មីកា 4
4
ព្រះអម្ចាស់នឹងស្ដារក្រុងយេរូសាឡឹមឡើងវិញ
1ថ្ងៃក្រោយ ព្រះអម្ចាស់នឹងលើកភ្នំ
ដែលមានព្រះដំណាក់របស់ព្រះអង្គ
ដាក់នៅលើកំពូលភ្នំទាំងឡាយ
ដើម្បីឲ្យភ្នំនោះបានខ្ពស់ជាងគេ
ហើយប្រជាជាតិទាំងប៉ុន្មាននឹងនាំគ្នាឡើងទៅ
ជាហូរហែ។
2ប្រជាជាតិជាច្រើននឹងឡើងទៅភ្នំនោះ
ទាំងពោលថា «ចូរនាំគ្នាមក!
យើងឡើងលើភ្នំរបស់ព្រះអម្ចាស់
យើងឡើងទៅព្រះដំណាក់នៃព្រះរបស់
លោកយ៉ាកុប។
ព្រះអង្គនឹងបង្រៀនយើងអំពីមាគ៌ារបស់ព្រះអង្គ
ហើយយើងនឹងដើរតាមមាគ៌ានេះ»
ដ្បិតការប្រៀនប្រដៅចេញមកពីក្រុងស៊ីយ៉ូន
ហើយព្រះបន្ទូលរបស់ព្រះអម្ចាស់
ក៏ចេញមកពីក្រុងយេរូសាឡឹមដែរ។
3 ព្រះអង្គនឹងធ្វើជាចៅក្រមរវាង
ជាតិសាសន៍ដ៏ច្រើន
ព្រះអង្គនឹងសម្រុះសម្រួលប្រជាជាតិដ៏ខ្លាំងពូកែ
ដែលនៅឆ្ងាយៗ ឲ្យឈប់ទាស់ទែងគ្នា។
ពេលនោះ ពួកគេនឹងយកដាវរបស់ខ្លួន
មកដំធ្វើជាផាលនង្គ័ល
ហើយយកលំពែងដំធ្វើជាកណ្ដៀវវិញ។
ប្រជាជាតិមួយឈប់ច្បាំងនឹង
ប្រជាជាតិមួយទៀត
ហើយគេក៏លែងហ្វឹកហាត់ធ្វើសង្គ្រាមដែរ។
4 មនុស្សម្នានឹងរស់នៅយ៉ាងសុខសាន្ត
ក្រោមម្លប់ដើមទំពាំងបាយជូរ
និងដើមឧទុម្ពររបស់គេរៀងៗខ្លួន។
គ្មាននរណាមករំខានពួកគេឡើយ
ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលដូច្នេះ។
5ជាតិសាសន៍ទាំងប៉ុន្មាននាំគ្នាដើរតាម
ព្រះរបស់គេរៀងៗខ្លួន
រីឯពួកយើងវិញ យើងនាំគ្នាដើរតាមព្រះអម្ចាស់
ជាព្រះរបស់យើងជានិច្ច រហូតតរៀងទៅ។
6«នៅថ្ងៃនោះ យើងនឹងយកអាសាអ្នករបួស
ដែលដើរពុំរួច
យើងនឹងប្រមូលផ្ដុំអ្នកខ្ចាត់ខ្ចាយក្នុងគ្រាដែល
យើងបានធ្វើទោស»
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
7«យើងនឹងឲ្យអ្នករបួសដើរពុំរួច
ក្លាយទៅជាប្រជាជនដែលនៅសេសសល់
ហើយធ្វើឲ្យអ្នកដែលខ្ចាត់ព្រាត់
ក្លាយទៅជាប្រជាជាតិដ៏ខ្លាំងពូកែ។
យើងជាព្រះអម្ចាស់ នឹងគ្រងរាជ្យលើពួកគេ
នៅភ្នំស៊ីយ៉ូន តាំងពីពេលនេះរហូតតទៅ។
8រីឯអ្នកវិញ ក្រុងស៊ីយ៉ូនអើយ
អ្នកប្រៀបដូចជាប៉មចាំយាម
និងជាបន្ទាយដ៏រឹងមាំ
អ្នកនឹងទទួលអំណាចគ្រប់គ្រងដូចពីដើម
យេរូសាឡឹមនឹងធ្វើជារាជធានីសាជាថ្មី»។
ព្រះអម្ចាស់រំដោះក្រុងយេរូសាឡឹមឲ្យរួចពីឈឺចាប់
9ឥឡូវនេះ ហេតុអ្វីបានជាអ្នកស្រែកថ្ងូរ
ហេតុអ្វីបានជាអ្នកឈឺចុកចាប់
ដូចស្ត្រីសម្រាលកូនដូច្នេះ?
តើអ្នកគ្មានស្ដេចទេឬ?
តើទីប្រឹក្សារបស់អ្នកទៅណាបាត់អស់ហើយ?
10ក្រុងស៊ីយ៉ូនអើយ
ចូរឈឺចាប់ និងស្រែកថ្ងូរ
ដូចស្ត្រីសម្រាលកូនទៅ!
ដ្បិតឥឡូវនេះ អ្នកត្រូវចាកចេញពីទីក្រុង
ទៅរស់នៅតាមស្រែចម្ការ
អ្នកនឹងទៅរហូតដល់ស្រុកបាប៊ីឡូន។
នៅទីនេះ ព្រះអម្ចាស់នឹងរំដោះអ្នក
ព្រះអង្គនឹងលោះអ្នកពីកណ្ដាប់ដៃរបស់ខ្មាំង។
11ឥឡូវនេះ ប្រជាជាតិជាច្រើន
លើកគ្នាមកវាយប្រហារអ្នក ទាំងបន់ថា:
“សូមឲ្យក្រុងស៊ីយ៉ូនបាត់បង់កិត្តិយស
ដើម្បីឲ្យយើងឃើញក្រុងនេះអន្តរាយ!”។
12ប៉ុន្តែ ពួកគេពុំស្គាល់ព្រះហឫទ័យ
របស់ព្រះអម្ចាស់ទេ
ហើយក៏ពុំយល់គម្រោងការរបស់ព្រះអង្គដែរ
ព្រះអង្គប្រមូលពួកគេដូចប្រមូលកណ្ដាប់ស្រូវ
នៅក្នុងលានបោកបែន។
13«ប្រជាជនក្រុងស៊ីយ៉ូនអើយ
ចូរក្រោកឡើង ជាន់កម្ទេចពួកគេទៅ!
យើងនឹងឲ្យអ្នកមានកម្លាំងខ្លាំងក្លា
ដូចគោដែលមានស្នែងធ្វើពីដែក
ក្រចកជើងធ្វើពីលង្ហិន
អ្នកនឹងជាន់កម្ទេចជាតិសាសន៍ដ៏ច្រើន
ដូចគេបញ្ជាន់ស្រូវ
ហើយញែកជយភណ្ឌរបស់ពួកគេ
ទុកសម្រាប់យើង ដែលជាព្រះអម្ចាស់
និងញែកទ្រព្យសម្បត្តិរបស់គេទុកសម្រាប់យើង
ដែលជាព្រះអម្ចាស់នៃផែនដីទាំងមូល»។
14ឥឡូវនេះ អ្នកក្រុងយេរូសាឡឹមអើយ
ចូរអារសាច់របស់ខ្លួនទៅ!
ខ្មាំងសត្រូវឡោមព័ទ្ធពួកយើងហើយ
គេយកដំបងវាយថ្ពាល់មេគ្រប់គ្រងរបស់
ជនជាតិអ៊ីស្រាអែល។
ទើបបានជ្រើសរើសហើយ៖
មីកា 4: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.