ម៉ាកុស 1:14-20

ម៉ាកុស 1:14-20 គខប

ក្រោយ​គេ​ចាប់​លោក​យ៉ូហាន​យក​ទៅ​ឃុំ‌ឃាំង ព្រះ‌យេស៊ូ​យាង​ទៅ​ស្រុក​កាលី‌ឡេ ហើយ​ប្រកាស​ដំណឹង‌ល្អ*​របស់​ព្រះ‌ជាម្ចាស់។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ពេល​កំណត់​មក​ដល់​ហើយ រីឯ​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់​ក៏​មក​ជិត​បង្កើយ​ដែរ។ ចូរ​នាំ​គ្នា​កែ​ប្រែ​ចិត្ត​គំនិត ហើយ​ជឿ​ដំណឹង‌ល្អ​ចុះ!»។ កាល​ព្រះ‌យេស៊ូ​យាង​តាម​ឆ្នេរ​សមុទ្រ​កាលី‌ឡេ ព្រះ‌អង្គ​ទត​ឃើញ​លោក​ស៊ីម៉ូន និង​លោក​អនទ្រេ ជា​ប្អូន​របស់​គាត់ កំពុង​តែ​បង់​សំណាញ់ ព្រោះ​អ្នក​ទាំង​ពីរ​ជា​អ្នក​នេសាទ​ត្រី។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «សុំ​អញ្ជើញ​មក​តាម​ខ្ញុំ ខ្ញុំ​នឹង​តាំង​អ្នក​ឲ្យ​នេសាទ​មនុស្ស​វិញ»។ អ្នក​ទាំង​ពីរ​ក៏​ទុក​សំណាញ់​នៅ​ទី​នោះ​ភ្លាម រួច​ដើរ​តាម​ព្រះអង្គ​ទៅ។ កាល​ព្រះ‌យេស៊ូ​យាង​ទៅ​មុខ​បន្ដិច ព្រះអង្គ​ទត​ឃើញ​លោក​យ៉ាកុប និង​លោក​យ៉ូហាន ជា​ប្អូន កំពុង​តែ​រៀបចំ​អួន​នៅ​ក្នុង​ទូក​មួយ អ្នក​ទាំង​ពីរ​ជា​កូន​លោក​សេបេ‌ដេ។ ព្រះអង្គ​ត្រាស់​ហៅ​អ្នក​ទាំង​ពីរ​ភ្លាម គេ​ក៏​ដើរ​តាម​ព្រះ‌យេស៊ូ​ទៅ ទុក​ឪពុក​ឲ្យ​នៅ​ក្នុង​ទូក​ជា​មួយ​ពួក​កូន​ឈ្នួល។