ម៉ាថាយ 8:18-34

ម៉ាថាយ 8:18-34 គខប

កាល​ព្រះ‌យេស៊ូ​ឃើញ​បណ្ដា‌ជន​ចោម‌រោម​ព្រះអង្គ ព្រះអង្គ​ក៏​បញ្ជា​ឲ្យ​គេ​ចេញ​ទូក​ទៅ​ត្រើយ​ម្ខាង។ ពេល​នោះ មាន​អាចារ្យ*​ម្នាក់​ចូល​មក​ជិត​ព្រះអង្គ ទូល​ថា៖ «លោក​គ្រូ! ខ្ញុំ​ប្របាទ​សុខ​ចិត្ត​ទៅ​តាម​លោក ទោះ​បី​លោក​អញ្ជើញ​ទៅ​ទី​ណា​ក៏​ដោយ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គាត់​វិញ​ថា៖ «សត្វ​កញ្ជ្រោង​មាន​រូង​របស់​វា បក្សា‌បក្សី​ក៏​មាន​សំបុក​របស់​វា​ដែរ រីឯ​បុត្រ​មនុស្ស​វិញ គ្មាន​ទី​ជម្រក​សម្រាក​សោះ​ឡើយ»។ មាន​សិស្ស​មួយ​រូប​ទៀត​ទូល​ព្រះអង្គ​ថា៖ «លោក​ម្ចាស់ សូម​លោក​អនុញ្ញាត​ឲ្យ​ខ្ញុំ​ប្របាទ​ត្រឡប់​ទៅ​បញ្ចុះ​សព​ឪពុក​សិន»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «សុំ​អញ្ជើញ​មក​តាម​ខ្ញុំ ទុក​ឲ្យ​មនុស្ស​ស្លាប់​បញ្ចុះ​សព​គ្នា​គេ​ចុះ»។ ព្រះ‌យេស៊ូ​យាង​ចុះ​ទូក ហើយ​ពួក​សិស្ស*​នាំ​គ្នា​ទៅ​ជា​មួយ​ព្រះអង្គ​ដែរ។ ពេល​នោះ មាន​ខ្យល់​ព្យុះ​បក់​បោក​មក​លើ​សមុទ្រ​យ៉ាង​ខ្លាំង បណ្ដាល​ឲ្យ​រលក​ជះ​មក​គ្រប​ពី​លើ​ទូក។ រីឯ​ព្រះ‌យេស៊ូ​វិញ ព្រះអង្គ​ផ្ទំ​លក់។ ពួក​សិស្ស*​ចូល​ទៅ​ជិត ដាស់​ព្រះអង្គ​ថា៖ «លោក​ម្ចាស់​អើយ! សូម​ជួយ​ផង យើង​ស្លាប់​ឥឡូវ​ហើយ»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «មនុស្ស​មាន​ជំនឿ​តិច​អើយ! ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ភិត‌ភ័យ​ដូច្នេះ?»។ ព្រះអង្គ​ក្រោក​ឈរ​ឡើង មាន​ព្រះ‌បន្ទូល​គំរាម​ខ្យល់​ព្យុះ និង​សមុទ្រ ពេល​នោះ សមុទ្រ​ក៏​ស្ងប់‌ឈឹង។ ពួក​សិស្ស​នាំ​គ្នា​ស្ងើច​សរ‌សើរ ហើយ​ពោល​ថា៖ «តើ​លោក​នេះ​មាន​ឋានៈ​អ្វី​បាន​ជា​ខ្យល់​ព្យុះ និង​សមុទ្រ ស្ដាប់​បង្គាប់​លោក​ដូច្នេះ?»។ កាល​ព្រះ‌យេស៊ូ និង​ពួក​សិស្ស​បាន​ទៅ​ដល់​ត្រើយ​ម្ខាង ក្នុង​តំបន់​គេរ៉ា‌ស៊ីន មាន​បុរស​អារក្ស​ចូល​ពីរ​នាក់​ចេញ​ពី​ទី​បញ្ចុះ​សព ដើរ​តម្រង់​មក​រក​ព្រះអង្គ។ បុរស​ទាំង​ពីរ​នេះ​កាច​ណាស់ គ្មាន​នរណា​ហ៊ាន​ដើរ​កាត់​តាម​នោះ​ទេ។ អ្នក​ទាំង​ពីរ​ស្រែក​ឡើង​ថា៖ «ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​អើយ! តើ​ព្រះអង្គ​ចង់​ធ្វើ​អ្វី​យើង​ខ្ញុំ? ព្រះអង្គ​យាង​មក​ទី​នេះ ដើម្បី​ធ្វើ​ទុក្ខ​ទោស​យើង​ខ្ញុំ មុន​ពេល​កំណត់​ឬ?»។ នៅ​ឆ្ងាយ​ពី​នោះ​បន្តិច មាន​ជ្រូក​មួយ​ហ្វូង​ធំ​កំពុង​រក​ស៊ី។ ពួក​អារក្ស​អង្វរ​ព្រះ‌យេស៊ូ​ថា៖ «បើ​ព្រះអង្គ​ចង់​ដេញ​យើង​ខ្ញុំ សូម​បញ្ជូន​យើង​ខ្ញុំ​ឲ្យ​ចូល​ទៅ​ក្នុង​ជ្រូក​មួយ​ហ្វូង​នេះ​ទៅ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​អារក្ស​ថា៖ «ទៅ​ចុះ!»។ ពួក​អារក្ស​ក៏​ចេញ​ពី​បុរស​ទាំង​ពីរ ចូល​ទៅ​ក្នុង​ជ្រូក។ ពេល​នោះ ហ្វូង​ជ្រូក​បោល​ចុះ​តាម​ជម្រាល​ភ្នំ តម្រង់​ទៅ​សមុទ្រ លង់​ទឹក​ងាប់​អស់​ទៅ។ អ្នក​ថែ‌រក្សា​ហ្វូង​ជ្រូក​នាំ​គ្នា​យក​រឿង​អស់​ទាំង​នេះ​រត់​ទៅ​ប្រាប់​អ្នក​ភូមិ ព្រម​ទាំង​រៀប​រាប់​ហេតុ‌ការណ៍​អំពី​បុរស​អារក្ស​ចូល​ទាំង​ពីរ​នាក់​នោះ​ផង។ អ្នក​ភូមិ​ទាំង​អស់​ក៏​នាំ​គ្នា​ចេញ​មក​ជួប​ព្រះ‌យេស៊ូ លុះ​បាន​ឃើញ​ហើយ គេ​អង្វរ​ព្រះអង្គ​ឲ្យ​ចាក​ចេញ​ពី​ស្រុក​ភូមិ​របស់​គេ។