ម៉ាថាយ 9:18-26

ម៉ាថាយ 9:18-26 គខប

កាល​ព្រះ‌យេស៊ូ​កំពុង​តែ​មាន​ព្រះ‌បន្ទូល​ទាំង​នេះ​ទៅ​គេ មាន​នាម៉ឺន​ម្នាក់​ចូល​មក​ក្រាប​ថ្វាយ‌បង្គំ​ព្រះអង្គ ទូល​ថា៖ «កូន​ស្រី​របស់​ខ្ញុំ​ប្របាទ​ទើប​នឹង​ផុត​ដង្ហើម​ថ្មីៗ​នេះ សូម​លោក​មេត្តា​អញ្ជើញ​ទៅ​ដាក់​ដៃ*​លើ​នាង នាង​នឹង​មាន​ជីវិត​រស់​ពុំ‌ខាន»។ ព្រះ‌យេស៊ូ​ក្រោក​ឡើង យាង​ទៅ​ជា​មួយ​គាត់ ពួក​សិស្ស*​ក៏​ទៅ​ជា​មួយ​ដែរ។ មាន​ស្ត្រី​ម្នាក់​កើត​ជំងឺ​ធ្លាក់​ឈាម​ដប់‌ពីរ​ឆ្នាំ​មក​ហើយ នាង​មក​ពី​ក្រោយ​ព្រះ‌យេស៊ូ ហើយ​ពាល់​ជាយ​ព្រះ‌ពស្ដ្រ​ព្រះអង្គ ដ្បិត​នាង​រិះគិត​ក្នុង​ចិត្ត​ថា «បើ​ខ្ញុំ​គ្រាន់​តែ​បាន​ពាល់​អាវ​លោក ខ្ញុំ​មុខ​ជា​ទទួល​ការ​សង្គ្រោះ​មិន​ខាន»។ ព្រះ‌យេស៊ូ​បែរ​ទៅ​ក្រោយ ទត​ឃើញ​នាង ក៏​មាន​ព្រះ‌បន្ទូល​ថា៖ «កូន​ស្រី​អើយ! ចូរ​ក្លាហាន​ឡើង ជំនឿ​របស់​នាង​បាន​សង្គ្រោះ​នាង​ហើយ»។ ស្ត្រី​ធ្លាក់​ឈាម​បាន​ជា​សះ‌ស្បើយ​នៅ​ពេល​នោះ។ កាល​ព្រះ‌យេស៊ូ​យាង​ទៅ​ដល់​ផ្ទះ​នាម៉ឺន​នោះ ព្រះអង្គ​ទត​ឃើញ​អ្នក​លេង​ភ្លេង​កំដរ​សព និង​ឃើញ​មនុស្ស‌ម្នា​ជ្រួល‌ច្របល់ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «នាំ​គ្នា​ចេញ​ទៅ! ក្មេង​ស្រី​នេះ​មិន​ស្លាប់​ទេ នាង​គ្រាន់​តែ​ដេក​លក់​ទេ​តើ»។ គេ​ចំអក​ដាក់​ព្រះអង្គ។ កាល​ព្រះអង្គ​ដេញ​គេ​ចេញ​ទៅ​ក្រៅ​អស់​ហើយ ព្រះអង្គ​យាង​ចូល​ទៅ​ក្នុង​បន្ទប់ ចាប់​ដៃ​ក្មេង​ស្រី​នោះ នាង​ក៏​ក្រោក​ឡើង។ ដំណឹង​នេះ​លេច​ឮ​ខ្ចរ‌ខ្ចាយ​ពាស‌ពេញ​តំបន់​នោះ​ទាំង​មូល។