្គយកពែងមកកាន់ អរព្រះគុណព្រះជាម្ចាស់ រួចប្រទានឲ្យពួកសិស្ស* ពួកសិស្សក៏បរិភោគទាំងអស់គ្នា។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «នេះជាលោហិតរបស់ខ្ញុំ គឺលោហិតនៃសម្ពន្ធមេត្រី ដែលត្រូវបង្ហូរសម្រាប់មនុស្សទាំងអស់។ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ខ្ញុំនឹងមិនពិសាស្រាទំពាំងបាយជូរទៀតឡើយ រហូតដល់ថ្ងៃដែលខ្ញុំនឹងពិសាស្រាទំពាំងបាយជូរថ្មី នៅក្នុងព្រះរាជ្យព្រះជាម្ចាស់»។ ក្រោយពីបានច្រៀងទំនុកតម្កើង រួចហើយ ព្រះយេស៊ូយាងឆ្ពោះទៅភ្នំដើមអូលីវជាមួយពួកសិស្ស។
អាន ម៉ាកុស 14
ស្ដាប់នូវ ម៉ាកុស 14
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាកុស 14:12-26
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ