ម៉ាថាយ 6:24-33

ម៉ាថាយ 6:24-33 គខប

«គ្មាន​អ្នក​ណា​ម្នាក់​អាច​បម្រើ​ម្ចាស់​ពីរ​បាន​ទេ ព្រោះ​អ្នក​នោះ​នឹង​ស្អប់​មួយ ស្រឡាញ់​មួយ ស្មោះ​ត្រង់​នឹង​ម្នាក់ មើល‌ងាយ​ម្នាក់​ទៀត​ជា​ពុំ‌ខាន។ អ្នក​រាល់​គ្នា​ក៏​ពុំ​អាច​គោរព​បម្រើ​ព្រះ‌ជាម្ចាស់​ផង ហើយ​គោរព​បម្រើ​ទ្រព្យ​សម្បត្តិ​ទុក​ជា​ព្រះ​ផង​ឡើយ»។ «ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា កុំ​ឲ្យ​ខ្វល់​ខ្វាយ​អំពី​ម្ហូប​អាហារ​សម្រាប់​ចិញ្ចឹម​ជីវិត ឬ​សម្លៀក‌បំពាក់​សម្រាប់​បិទ‌បាំង​កាយ​ឡើយ។ ជីវិត​មាន​តម្លៃ​លើស​ម្ហូប​អាហារ ហើយ​រូប​កាយ​ក៏​មាន​តម្លៃ​លើស​សម្លៀក‌បំពាក់​ទៅ​ទៀត។ ចូរ​រំពៃ​មើល​បក្សា‌បក្សី​នៅ​លើ​មេឃ វា​មិន​ដែល​សាប​ព្រោះ មិន​ដែល​ច្រូត​កាត់ មិន​ដែល​ប្រមូល​ស្រូវ​ដាក់​ជង្រុក​ឡើយ ប៉ុន្តែ ព្រះ‌បិតា​របស់​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ* ព្រះអង្គ​ចិញ្ចឹម​វា។ រីឯ​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​មាន​តម្លៃ​លើស​បក្សា‌បក្សី​ទាំង​នោះ​ទៅ​ទៀត។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា ទោះ​បី​ខំ​ខ្វល់​ខ្វាយ​យ៉ាង​ណា​ក៏​ដោយ ក៏​គ្មាន​នរណា​អាច​នឹង​បង្កើន​អាយុ​របស់​ខ្លួន​ឲ្យ​វែង​ដែរ សូម្បី​តែ​បន្តិច​ក៏​មិន​បាន​ផង។ ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​រាល់​គ្នា​ខ្វល់​ខ្វាយ​អំពី​សម្លៀក‌បំពាក់? ចូរ​សង្កេត​មើល​ផ្កា​នៅ​តាម​វាល វា​ដុះ​ឡើង​យ៉ាង​ណា។ វា​មិន​ដែល​ធ្វើ​ការ​នឿយ‌ហត់ ឬ​ត្បាញ​រវៃ​ឡើយ ប៉ុន្តែ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា សូម្បី​តែ​ព្រះ‌បាទ​សាឡូម៉ូន កាល​ពី​ជំនាន់​ដែល​ស្ដេច​មាន​សិរី‌រុងរឿង​ដ៏​ប្រសើរ​បំផុត​នោះ​ក៏​ដោយ ក៏​ស្ដេច​គ្មាន​ព្រះ‌ភូសា​ល្អ​ស្មើ​នឹង​ផ្កា​មួយ​ទង​នេះ​ផង។ មនុស្ស​មាន​ជំនឿ​តិច​អើយ! ប្រសិន​បើ​ព្រះ‌ជាម្ចាស់​ផ្ដល់​សម្រស់​ឲ្យ​ផ្កា​ដែល​រីក​នៅ​តាម​វាល​ថ្ងៃ​នេះ តែ​ថ្ងៃ​ស្អែក​ត្រូវ​គេ​ដុត​ចោល​យ៉ាង​ហ្នឹង​ទៅ​ហើយ តើ​ព្រះអង្គ​នឹង​ទំនុក​បម្រុង​អ្នក​រាល់​គ្នា​លើស​នេះ​យ៉ាង​ណា​ទៅ​ទៀត? ហេតុ​នេះ កុំ​ខ្វល់​ខ្វាយ​ដោយ​ពោល​ថា “យើង​នឹង​មាន​អ្វី​បរិភោគ មាន​អ្វី​ស្លៀក​ពាក់”​នោះ​ឡើយ ដ្បិត​មាន​តែ​សាសន៍​ដទៃ​ប៉ុណ្ណោះ​ទេ ដែល​ខំ​ស្វះ‌ស្វែង​រក​របស់​ទាំង​នោះ។ រីឯ​ព្រះ‌បិតា​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ ព្រះអង្គ​ជ្រាប​នូវ​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ការ។ ចូរ​ស្វែង​រក​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់ និង​សេចក្ដី​សុចរិត*​របស់​ព្រះអង្គ​ជា​មុន​សិន ទើប​ព្រះអង្គ​ប្រទាន​របស់​ទាំង​នោះ​មក​អ្នក​រាល់​គ្នា​ថែម​ទៀត។