ទេវតានិយាយទៅកាន់ស្ត្រីៗថា៖ «កុំភ័យខ្លាចអ្វី! ខ្ញុំដឹងថានាងៗមករកព្រះយេស៊ូ ជាអ្នកភូមិណាសារ៉ែតដែលគេបានឆ្កាង។ ព្រះអង្គមិននៅទីនេះទេ ព្រះជាម្ចាស់បានប្រោសព្រះអង្គឲ្យមានព្រះជន្មរស់ឡើងវិញ ដូចព្រះអង្គមានព្រះបន្ទូលរួចមកហើយ សុំមកមើលកន្លែងដែលគេដាក់ព្រះសពព្រះអង្គឯណេះសិន ហើយសឹមអញ្ជើញទៅប្រាប់ពួកសិស្សរបស់ព្រះអង្គជាប្រញាប់ ថាព្រះអង្គមានព្រះជន្មរស់ឡើងវិញហើយ ឥឡូវនេះ ព្រះអង្គយាងទៅស្រុកកាលីឡេមុនអ្នករាល់គ្នា។ នៅទីនោះ អ្នករាល់គ្នានឹងឃើញព្រះអង្គ សុំនាងជ្រាប!»។ ស្ត្រីទាំងនោះប្រញាប់ប្រញាល់ចេញពីផ្នូរ ទាំងភ័យទាំងអរយ៉ាងខ្លាំង នាំដំណឹងនេះរត់ទៅជម្រាបពួកសិស្ស។ ពេលនោះ ស្រាប់តែព្រះយេស៊ូយាងមកជួបពួកនាង ព្រះអង្គមានព្រះបន្ទូលថា៖ «ជម្រាបសួរនាង!»។ នាងទាំងនោះក៏ចូលមកឱបព្រះបាទា ហើយក្រាបថ្វាយបង្គំព្រះអង្គ។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «កុំភ័យខ្លាចអ្វីឡើយ! សុំទៅប្រាប់បងប្អូនខ្ញុំឲ្យទៅស្រុកកាលីឡេទៅ គេនឹងឃើញខ្ញុំនៅទីនោះ»។ កាលស្ត្រីទាំងនោះកំពុងតែធ្វើដំណើរទៅ ទាហានខ្លះនាំគ្នាចូលទៅទីក្រុង ជម្រាបពួកនាយកបូជាចារ្យអំពីហេតុការណ៍ទាំងប៉ុន្មាន ដែលកើតឡើង។ ពួកនាយកបូជាចារ្យក៏ប្រជុំពិភាក្សាគ្នាជាមួយពួកព្រឹទ្ធាចារ្យ ហើយសម្រេចចិត្តឲ្យប្រាក់យ៉ាងច្រើនដល់ពួកទាហាន ទាំងប្រាប់ថា៖ «ត្រូវនិយាយថា “ពេលយើងខ្ញុំកំពុងដេកលក់ មានសិស្សរបស់អ្នកនោះមកលួចយកសពទៅទាំងយប់”។ ប្រសិនបើរឿងនេះលេចឮដល់លោកទេសាភិបាល ចាំយើងជួយដោះស្រាយ ដើម្បីកុំឲ្យអ្នករាល់គ្នាមានទោស»។ ពួកទាហានទទួលយកប្រាក់ ហើយធ្វើតាមសេចក្ដីដែលគេបង្គាប់។ រឿងនេះក៏លេចឮសុសសាយក្នុងចំណោមជនជាតិយូដា រហូតមកទល់សព្វថ្ងៃ។ សិស្ស*ទាំងដប់មួយរូបនាំគ្នាធ្វើដំណើរទៅស្រុកកាលីឡេ ហើយឡើងទៅលើភ្នំដែលព្រះយេស៊ូបានប្រាប់ឲ្យគេទៅ។ កាលគេបានឃើញព្រះអង្គ គេក្រាបថ្វាយបង្គំ ប៉ុន្តែ មានអ្នកខ្លះនៅសង្ស័យ។ ព្រះយេស៊ូយាងចូលមកជិតគេ ហើយមានព្រះបន្ទូលថា៖ «ខ្ញុំបានទទួលគ្រប់អំណាច ទាំងនៅស្ថានបរមសុខ* ទាំងនៅលើផែនដី។ ដូច្នេះ ចូរចេញទៅនាំមនុស្សគ្រប់ជាតិសាសន៍ឲ្យធ្វើជាសិស្ស ហើយធ្វើពិធីជ្រមុជទឹកឲ្យគេ ក្នុងព្រះនាមព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ*។ ត្រូវបង្រៀនគេឲ្យប្រតិបត្តិតាមសេចក្ដីទាំងប៉ុន្មាន ដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា។ ចូរដឹងថា ខ្ញុំនៅជាមួយអ្នករាល់គ្នាជារៀងរាល់ថ្ងៃ រហូតដល់អវសានកាលនៃពិភពលោក»។
អាន ម៉ាថាយ 28
ស្ដាប់នូវ ម៉ាថាយ 28
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាថាយ 28:5-20
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ