មីកា 6:1-8

មីកា 6:1-8 គខប

ចូរ​នាំ​គ្នា​យក​ចិត្ត​ទុក​ដាក់​ស្ដាប់ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល! ចូរ​ក្រោក​ឡើង! នាំ​ពាក្យ​បណ្ដឹង​ទៅ​ប្រាប់ ឲ្យ​ភ្នំ​ធំៗ និង​ភ្នំ​តូចៗ ដឹង​ឮ​ផង! ភ្នំ​ធំ​ទាំង‌ឡាយ​អើយ ចូរ​ស្ដាប់​ពាក្យ​បណ្ដឹង​របស់​ព្រះ‌អម្ចាស់! គ្រឹះ​នៃ​ផែនដី​ដែល​មិន​ចេះ​រង្គើ​អើយ! ចូរ​ស្ដាប់​ពាក្យ​បណ្ដឹង​ដែល​ព្រះ‌អម្ចាស់ ចោទ​ប្រកាន់​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ៖ «ប្រជា‌រាស្ត្រ​យើង​អើយ! តើ​យើង​បាន​ធ្វើ​អ្វី​ខ្លះ​ដល់​អ្នក? តើ​យើង​បាន​ធ្វើ​អ្វី​ឲ្យ​អ្នក​ធុញ‌ទ្រាន់? ចូរ​ឆ្លើយ​មក​យើង​មើល៍! តើ​មក​ពី​យើង​បាន​នាំ​អ្នក​ចេញ​ពី ស្រុក​អេស៊ីប​ឬ? តើ​មក​ពី​យើង​បាន​លោះ​អ្នក ឲ្យ​រួច​ពី​ទាស‌ភាព​ឬ? តើ​មក​ពី​យើង​ចាត់​ម៉ូសេ អើរ៉ុន និង​ម៉ារាម ឲ្យ​នាំ​មុខ​អ្នក​ឬ? ប្រជា‌រាស្ត្រ​យើង​អើយ ចូរ​នឹក​ចាំ​អំពី​គម្រោង‌ការ​ដែល​បាឡាក់ ជា​ស្ដេច​ស្រុក​ម៉ូអាប់ បម្រុង​ធ្វើ​ចំពោះ​អ្នក! ចូរ​នឹក​ចាំ​ពី​ស្ដេច​ដែល​បាឡាម ជា​កូន​របស់​បេអ៊រ ឆ្លើយ​ទៅ​ស្ដេច​នោះ​វិញ! បន្ទាប់​មក យើង​បាន​នាំ​អ្នក​ពី​ស៊ីទីម រហូត​ដល់​គីល‌កាល់។ អ្នក​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ព្រះ‌អម្ចាស់ យើង​ប្រព្រឹត្ត​ចំពោះ​អ្នក​ដោយ​សុចរិត»។ ពេល​ខ្ញុំ​ចូល​ទៅ​គាល់​ព្រះ‌អម្ចាស់ តើ​ខ្ញុំ​ត្រូវ​យក​អ្វី​ទៅ​ជា​មួយ? ពេល​ខ្ញុំ​ទៅ​ក្រាប​ថ្វាយ‌បង្គំ​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត តើ​ខ្ញុំ​ត្រូវ​យក​កូន​គោ​អាយុ​មួយ​ខួប មក​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល​ឬ? តើ​ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫទ័យ​នឹង​ទទួល ចៀម​ឈ្មោល​រាប់​ពាន់​ក្បាល ឬ​ប្រេង​យ៉ាង​ច្រើន​អនេក‌អនន្ត​ឬ? តើ​ខ្ញុំ​ត្រូវ​បូជា​កូន​ច្បង​របស់​ខ្ញុំ ដើម្បី​សុំ​ព្រះអង្គ​លើក‌លែង​ទោស ឬ​បូជា​កូន​ចៅ​របស់​ខ្ញុំ​ថ្វាយ​ព្រះអង្គ ដើម្បី​សុំ​រំដោះ​បាប​ឬ? ឱ​មនុស្ស​អើយ គេ​បាន​ប្រៀន‌ប្រដៅ​អ្នក ឲ្យ​ស្គាល់​ការ​ណា​ដែល​ល្អ និង​ការ​ណា​ដែល​ព្រះ‌អម្ចាស់ សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​អ្នក​ធ្វើ គឺ​អ្នក​ត្រូវ​ប្រតិបត្តិ​តាម​យុត្តិធម៌ ស្រឡាញ់​ភាព​ស្មោះ​ត្រង់ ហើយ​យក​ចិត្ត​ទុក​ដាក់​ដើរ តាម​មាគ៌ា នៃ​ព្រះ​របស់​អ្នក។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង មីកា 6:1-8

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ