ពេលព្រះយេស៊ូយាងចេញពីព្រះវិហារ*ទៅ មានសិស្ស*ម្នាក់ទូលព្រះអង្គថា៖ «ព្រះគ្រូ សូមមើលថ្មនុ៎ះស្អាតណាស់! វិមានទាំងនេះល្អវិសេសវិសាលបំផុត»។ ព្រះយេស៊ូមានព្រះបន្ទូលទៅសិស្សនោះវិញថា៖ «ថ្ងៃក្រោយ វិមានដ៏ស្កឹមស្កៃដែលអ្នកឃើញនេះ នឹងត្រូវរលំបាក់បែកអស់ លែងមានថ្មត្រួតពីលើថ្មទៀតហើយ»។ ព្រះអង្គគង់នៅលើភ្នំដើមអូលីវទល់មុខព្រះវិហារ*។ លោកពេត្រុស លោកយ៉ាកុប លោកយ៉ូហាន និងលោកអនទ្រេ ទូលសួរព្រះអង្គដាច់ឡែកពីគេថា៖ «សូមព្រះគ្រូប្រាប់ឲ្យយើងខ្ញុំដឹងផង ហេតុការណ៍ទាំងនេះនឹងកើតឡើងនៅពេលណា? តើមានអ្វីជាសម្គាល់ឲ្យយើងខ្ញុំដឹងថា ព្រឹត្តិការណ៍ទាំងនេះនឹងដល់ទីបញ្ចប់?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ចូរប្រុងប្រយ័ត្ន កុំបណ្ដោយនរណាមកបញ្ឆោតអ្នករាល់គ្នាឲ្យវង្វេងឡើយ ដ្បិតនឹងមានមនុស្សជាច្រើនយកឈ្មោះខ្ញុំមកប្រើ ដោយពោលថា៖ “ខ្ញុំនេះហើយជាព្រះគ្រិស្ត*!”។ គេនឹងនាំមនុស្សជាច្រើនឲ្យវង្វេង។ កាលណាអ្នករាល់គ្នាឮគេនិយាយអំពីសង្គ្រាម និងឮដំណឹងថាមានសង្គ្រាមផ្ទុះឡើង មិនត្រូវជ្រួលច្របល់ឡើយ ដ្បិតហេតុការណ៍ទាំងនេះត្រូវតែកើតឡើង ប៉ុន្តែ មិនទាន់ដល់អវសានកាលនៃពិភពលោកនៅឡើយទេ។ ប្រជាជាតិមួយនឹងធ្វើសង្គ្រាមតទល់នឹងប្រជាជាតិមួយទៀត ប្រទេសមួយតទល់នឹងប្រទេសមួយទៀត ។ នៅកន្លែងខ្លះនឹងមានរញ្ជួយផែនដី ព្រមទាំងមានកើតទុរ្ភិក្សផង។ ហេតុការណ៍ទាំងនេះប្រៀបបាននឹងការឈឺចាប់ដើមដំបូងរបស់ស្ត្រី ដែលហៀបនឹងសម្រាលកូន។ ចូរអ្នករាល់គ្នាប្រុងប្រយ័ត្នខ្លួនឲ្យមែនទែន ដ្បិតគេនឹងបញ្ជូនអ្នករាល់គ្នាទៅកន្លែងកាត់ទោស គេនឹងយករំពាត់វាយអ្នករាល់គ្នានៅក្នុងសាលាប្រជុំ* គេនឹងនាំអ្នករាល់គ្នាទៅឲ្យទេសាភិបាល និងឲ្យស្ដេចកាត់ទោស ព្រោះតែអ្នករាល់គ្នាតាមខ្ញុំ។ ប៉ុន្តែ ជាឱកាសសម្រាប់អ្នករាល់គ្នាផ្ដល់សក្ខីភាពឲ្យគេដឹងឮ។ ត្រូវប្រកាសដំណឹងល្អ*ឲ្យមនុស្សគ្រប់ជាតិគ្រប់សាសន៍បានឮជាមុនសិន។ ពេលគេចាប់អ្នករាល់គ្នាបញ្ជូនទៅកាត់ទោស កុំភ័យបារម្ភជាមុននឹងរកពាក្យដែលអ្នករាល់គ្នាត្រូវនិយាយនោះឡើយ ត្រូវនិយាយតាមតែព្រះជាម្ចាស់ប្រទានឲ្យអ្នករាល់គ្នានិយាយ នៅពេលនោះ ដ្បិតមិនមែនអ្នករាល់គ្នាទេដែលនិយាយ គឺព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ទេតើ ដែលនឹងមានព្រះបន្ទូល។ បងប្អូននឹងចាប់បញ្ជូនគ្នាទៅឲ្យគេសម្លាប់ ឪពុកនឹងចាប់បញ្ជូនកូនទៅឲ្យគេសម្លាប់ ហើយកូនៗលើកគ្នាប្រឆាំងនឹងឪពុកម្ដាយ ព្រមទាំងបញ្ជូនទៅឲ្យគេសម្លាប់ទៀតផង។ មនុស្សគ្រប់រូបនឹងស្អប់អ្នករាល់គ្នា ព្រោះតែឈ្មោះខ្ញុំ។ ប៉ុន្តែ អ្នកណាស៊ូទ្រាំរហូតដល់ទីបញ្ចប់ ព្រះជាម្ចាស់នឹងសង្គ្រោះអ្នកនោះ»។ «ពេលណាអ្នករាល់គ្នាឃើញ ជនចង្រៃដ៏គួរឲ្យស្អប់ខ្ពើម ឈរនៅកន្លែងដែលមិនត្រូវឈរ - សូមឲ្យអ្នកអានយល់ពាក្យនេះចុះ - ពេលនោះ អស់អ្នកដែលរស់ក្នុងស្រុកយូដាត្រូវនាំគ្នារត់ទៅជ្រកនៅតាមភ្នំ។ រីឯអ្នកនៅលើដំបូលផ្ទះ មិនត្រូវចុះមកយករបស់អ្វីដែលនៅក្នុងផ្ទះឡើយ ហើយអ្នកដែលនៅឯចម្ការ ក៏មិនត្រូវវិលទៅផ្ទះយកអាវធំរបស់ខ្លួនដែរ។ គ្រានោះ ស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅកូន មុខជាវេទនាពុំខាន។ ចូរទូលអង្វរព្រះជាម្ចាស់ សូមកុំឲ្យហេតុការណ៍ទាំងនេះកើតឡើងនៅរដូវត្រជាក់ឡើយ ដ្បិតពេលនោះ ជាពេលមាន ទុក្ខវេទនាយ៉ាងខ្លាំង តាំងពីដើមកំណើតពិភពលោកមក គឺចាប់ពីពេលដែលព្រះជាម្ចាស់បង្កើតអ្វីៗទាំងអស់មកទល់សព្វថ្ងៃ ហើយទោះជាទៅថ្ងៃមុខទៀត ក៏ពុំដែលមានទុក្ខលំបាកខ្លាំងយ៉ាងនេះដែរ ។ ប្រសិនបើព្រះអម្ចាស់មិនបន្ថយចំនួនថ្ងៃទាំងនោះទេ មុខជាគ្មានមនុស្សណារួចជីវិតឡើយ ប៉ុន្តែ ព្រះអង្គបន្ថយចំនួនថ្ងៃទាំងនោះ ដោយយោគយល់ដល់ពួកអ្នកដែលព្រះអង្គបានជ្រើសរើស។ ប្រសិនបើមានគេប្រាប់អ្នករាល់គ្នាថា “ព្រះគ្រិស្ត*គង់នៅទីនេះ ឬនៅទីនោះ” កុំជឿគេឡើយ ដ្បិតនឹងមានមនុស្សក្លែងខ្លួនធ្វើជាព្រះគ្រិស្ត ព្រមទាំងមានព្យាការីក្លែងក្លាយ នាំគ្នាសម្តែងទីសម្គាល់ដ៏អស្ចារ្យ និងឫទ្ធិបាដិហារិយ៍ផ្សេងៗ ដើម្បីបញ្ឆោតមនុស្សរហូតដល់ទៅនាំពួកអ្នកដែលព្រះអង្គជ្រើសរើសឲ្យវង្វេងថែមទៀតផង ប្រសិនបើគេអាចធ្វើបាន។ ចូរប្រុងប្រយ័ត្ន ដ្បិតខ្ញុំនិយាយប្រាប់ឲ្យអ្នករាល់គ្នាដឹងជាមុនសព្វគ្រប់ហើយ»។
អាន ម៉ាកុស 13
ស្ដាប់នូវ ម៉ាកុស 13
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាកុស 13:1-23
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ