ម៉ាកុស 12:1-12

ម៉ាកុស 12:1-12 គខប

បន្ទាប់​មក ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ជា​ប្រស្នា​ថា៖ «មាន​បុរស​ម្នាក់​ដាំ​ទំពាំង‌បាយជូរ​មួយ​ចម្ការ។ គាត់​បាន​ធ្វើ​របង​ព័ទ្ធ​ជុំ‌វិញ គាត់​រៀបចំ​កន្លែង​មួយ ដើម្បី​បញ្ជាន់​ផ្លែ​ទំពាំង‌បាយជូរ ព្រម​ទាំង​សង់​ខ្ទម​មួយ​ផង។ បន្ទាប់​មក គាត់​ប្រវាស់​ឲ្យ​ពួក​កសិករ​មើល​ថែ‌ទាំ រួច​ចេញ​ដំណើរ​ពី​ស្រុក​នោះ​ទៅ។ លុះ​ដល់​ទំពាំង‌បាយជូរ​ទុំ គាត់​ក៏​ចាត់​អ្នក​បម្រើ​ម្នាក់​ឲ្យ​មក​ទទួល​ផល ដែល​ជា​ចំណែក​របស់​គាត់​ពី​ពួក​អ្នក​ថែ​ចម្ការ។ គេ​នាំ​គ្នា​ចាប់​អ្នក​បម្រើ​នោះ​វាយ‌ដំ ហើយ​បណ្ដេញ​ឲ្យ​ត្រឡប់​ទៅ​វិញ​ដៃ​ទទេ។ ម្ចាស់​ចម្ការ​ក៏​ចាត់​អ្នក​បម្រើ​ម្នាក់​ទៀត​ឲ្យ​មក ប៉ុន្តែ ពួក​អ្នក​ថែ​ចម្ការ​នាំ​គ្នា​វាយ​ក្បាល​អ្នក​បម្រើ​នោះ ហើយ​ជេរ​ស្ដី​ទៀត​ផង។ ម្ចាស់​ចម្ការ​ចាត់​អ្នក​បម្រើ​ម្នាក់​ផ្សេង​ទៀត​ឲ្យ​មក។ អ្នក​ថែ​ចម្ការ​បាន​សម្លាប់​អ្នក​បម្រើ​នោះ។ បន្ទាប់​មក អ្នក​បម្រើ​ផ្សេង​ទៀត​ជា​ច្រើន​រូប​ក៏​រង​គ្រោះ​ដូច្នោះ​ដែរ ខ្លះ​ត្រូវ​គេ​វាយ‌ដំ ខ្លះ​ត្រូវ​គេ​សម្លាប់។ ម្ចាស់​ចម្ការ​មាន​បុត្រ​ដ៏​ជា​ទី​ស្រឡាញ់​តែ​មួយ​គត់ គាត់​ចាត់​បុត្រ​នោះ​ឲ្យ​មក​ក្រោយ​គេ​បង្អស់ ដោយ​យល់​ថា “គេ​មុខ​ជា​គោរព​កោត​ខ្លាច​កូន​ប្រុស​ខ្ញុំ​មិន​ខាន”។ ប៉ុន្តែ ពួក​កសិករ​ថែ​ចម្ការ​ទាំង​នោះ​ពិគ្រោះ​គ្នា​ថា “អ្នក​នេះ​ជា​អ្នក​ទទួល​កេរ‌មត៌ក​ពី​ម្ចាស់​ចម្ការ​ទៅ​ថ្ងៃ​ក្រោយ យើង​នាំ​គ្នា​សម្លាប់​វា​ទៅ ចម្ការ​នេះ​នឹង​ធ្លាក់​មក​ជា​សម្បត្តិ​របស់​យើង”។ គេ​ក៏​ចាប់​កូន​ប្រុស​ម្ចាស់​ចម្ការ​យក​មក​សម្លាប់ រួច​បោះ​ទៅ​ក្រៅ​ចម្ការ​ទំពាំង‌បាយជូរ។ តើ​ម្ចាស់​ចម្ការ​ធ្វើ​យ៉ាង​ដូច​ម្ដេច? គាត់​មុខ​ជា​មក​សម្លាប់​អ្នក​ថែ‌រក្សា​ចម្ការ​ទាំង​នោះ​មិន​ខាន រួច​ប្រគល់​ចម្ការ​ទំពាំង‌បាយជូរ​ទៅ​ឲ្យ​អ្នក​ផ្សេង​ទៀត។ អ្នក​រាល់​គ្នា​ពិត​ជា​ធ្លាប់​អាន​អត្ថ‌បទ​គម្ពីរ ដែល​មាន​ចែង​ថា: “ថ្ម​ដែល​ពួក​ជាង​សង់​ផ្ទះ​បោះ​ចោល បាន​ត្រឡប់​មក​ជា​គ្រឹះ​ដ៏​សំខាន់​បំផុត។ ព្រះ‌អម្ចាស់​បាន​សម្រេច​ការ‌អស្ចារ្យ​នេះ យើង​បាន​ឃើញ ហើយ​ស្ងើច​សរសើរ​ផង” »។ ពួក​មេ​ដឹក​នាំ​សាសន៍​យូដា​យល់​ថា ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ជា​ពាក្យ​ប្រស្នា​នេះ​សំដៅ​លើ​ពួក​គេ គេ​ក៏​នាំ​គ្នា​រក​មធ្យោ‌បាយ​ចាប់​ព្រះអង្គ ប៉ុន្តែ គេ​ខ្លាច​បណ្ដា‌ជន ដូច្នេះ គេ​ក៏​ចាក​ចេញ​ពី​ព្រះ‌យេស៊ូ​ទៅ។

វីដេអូសម្រាប់ ម៉ាកុស 12:1-12