ម៉ាថាយ 6:1-18

ម៉ាថាយ 6:1-18 គខប

«កុំ​ធ្វើ​បុណ្យ​ទាន នៅ​មុខ​មនុស្ស‌ម្នា ដើម្បី​ឲ្យ​តែ​គេ​ឃើញ​នោះ​ឡើយ។ ធ្វើ​បែប​នេះ អ្នក​រាល់​គ្នា​ពុំ​បាន​ទទួល​រង្វាន់​អ្វី​ពី​ព្រះ‌បិតា​របស់​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ*​ទេ។ ពេល​ណា​អ្នក​ធ្វើ​ទាន​ដល់​ជន​ក្រីក្រ កុំ​ស្រែក​ប្រកាស​ក្ដែងៗ​ដូច​ពួក​មាន​ពុត​តែង​ធ្វើ​នៅ​ក្នុង​សាលា​ប្រជុំ* ឬ​នៅ​តាម​ដង​ផ្លូវ ដើម្បី​ឲ្យ​មនុស្ស‌ម្នា​កោត​សរ‌សើរ​នោះ​ឡើយ។ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ឲ្យ​ដឹង​ច្បាស់​ថា អ្នក​ទាំង​នោះ​បាន​ទទួល​រង្វាន់​របស់​គេ​ហើយ។ រីឯ​អ្នក​វិញ កាល​ណា​ដៃ​ស្ដាំ​អ្នក​ធ្វើ​ទាន មិន​បាច់​ឲ្យ​ដៃ​ឆ្វេង​ដឹង​ឡើយ ដើម្បី​ឲ្យ​ទាន​របស់​អ្នក​នៅ​ស្ងាត់​កំបាំង ហើយ​ព្រះ‌បិតា​របស់​អ្នក​ទត​ឃើញ​អំពើ​ដែល​អ្នក​ធ្វើ​នៅ​ក្នុង​ទី​ស្ងាត់​កំបាំង ព្រះអង្គ​នឹង​ប្រទាន​រង្វាន់​មក​អ្នក​វិញ»។ «កាល​ណា​អ្នក​រាល់​គ្នា​អធិស្ឋាន* កុំ​ធ្វើ​ដូច​ពួក​អ្នក​មាន​ពុត ដែល​ចូល​ចិត្ត​ឈរ​អធិស្ឋាន​នៅ​ក្នុង​សាលា​ប្រជុំ* និង​នៅ​ត្រង់​ថ្នល់​កែង ដើម្បី​ឲ្យ​មនុស្ស‌ម្នា​ឃើញ​នោះ​ឡើយ។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ពួក​ទាំង​នោះ​បាន​ទទួល​រង្វាន់​របស់​គេ​ហើយ។ រីឯ​អ្នក​វិញ កាល​ណា​អ្នក​អធិស្ឋាន​ត្រូវ ចូល​ទៅ​ក្នុង​បន្ទប់ បិទ​ទ្វារ​ឲ្យ​ជិត ហើយ​ទូល​ទៅ​កាន់​ព្រះ‌បិតា​របស់​អ្នក​ដែល​គង់​នៅ​ក្នុង​ទី​ស្ងាត់​កំបាំង។ ព្រះ‌បិតា​របស់​អ្នក​ដែល​ទត​ឃើញ​នៅ​ក្នុង​ទី​ស្ងាត់​កំបាំង ព្រះអង្គ​នឹង​ប្រទាន​រង្វាន់​មក​អ្នក​ជា​ពុំ‌ខាន។ ពេល​ទូល​ទៅ​ព្រះ‌បិតា កុំ​ពោល​ពាក្យ​ច្រំ‌ដែលៗ​ឥត​ប្រយោជន៍ ដូច​សាសន៍​ដទៃ​នោះ​ឡើយ។ គេ​នឹក​ស្មាន​ថា បើ​ពោល​ពាក្យ​យ៉ាង​ច្រើន​ដូច្នេះ ព្រះ​របស់​គេ​នឹង​ស្ដាប់​គេ។ កុំ​ធ្វើ​ដូច​គេ​ឡើយ ដ្បិត​ព្រះ‌បិតា​របស់​អ្នក​រាល់​គ្នា​ជ្រាប​នូវ​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ការ មុន​អ្នក​រាល់​គ្នា​ទូល​សូម​ព្រះអង្គ​ទៅ​ទៀត។ អ្នក​រាល់​គ្នា​ត្រូវ​ទូល​ព្រះអង្គ​ដូច​ត​ទៅ: ឱ​ព្រះ‌បិតា​នៃ​យើង​ខ្ញុំ ដែល​គង់​នៅ​ស្ថាន​បរម‌សុខ*​អើយ! សូម​សម្តែង​ព្រះ‌នាម​ដ៏វិសុទ្ធ​របស់​ព្រះអង្គ ឲ្យ​មនុស្ស​លោក​ស្គាល់* សូម​ឲ្យ​ព្រះ‌រាជ្យ*​ព្រះអង្គ​បាន​មក​ដល់ សូម​ឲ្យ​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ បាន​សម្រេច​នៅ​លើ​ផែនដី ដូច​នៅ​ស្ថាន​បរម‌សុខ​ដែរ។ សូម​ប្រទាន​អាហារ ដែល​យើង​ខ្ញុំ​ត្រូវ​ការ​នៅ​ថ្ងៃ​នេះ។ សូម​អត់‌ទោស​ឲ្យ​យើង​ខ្ញុំ ដូច​យើង​ខ្ញុំ​អត់‌ទោស​ឲ្យ អស់​អ្នក​ដែល​បាន​ប្រព្រឹត្ត​ខុស​នឹង​យើង​ខ្ញុំ។ សូម​កុំ​បណ្ដោយ​ឲ្យ​យើង​ខ្ញុំ ចាញ់​ការ​ល្បួង​ឡើយ តែ​សូម​រំដោះ​យើង​ខ្ញុំ​ឲ្យ​រួច​ពី​មារ*​កំណាច [ដ្បិត​ព្រះអង្គ​គ្រង​រាជ្យ ព្រះអង្គ​មាន​ឫទ្ធា‌នុភាព និង​សិរី‌រុងរឿង អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ អាម៉ែន។] បើ​អ្នក​រាល់​គ្នា​អត់‌ទោស​ឲ្យ​មនុស្ស​លោក ព្រះ‌បិតា​របស់​អ្នក​រាល់​គ្នា​នៅ​ស្ថាន​បរម‌សុខ* ក៏​អត់‌ទោស​ឲ្យ​អ្នក​រាល់​គ្នា​ដែរ។ ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​មិន​អត់‌ទោស​ឲ្យ​មនុស្ស​លោក​ទេ​នោះ ព្រះ‌បិតា​របស់​អ្នក​រាល់​គ្នា​ក៏​មិន​អត់‌ទោស​ឲ្យ​អ្នក​រាល់​គ្នា​ដែរ»។ «កាល​ណា​អ្នក​រាល់​គ្នា​តម​អាហារ កុំ​ធ្វើ​មុខ​ក្រៀម​ដូច​ពួក​អ្នក​មាន​ពុត​នោះ​ឡើយ។ ពួក​គេ​បង្ហាញ​ទឹក​មុខ​ឲ្យ​អ្នក​ដទៃ​ឃើញ​ថា​ខ្លួន​តម​អាហារ។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ទាំង​នោះ​បាន​ទទួល​រង្វាន់​របស់​គេ​ហើយ។ រីឯ​អ្នក​វិញ កាល​ណា​អ្នក​តម​អាហារ ត្រូវ​លាប​ទឹក​អប់​លើ​ក្បាល ហើយ​លុប​មុខ​ផង កុំ​ឲ្យ​មនុស្ស‌ម្នា​ឃើញ​ថា​អ្នក​តម​ឡើយ គឺ​ឲ្យ​តែ​ព្រះ‌បិតា​របស់​អ្នក ដែល​គង់​នៅ​ក្នុង​ទី​ស្ងាត់​កំបាំង​ទត​ឃើញ​ប៉ុណ្ណោះ ពេល​នោះ ព្រះ‌បិតា​របស់​អ្នក​ដែល​ទត​ឃើញ​នៅ​ក្នុង​ទី​ស្ងាត់​កំបាំង នឹង​ប្រទាន​រង្វាន់​មក​អ្នក​ជា​មិន​ខាន»។