ម៉ាថាយ 5:21-26

ម៉ាថាយ 5:21-26 គខប

«អ្នក​រាល់​គ្នា​ធ្លាប់​ឮ​សេចក្ដី​ដែល​មាន​ថ្លែង​ប្រាប់​បុព្វ​បុរស*​ថា “កុំ​សម្លាប់​មនុស្ស” អ្នក​ណា​សម្លាប់​គេ អ្នក​នោះ​នឹង​ត្រូវ​គេ​ផ្ដន្ទា‌ទោស។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​ខឹង​នឹង​បងប្អូន អ្នក​នោះ​នឹង​ត្រូវ​គេ​ផ្ដន្ទា‌ទោស​ដែរ។ អ្នក​ណា​ជេរ​ប្រទេច‌ផ្តាសា​បងប្អូន អ្នក​នោះ​នឹង​ត្រូវ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់*​កាត់​ទោស ហើយ​អ្នក​ណា​ត្មះ‌តិះ‌ដៀល​គេ អ្នក​នោះ​នឹង​ត្រូវ​គេ​ផ្ដន្ទា‌ទោស​ធ្លាក់​ក្នុង​ភ្លើង​នរក​អវិចី។ ដូច្នេះ កាល​ណា​អ្នក​យក​តង្វាយ​ទៅ​ថ្វាយ​ព្រះ‌ជាម្ចាស់ ហើយ​នៅ​ទី​នោះ អ្នក​នឹក​ឃើញ​ថា​បងប្អូន​ណា​ម្នាក់​មាន​ទំនាស់​នឹង​អ្នក ចូរ​ទុក​តង្វាយ​របស់​អ្នក​នៅ​កន្លែង​ថ្វាយ​តង្វាយ ហើយ​ទៅ​ស្រុះ‌ស្រួល​នឹង​បងប្អូន​របស់​អ្នក​ជា​មុន​សិន រួច​សឹម​វិល​មក​ថ្វាយ​តង្វាយ​របស់​អ្នក​វិញ។ កាល​ណា​អ្នក​ធ្វើ​ដំណើរ​ទៅ​តុលា​ការ​ជា​មួយ​គូ‌វិវាទ​របស់​អ្នក ចូរ​ស្រុះ‌ស្រួល​ជា​មួយ​អ្នក​នោះ​ជា​ប្រញាប់ ក្រែង​លោ​គេ​បញ្ជូន​អ្នក​ទៅ​ចៅ‌ក្រម ចៅ‌ក្រម​បញ្ជូន​អ្នក​ទៅ​នគរ‌បាល ហើយ​អ្នក​ត្រូវ​ជាប់​គុក។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​ដឹង​ច្បាស់​ថា ដរាប​ណា​អ្នក​មិន​បាន​បង់​ប្រាក់​ពិន័យ​គ្រប់​ចំនួន ឥត​ខ្វះ​មួយ​សេន​ទេ​នោះ អ្នក​នឹង​មិន​រួច​ខ្លួន​ឡើយ»។