ម៉ាកុស 1:40-45

ម៉ាកុស 1:40-45 គខប

មាន​មនុស្ស​ឃ្លង់​ម្នាក់​ចូល​មក​រក​ព្រះ‌យេស៊ូ គាត់​លុត​ជង្គង់ ទូល‌អង្វរ​ព្រះអង្គ​ថា៖ «ប្រសិន​បើ​លោក​មិន​យល់​ទាស់​ទេ សូម​ប្រោស​ខ្ញុំ​ប្របាទ​ឲ្យ​ជា​ស្អាត​បរិសុទ្ធ*​ផង»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌ហឫទ័យ​អាណិត‌អាសូរ​គាត់ ពន់‌ពេក​ណាស់ ព្រះអង្គ​ក៏​លូក​ព្រះ‌ហស្ដ​ទៅ​ពាល់​គាត់ ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​យល់​ព្រម​ហើយ ចូរ​ឲ្យ​ជា​ស្អាត​បរិសុទ្ធ​ចុះ!»។ មនុស្ស​ឃ្លង់​ក៏​ជា​ស្អាត​បរិសុទ្ធ​ភ្លាម។ បន្ទាប់​មក ព្រះ‌យេស៊ូ​ដេញ​គាត់​ឲ្យ​ចេញ​ទៅ​ភ្លាម ទាំង​មាន​ព្រះ‌បន្ទូល​យ៉ាង​តឹង‌រ៉ឹង​ថា៖ «ចូរ​ប្រយ័ត្ន​ឲ្យ​មែន​ទែន កុំ​និយាយ​ហេតុ‌ការណ៍​នេះ​ប្រាប់​ឲ្យ​នរណា​ដឹង​ឡើយ! ផ្ទុយ​ទៅ​វិញ ត្រូវ​ទៅ​បង្ហាញ​ខ្លួន​ដល់​លោក​បូជា‌ចារ្យ* រួច​ថ្វាយ​តង្វាយ ដូច​លោក​ម៉ូសេ*​បាន​បង្គាប់​ទុក ដើម្បី​ជា​សក្ខីភាព​បញ្ជាក់​ថា អ្នក​បាន​ជា​ស្អាត​បរិសុទ្ធ​មែន»។ ប៉ុន្តែ បុរស​នោះ​ចេញ​ទៅ​ប្រកាស និង​ផ្សព្វ‌ផ្សាយ​រឿង​នេះ​នៅ​គ្រប់​កន្លែង​ឲ្យ​គេ​ដឹង។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌យេស៊ូ​មិន​អាច​យាង​ចូល​ទីក្រុង ដូច​ពី​មុន​ទៀត​ឡើយ គឺ​ព្រះអង្គ​គង់​នៅ​តែ​ខាង​ក្រៅ​ទីក្រុង ត្រង់​កន្លែង​ស្ងាត់ៗ ហើយ​មាន​មនុស្ស​ពី​គ្រប់​ទិស‌ទី​នាំ​គ្នា​មក​គាល់​ព្រះអង្គ។