ម៉ាថាយ 5:22-48

ម៉ាថាយ 5:22-48 គខប

រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​ខឹង​នឹង​បងប្អូន អ្នក​នោះ​នឹង​ត្រូវ​គេ​ផ្ដន្ទា‌ទោស​ដែរ។ អ្នក​ណា​ជេរ​ប្រទេច‌ផ្តាសា​បងប្អូន អ្នក​នោះ​នឹង​ត្រូវ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់*​កាត់​ទោស ហើយ​អ្នក​ណា​ត្មះ‌តិះ‌ដៀល​គេ អ្នក​នោះ​នឹង​ត្រូវ​គេ​ផ្ដន្ទា‌ទោស​ធ្លាក់​ក្នុង​ភ្លើង​នរក​អវិចី។ ដូច្នេះ កាល​ណា​អ្នក​យក​តង្វាយ​ទៅ​ថ្វាយ​ព្រះ‌ជាម្ចាស់ ហើយ​នៅ​ទី​នោះ អ្នក​នឹក​ឃើញ​ថា​បងប្អូន​ណា​ម្នាក់​មាន​ទំនាស់​នឹង​អ្នក ចូរ​ទុក​តង្វាយ​របស់​អ្នក​នៅ​កន្លែង​ថ្វាយ​តង្វាយ ហើយ​ទៅ​ស្រុះ‌ស្រួល​នឹង​បងប្អូន​របស់​អ្នក​ជា​មុន​សិន រួច​សឹម​វិល​មក​ថ្វាយ​តង្វាយ​របស់​អ្នក​វិញ។ កាល​ណា​អ្នក​ធ្វើ​ដំណើរ​ទៅ​តុលា​ការ​ជា​មួយ​គូ‌វិវាទ​របស់​អ្នក ចូរ​ស្រុះ‌ស្រួល​ជា​មួយ​អ្នក​នោះ​ជា​ប្រញាប់ ក្រែង​លោ​គេ​បញ្ជូន​អ្នក​ទៅ​ចៅ‌ក្រម ចៅ‌ក្រម​បញ្ជូន​អ្នក​ទៅ​នគរ‌បាល ហើយ​អ្នក​ត្រូវ​ជាប់​គុក។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​ដឹង​ច្បាស់​ថា ដរាប​ណា​អ្នក​មិន​បាន​បង់​ប្រាក់​ពិន័យ​គ្រប់​ចំនួន ឥត​ខ្វះ​មួយ​សេន​ទេ​នោះ អ្នក​នឹង​មិន​រួច​ខ្លួន​ឡើយ»។ «អ្នក​រាល់​គ្នា​ធ្លាប់​ឮ​សេចក្ដី​ថ្លែង​ទុក​មក​ថា “កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់” ។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​មើល​ស្ត្រី​ម្នាក់ ហើយ​មាន​ចិត្ត​ស្រើប‌ស្រាល​ចង់​រួម​បវេណី​ជា​មួយ​នាង អ្នក​នោះ​ដូច​ជា​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ជា​មួយ​នាង នៅ​ក្នុង​ចិត្ត​របស់​ខ្លួន​រួច​ស្រេច​ទៅ​ហើយ។ ប្រសិន​បើ​ភ្នែក​ស្ដាំ​របស់​អ្នក​នាំ​អ្នក​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប ចូរ​ខ្វេះ​ចេញ ហើយ​បោះ​ចោល​ឲ្យ​ឆ្ងាយ​ពី​អ្នក​ទៅ បើ​អ្នក​បាត់​ភ្នែក​តែ​មួយ​នេះ ប្រសើរ​ជាង​បណ្ដោយ​ឲ្យ​រូប​កាយ​ទាំង​មូល​ធ្លាក់​ទៅ​ក្នុង​នរក។ ប្រសិន​បើ​ដៃ​ស្ដាំ​របស់​អ្នក​នាំ​អ្នក​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប ចូរ​កាត់​វា ហើយ​បោះ​ចោល​ឲ្យ​ឆ្ងាយ​ពី​អ្នក​ទៅ បើ​អ្នក​បាត់​តែ​អវ‌យវៈ​មួយ​នេះ ប្រសើរ​ជាង​បណ្ដោយ​ឲ្យ​រូប​កាយ​ទាំង​មូល​ធ្លាក់​ទៅ​ក្នុង​នរក»។ «មាន​សេចក្ដី​ថ្លែង​ទុក​មក​ថា “បុរស​ណា​លែង​ភរិយា ត្រូវ​ធ្វើ​លិខិត​លែង‌លះ​ឲ្យ​នាង” រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា បុរស​ណា​លែង​ភរិយា​របស់​ខ្លួន (លើក‌លែង​តែ​រួម​រស់​ជា​មួយ​គ្នា ដោយ​ឥត​បាន​រៀបការ ) បុរស​នោះ​ធ្វើ​ឲ្យ​នាង​ទៅ​ជា​ស្ត្រី​ផិត​ក្បត់ ប្រសិន​បើ​នាង​រៀបការ​ម្ដង​ទៀត។ រីឯ​បុរស​ណា​រៀបការ​នឹង​ស្ត្រី​ប្ដី​លែង បុរស​នោះ​ក៏​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ដែរ»។ «អ្នក​រាល់​គ្នា​ធ្លាប់​បាន​ឮ​សេចក្ដី​ដែល​មាន​ថ្លែង​ប្រាប់​បុព្វ​បុរស*​ថា: “កុំ​បំភ្លេច​ពាក្យ​សម្បថ​ចោល​ឡើយ។ ត្រូវ​តែ​ធ្វើ​តាម​គ្រប់​ពាក្យ​ដែល​អ្នក​បាន​ស្បថ​នឹង​ព្រះ‌អម្ចាស់” ។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​ស្បថ​ឲ្យ​សោះ កុំ​ស្បថ​ដោយ​យក​មេឃ​ជា​សាក្សី​ឡើយ ព្រោះ​មេឃ​ជា​បល្ល័ង្ក​របស់​ព្រះ‌ជាម្ចាស់ ក៏​កុំ​ស្បថ​ដោយ​យក​ផែនដី​ជា​សាក្សី​ដែរ ព្រោះ​ផែនដី​ជា​កំណល់​ទ្រ​ព្រះ‌បាទា​របស់​ព្រះអង្គ។ កុំ​ស្បថ​ដោយ​យក​ក្រុង​យេរូ‌សាឡឹម​ជា​សាក្សី ព្រោះ​យេរូ‌សាឡឹម​ជា​ក្រុង​របស់​ព្រះ‌មហា‌ក្សត្រ​ដ៏​ឧត្ដម។ កុំ​ស្បថ​ដោយ​យក​ក្បាល​អ្នក​ជា​សាក្សី ព្រោះ​អ្នក​ពុំ​អាច​ធ្វើ​ឲ្យ​សក់​របស់​អ្នក​ទៅ​ជា​ស ឬ​ខ្មៅ​បាន​ឡើយ សូម្បី​តែ​មួយ​សរសៃ​ក៏​ពុំ​បាន​ផង។ ត្រូវ​និយាយ​ឲ្យ​ទៀង​ទាត់ បើ “មែន” ឲ្យ​ប្រាកដ​ជា “មែន” បើ “ទេ” ឲ្យ​ប្រាកដ​ជា“ទេ”។ រីឯ​ពាក្យ​ពន្លើស សុទ្ធ​តែ​មក​ពី​មារ​កំណាច​ទាំង​អស់»។ «អ្នក​រាល់​គ្នា​ធ្លាប់​បាន​ឮ​សេចក្ដី​ថ្លែង​ទុក​មក​ថា “ប្រសិន​បើ​គេ​វាយ​ភ្នែក​អ្នក​ម្ខាង ត្រូវ​វាយ​ភ្នែក​គេ​តែ​ម្ខាង​វិញ ប្រសិន​បើ​គេ​វាយ​អ្នក​បាក់​ធ្មេញ​មួយ ត្រូវ​វាយ​គេ​ឲ្យ​បាក់​ធ្មេញ​តែ​មួយ​ដែរ” ។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​តប​ត​នឹង​មនុស្ស​កំណាច​ឲ្យ​សោះ បើ​មាន​គេ​ទះ​កំផ្លៀង​ស្ដាំ​របស់​អ្នក ចូរ​បែរ​ឲ្យ​គេ​ទះ​ម្ខាង​ទៀត​ទៅ។ បើ​មាន​គេ​ប្ដឹង​ចង់​បាន​អាវ​ក្នុង​របស់​អ្នក ចូរ​ឲ្យ​គេ​យក​អាវ​ធំ​ថែម​ទៀត​ទៅ។ បើ​មាន​គេ​បង្ខំ​អ្នក​ឲ្យ​ធ្វើ​ដំណើរ​មួយ​យោជន៍ ចូរ​ទៅ​ពីរ​យោជន៍​ជា​មួយ​គេ​ចុះ។ អ្នក​ណា​សុំ​អ្វី​ពី​អ្នក ចូរ​ឲ្យ​គេ​ទៅ ហើយ​កុំ​គេច​មុខ​ចេញ​ពី​អ្នក​ដែល​សុំ​ខ្ចី​អ្វីៗ​ពី​អ្នក​ដែរ»។ «អ្នក​រាល់​គ្នា​ធ្លាប់​បាន​ឮ​សេចក្ដី​ថ្លែង​ទុក​មក​ថា “ចូរ​ស្រឡាញ់​បងប្អូន​ឯ​ទៀតៗ ហើយ​ស្អប់​ខ្មាំង​សត្រូវ​របស់​អ្នក”។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា ចូរ​ស្រឡាញ់​ខ្មាំង​សត្រូវ​របស់​អ្នក​រាល់​គ្នា ព្រម​ទាំង​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់ សូម​ព្រះអង្គ​ប្រទាន​ពរ​ឲ្យ​អស់​អ្នក​ដែល​បៀត‌បៀន​អ្នក​រាល់​គ្នា​ផង។ ធ្វើ​ដូច្នេះ អ្នក​រាល់​គ្នា​នឹង​បាន​ទៅ​ជា​បុត្រ​របស់​ព្រះ‌បិតា​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ ដ្បិត​ព្រះអង្គ​ប្រទាន​ឲ្យ​ព្រះ‌អាទិត្យ​របស់​ព្រះអង្គ​រះ​បំភ្លឺ ទាំង​មនុស្ស​អាក្រក់ ទាំង​មនុស្ស​ល្អ ហើយ​ព្រះអង្គ​ប្រទាន​ទឹក​ភ្លៀង​ឲ្យ​ទាំង​មនុស្ស​សុចរិត ទាំង​មនុស្ស​ទុច្ចរិត​ផង​ដែរ។ ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​តែ​អស់​អ្នក​ដែល​ស្រឡាញ់​អ្នក​រាល់​គ្នា តើ​នឹង​ទទួល​រង្វាន់​អ្វី? សូម្បី​តែ​អ្នក​ទារ​ពន្ធ*​ក៏​ចេះ​ស្រឡាញ់​គ្នា​គេ​ដែរ។ បើ​អ្នក​រាល់​គ្នា​រាប់​រក​តែ​បងប្អូន​របស់​ខ្លួន​ប៉ុណ្ណោះ តើ​មាន​អ្វី​អស្ចារ្យ? សូម្បី​តែ​សាសន៍​ដទៃ​ក៏​ប្រព្រឹត្ត​ដូច្នោះ​ដែរ។ ព្រះ‌បិតា​របស់​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ​ព្រះអង្គ​គ្រប់​លក្ខណ៍​យ៉ាង​ណា សុំ​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍​យ៉ាង​នោះ​ដែរ»។