ម៉ាថាយ 5:21-38

ម៉ាថាយ 5:21-38 គខប

«អ្នក​រាល់​គ្នា​ធ្លាប់​ឮ​សេចក្ដី​ដែល​មាន​ថ្លែង​ប្រាប់​បុព្វ​បុរស*​ថា “កុំ​សម្លាប់​មនុស្ស” អ្នក​ណា​សម្លាប់​គេ អ្នក​នោះ​នឹង​ត្រូវ​គេ​ផ្ដន្ទា‌ទោស។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​ខឹង​នឹង​បងប្អូន អ្នក​នោះ​នឹង​ត្រូវ​គេ​ផ្ដន្ទា‌ទោស​ដែរ។ អ្នក​ណា​ជេរ​ប្រទេច‌ផ្តាសា​បងប្អូន អ្នក​នោះ​នឹង​ត្រូវ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់*​កាត់​ទោស ហើយ​អ្នក​ណា​ត្មះ‌តិះ‌ដៀល​គេ អ្នក​នោះ​នឹង​ត្រូវ​គេ​ផ្ដន្ទា‌ទោស​ធ្លាក់​ក្នុង​ភ្លើង​នរក​អវិចី។ ដូច្នេះ កាល​ណា​អ្នក​យក​តង្វាយ​ទៅ​ថ្វាយ​ព្រះ‌ជាម្ចាស់ ហើយ​នៅ​ទី​នោះ អ្នក​នឹក​ឃើញ​ថា​បងប្អូន​ណា​ម្នាក់​មាន​ទំនាស់​នឹង​អ្នក ចូរ​ទុក​តង្វាយ​របស់​អ្នក​នៅ​កន្លែង​ថ្វាយ​តង្វាយ ហើយ​ទៅ​ស្រុះ‌ស្រួល​នឹង​បងប្អូន​របស់​អ្នក​ជា​មុន​សិន រួច​សឹម​វិល​មក​ថ្វាយ​តង្វាយ​របស់​អ្នក​វិញ។ កាល​ណា​អ្នក​ធ្វើ​ដំណើរ​ទៅ​តុលា​ការ​ជា​មួយ​គូ‌វិវាទ​របស់​អ្នក ចូរ​ស្រុះ‌ស្រួល​ជា​មួយ​អ្នក​នោះ​ជា​ប្រញាប់ ក្រែង​លោ​គេ​បញ្ជូន​អ្នក​ទៅ​ចៅ‌ក្រម ចៅ‌ក្រម​បញ្ជូន​អ្នក​ទៅ​នគរ‌បាល ហើយ​អ្នក​ត្រូវ​ជាប់​គុក។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​ដឹង​ច្បាស់​ថា ដរាប​ណា​អ្នក​មិន​បាន​បង់​ប្រាក់​ពិន័យ​គ្រប់​ចំនួន ឥត​ខ្វះ​មួយ​សេន​ទេ​នោះ អ្នក​នឹង​មិន​រួច​ខ្លួន​ឡើយ»។ «អ្នក​រាល់​គ្នា​ធ្លាប់​ឮ​សេចក្ដី​ថ្លែង​ទុក​មក​ថា “កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់” ។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​មើល​ស្ត្រី​ម្នាក់ ហើយ​មាន​ចិត្ត​ស្រើប‌ស្រាល​ចង់​រួម​បវេណី​ជា​មួយ​នាង អ្នក​នោះ​ដូច​ជា​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ជា​មួយ​នាង នៅ​ក្នុង​ចិត្ត​របស់​ខ្លួន​រួច​ស្រេច​ទៅ​ហើយ។ ប្រសិន​បើ​ភ្នែក​ស្ដាំ​របស់​អ្នក​នាំ​អ្នក​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប ចូរ​ខ្វេះ​ចេញ ហើយ​បោះ​ចោល​ឲ្យ​ឆ្ងាយ​ពី​អ្នក​ទៅ បើ​អ្នក​បាត់​ភ្នែក​តែ​មួយ​នេះ ប្រសើរ​ជាង​បណ្ដោយ​ឲ្យ​រូប​កាយ​ទាំង​មូល​ធ្លាក់​ទៅ​ក្នុង​នរក។ ប្រសិន​បើ​ដៃ​ស្ដាំ​របស់​អ្នក​នាំ​អ្នក​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប ចូរ​កាត់​វា ហើយ​បោះ​ចោល​ឲ្យ​ឆ្ងាយ​ពី​អ្នក​ទៅ បើ​អ្នក​បាត់​តែ​អវ‌យវៈ​មួយ​នេះ ប្រសើរ​ជាង​បណ្ដោយ​ឲ្យ​រូប​កាយ​ទាំង​មូល​ធ្លាក់​ទៅ​ក្នុង​នរក»។ «មាន​សេចក្ដី​ថ្លែង​ទុក​មក​ថា “បុរស​ណា​លែង​ភរិយា ត្រូវ​ធ្វើ​លិខិត​លែង‌លះ​ឲ្យ​នាង” រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា បុរស​ណា​លែង​ភរិយា​របស់​ខ្លួន (លើក‌លែង​តែ​រួម​រស់​ជា​មួយ​គ្នា ដោយ​ឥត​បាន​រៀបការ ) បុរស​នោះ​ធ្វើ​ឲ្យ​នាង​ទៅ​ជា​ស្ត្រី​ផិត​ក្បត់ ប្រសិន​បើ​នាង​រៀបការ​ម្ដង​ទៀត។ រីឯ​បុរស​ណា​រៀបការ​នឹង​ស្ត្រី​ប្ដី​លែង បុរស​នោះ​ក៏​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ដែរ»។ «អ្នក​រាល់​គ្នា​ធ្លាប់​បាន​ឮ​សេចក្ដី​ដែល​មាន​ថ្លែង​ប្រាប់​បុព្វ​បុរស*​ថា: “កុំ​បំភ្លេច​ពាក្យ​សម្បថ​ចោល​ឡើយ។ ត្រូវ​តែ​ធ្វើ​តាម​គ្រប់​ពាក្យ​ដែល​អ្នក​បាន​ស្បថ​នឹង​ព្រះ‌អម្ចាស់” ។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​ស្បថ​ឲ្យ​សោះ កុំ​ស្បថ​ដោយ​យក​មេឃ​ជា​សាក្សី​ឡើយ ព្រោះ​មេឃ​ជា​បល្ល័ង្ក​របស់​ព្រះ‌ជាម្ចាស់ ក៏​កុំ​ស្បថ​ដោយ​យក​ផែនដី​ជា​សាក្សី​ដែរ ព្រោះ​ផែនដី​ជា​កំណល់​ទ្រ​ព្រះ‌បាទា​របស់​ព្រះអង្គ។ កុំ​ស្បថ​ដោយ​យក​ក្រុង​យេរូ‌សាឡឹម​ជា​សាក្សី ព្រោះ​យេរូ‌សាឡឹម​ជា​ក្រុង​របស់​ព្រះ‌មហា‌ក្សត្រ​ដ៏​ឧត្ដម។ កុំ​ស្បថ​ដោយ​យក​ក្បាល​អ្នក​ជា​សាក្សី ព្រោះ​អ្នក​ពុំ​អាច​ធ្វើ​ឲ្យ​សក់​របស់​អ្នក​ទៅ​ជា​ស ឬ​ខ្មៅ​បាន​ឡើយ សូម្បី​តែ​មួយ​សរសៃ​ក៏​ពុំ​បាន​ផង។ ត្រូវ​និយាយ​ឲ្យ​ទៀង​ទាត់ បើ “មែន” ឲ្យ​ប្រាកដ​ជា “មែន” បើ “ទេ” ឲ្យ​ប្រាកដ​ជា“ទេ”។ រីឯ​ពាក្យ​ពន្លើស សុទ្ធ​តែ​មក​ពី​មារ​កំណាច​ទាំង​អស់»។ «អ្នក​រាល់​គ្នា​ធ្លាប់​បាន​ឮ​សេចក្ដី​ថ្លែង​ទុក​មក​ថា “ប្រសិន​បើ​គេ​វាយ​ភ្នែក​អ្នក​ម្ខាង ត្រូវ​វាយ​ភ្នែក​គេ​តែ​ម្ខាង​វិញ ប្រសិន​បើ​គេ​វាយ​អ្នក​បាក់​ធ្មេញ​មួយ ត្រូវ​វាយ​គេ​ឲ្យ​បាក់​ធ្មេញ​តែ​មួយ​ដែរ” ។