ម៉ាកុស 10:1-12

ម៉ាកុស 10:1-12 គខប

ព្រះ‌យេស៊ូ​យាង​ចេញ​ពី​ទី​នោះ​ឆ្ពោះ​ទៅ​ស្រុក​យូដា និង​ត្រើយ​ខាង​នាយ​ទន្លេ​យ័រដាន់។ មហា‌ជន​នាំ​គ្នា​ទៅ​រក​ព្រះអង្គ​សា​ជា​ថ្មី ព្រះអង្គ​ក៏​ចាប់​ផ្ដើម​បង្រៀន​គេ​តាម​ទម្លាប់​របស់​ព្រះអង្គ។ មាន​ពួក​ខាង​គណៈ​ផារី‌ស៊ី*​ចូល​មក​ជិត ក្នុង​គោល​បំណង​ល្បង‌ល​មើល​ព្រះអង្គ។ គេ​ទូល​សួរ​ព្រះអង្គ​ថា៖ «តើ​ស្វាមី​មាន​សិទ្ធិ​លែង​ភរិយា​បាន​ឬ​ទេ?»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «តើ​លោក​ម៉ូសេ​បង្គាប់​អ្នក​រាល់​គ្នា​ឲ្យ​ធ្វើ​អ្វី?»។ គេ​ទូល​តប​ថា៖ «លោក​ម៉ូសេ​អនុញ្ញាត​ឲ្យ​ស្វាមី​ធ្វើ​លិខិត​លែង‌លះ​ប្រពន្ធ​បាន»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «លោក​ម៉ូសេ​ចែង​បទ‌បញ្ជា*​ទាំង​នេះ​ឲ្យ​អ្នក​រាល់​គ្នា ព្រោះ​តែ​អ្នក​រាល់​គ្នា​មាន​ចិត្ត​រឹង‌រូស។ ប៉ុន្តែ កាល​ដើម​ដំបូង នៅ​ពេល​ដែល​ព្រះ‌ជាម្ចាស់​បាន​បង្កើត​ពិភព​លោក ព្រះអង្គ​បង្កើត​មនុស្ស​មក​ជា​បុរស​ជា​ស្ត្រី ។ “ហេតុ​នេះ​ហើយ​បាន​ជា​បុរស​ត្រូវ​ចាក​ចេញ​ពី​ឪពុក​ម្ដាយ [ទៅ​រួម​រស់​ជា​មួយ​ភរិយា​របស់​ខ្លួន] ហើយ​អ្នក​ទាំង​ពីរ​ត្រឡប់​ទៅ​ជា​រូប​កាយ​តែ​មួយ” គេ​មិន​មែន​ជា​បុគ្គល​ពីរ​នាក់​ទៀត​ទេ គឺ​ជា​រូប​កាយ​តែ​មួយ​វិញ។ ដូច្នេះ មនុស្ស​មិន​ត្រូវ​បំបាក់​បំបែក​គូ‌ស្រករ ដែល​ព្រះ‌ជាម្ចាស់​បាន​ផ្សំ​ផ្គុំ​នោះ​ឡើយ»។ ពេល​ទៅ​ដល់​ផ្ទះ ពួក​សិស្ស​ទូល​សួរ​ព្រះ‌យេស៊ូ​អំពី​រឿង​នេះ​ម្ដង​ទៀត។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ប្រសិន​បើ​ស្វាមី​ណា​លែង​ភរិយា ហើយ​ទៅ​រៀបការ​នឹង​ស្ត្រី​ម្នាក់​ទៀត ស្វាមី​នោះ​បាន​ផិត​ក្បត់​ភរិយា​របស់​ខ្លួន។ រីឯ​ភរិយា​ណា​ដែល​លែង​ស្វាមី ហើយ​ទៅ​រៀបការ​នឹង​បុរស​ម្នាក់​ទៀត ស្ត្រី​នោះ​ក៏​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ដែរ»។