មីកា 4:1-5

មីកា 4:1-5 គខប

ថ្ងៃ​ក្រោយ ព្រះ‌អម្ចាស់​នឹង​លើក​ភ្នំ ដែល​មាន​ព្រះ‌ដំណាក់​របស់​ព្រះអង្គ ដាក់​នៅ​លើ​កំពូល​ភ្នំ​ទាំង‌ឡាយ ដើម្បី​ឲ្យ​ភ្នំ​នោះ​បាន​ខ្ពស់​ជាង​គេ ហើយ​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​នឹង​នាំ​គ្នា​ឡើង​ទៅ ជា​ហូរ‌ហែ។ ប្រជា‌ជាតិ​ជា​ច្រើន​នឹង​ឡើង​ទៅ​ភ្នំ​នោះ ទាំង​ពោល​ថា «ចូរ​នាំ​គ្នា​មក! យើង​ឡើង​លើ​ភ្នំ​របស់​ព្រះ‌អម្ចាស់ យើង​ឡើង​ទៅ​ព្រះ‌ដំណាក់​នៃ​ព្រះ​របស់ លោក​យ៉ាកុប។ ព្រះអង្គ​នឹង​បង្រៀន​យើង​អំពី​មាគ៌ា​របស់​ព្រះអង្គ ហើយ​យើង​នឹង​ដើរ​តាម​មាគ៌ា​នេះ» ដ្បិត​ការ​ប្រៀន‌ប្រដៅ​ចេញ​មក​ពី​ក្រុង​ស៊ីយ៉ូន ហើយ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ក៏​ចេញ​មក​ពី​ក្រុង​យេរូ‌សាឡឹម​ដែរ។ ព្រះអង្គ​នឹង​ធ្វើ​ជា​ចៅ‌ក្រម​រវាង ជាតិ​សាសន៍​ដ៏​ច្រើន ព្រះអង្គ​នឹង​សម្រុះ‌សម្រួល​ប្រជា‌ជាតិ​ដ៏​ខ្លាំង​ពូកែ ដែល​នៅ​ឆ្ងាយៗ ឲ្យ​ឈប់​ទាស់‌ទែង​គ្នា។ ពេល​នោះ ពួក​គេ​នឹង​យក​ដាវ​របស់​ខ្លួន មក​ដំ​ធ្វើ​ជា​ផាល​នង្គ័ល ហើយ​យក​លំពែង​ដំ​ធ្វើ​ជា​កណ្ដៀវ​វិញ។ ប្រជា‌ជាតិ​មួយ​ឈប់​ច្បាំង​នឹង ប្រជា‌ជាតិ​មួយ​ទៀត ហើយ​គេ​ក៏​លែង​ហ្វឹក‌ហាត់​ធ្វើ​សង្គ្រាម​ដែរ។ មនុស្ស‌ម្នា​នឹង​រស់​នៅ​យ៉ាង​សុខ‌សាន្ត ក្រោម​ម្លប់​ដើម​ទំពាំង‌បាយជូរ និង​ដើម​ឧទុម្ពរ​របស់​គេ​រៀងៗ​ខ្លួន។ គ្មាន​នរណា​មក​រំខាន​ពួក​គេ​ឡើយ ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច្នេះ។ ជាតិ​សាសន៍​ទាំង​ប៉ុន្មាន​នាំ​គ្នា​ដើរ​តាម ព្រះ​របស់​គេ​រៀងៗ​ខ្លួន រីឯ​ពួក​យើង​វិញ យើង​នាំ​គ្នា​ដើរ​តាម​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​យើង​ជានិច្ច រហូត​ត​រៀង​ទៅ។