ម៉ាថាយ 5:38-48

ម៉ាថាយ 5:38-48 គខប

«អ្នក​រាល់​គ្នា​ធ្លាប់​បាន​ឮ​សេចក្ដី​ថ្លែង​ទុក​មក​ថា “ប្រសិន​បើ​គេ​វាយ​ភ្នែក​អ្នក​ម្ខាង ត្រូវ​វាយ​ភ្នែក​គេ​តែ​ម្ខាង​វិញ ប្រសិន​បើ​គេ​វាយ​អ្នក​បាក់​ធ្មេញ​មួយ ត្រូវ​វាយ​គេ​ឲ្យ​បាក់​ធ្មេញ​តែ​មួយ​ដែរ” ។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​តប​ត​នឹង​មនុស្ស​កំណាច​ឲ្យ​សោះ បើ​មាន​គេ​ទះ​កំផ្លៀង​ស្ដាំ​របស់​អ្នក ចូរ​បែរ​ឲ្យ​គេ​ទះ​ម្ខាង​ទៀត​ទៅ។ បើ​មាន​គេ​ប្ដឹង​ចង់​បាន​អាវ​ក្នុង​របស់​អ្នក ចូរ​ឲ្យ​គេ​យក​អាវ​ធំ​ថែម​ទៀត​ទៅ។ បើ​មាន​គេ​បង្ខំ​អ្នក​ឲ្យ​ធ្វើ​ដំណើរ​មួយ​យោជន៍ ចូរ​ទៅ​ពីរ​យោជន៍​ជា​មួយ​គេ​ចុះ។ អ្នក​ណា​សុំ​អ្វី​ពី​អ្នក ចូរ​ឲ្យ​គេ​ទៅ ហើយ​កុំ​គេច​មុខ​ចេញ​ពី​អ្នក​ដែល​សុំ​ខ្ចី​អ្វីៗ​ពី​អ្នក​ដែរ»។ «អ្នក​រាល់​គ្នា​ធ្លាប់​បាន​ឮ​សេចក្ដី​ថ្លែង​ទុក​មក​ថា “ចូរ​ស្រឡាញ់​បងប្អូន​ឯ​ទៀតៗ ហើយ​ស្អប់​ខ្មាំង​សត្រូវ​របស់​អ្នក”។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា ចូរ​ស្រឡាញ់​ខ្មាំង​សត្រូវ​របស់​អ្នក​រាល់​គ្នា ព្រម​ទាំង​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់ សូម​ព្រះអង្គ​ប្រទាន​ពរ​ឲ្យ​អស់​អ្នក​ដែល​បៀត‌បៀន​អ្នក​រាល់​គ្នា​ផង។ ធ្វើ​ដូច្នេះ អ្នក​រាល់​គ្នា​នឹង​បាន​ទៅ​ជា​បុត្រ​របស់​ព្រះ‌បិតា​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ ដ្បិត​ព្រះអង្គ​ប្រទាន​ឲ្យ​ព្រះ‌អាទិត្យ​របស់​ព្រះអង្គ​រះ​បំភ្លឺ ទាំង​មនុស្ស​អាក្រក់ ទាំង​មនុស្ស​ល្អ ហើយ​ព្រះអង្គ​ប្រទាន​ទឹក​ភ្លៀង​ឲ្យ​ទាំង​មនុស្ស​សុចរិត ទាំង​មនុស្ស​ទុច្ចរិត​ផង​ដែរ។ ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​តែ​អស់​អ្នក​ដែល​ស្រឡាញ់​អ្នក​រាល់​គ្នា តើ​នឹង​ទទួល​រង្វាន់​អ្វី? សូម្បី​តែ​អ្នក​ទារ​ពន្ធ*​ក៏​ចេះ​ស្រឡាញ់​គ្នា​គេ​ដែរ។ បើ​អ្នក​រាល់​គ្នា​រាប់​រក​តែ​បងប្អូន​របស់​ខ្លួន​ប៉ុណ្ណោះ តើ​មាន​អ្វី​អស្ចារ្យ? សូម្បី​តែ​សាសន៍​ដទៃ​ក៏​ប្រព្រឹត្ត​ដូច្នោះ​ដែរ។ ព្រះ‌បិតា​របស់​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ​ព្រះអង្គ​គ្រប់​លក្ខណ៍​យ៉ាង​ណា សុំ​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍​យ៉ាង​នោះ​ដែរ»។