ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នកដឹងច្បាស់ថា នៅយប់នេះឯង មុនមាន់រងាវ អ្នកនឹងបដិសេធបីដងថាមិនស្គាល់ខ្ញុំ»។ លោកពេត្រុសទូលព្រះអង្គថា៖ «ទោះបីទូលបង្គំត្រូវស្លាប់ជាមួយព្រះអង្គក៏ដោយ ក៏ទូលបង្គំមិនបដិសេធថាមិនស្គាល់ព្រះអង្គជាដាច់ខាត»។ សិស្សឯទៀតៗក៏ទូលព្រះអង្គដូចលោកពេត្រុសដែរ។ ពេលនោះ ព្រះយេស៊ូយាងទៅជាមួយពួកសិស្ស*ដល់កន្លែងមួយ ឈ្មោះកេតសេម៉ានី ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នាអង្គុយនៅទីនេះសិន ចាំខ្ញុំទៅអធិស្ឋាន*នៅត្រង់កន្លែងនោះ»។ ព្រះអង្គនាំលោកពេត្រុស និងកូនរបស់លោកសេបេដេទាំងពីរនាក់ទៅជាមួយ។ ពេលនោះ ព្រះអង្គចាប់ផ្ដើមព្រួយព្រះហឫទ័យ ហើយចុកចាប់អន្ទះសាពន់ប្រមាណ ព្រះអង្គមានព្រះបន្ទូលទៅកាន់អ្នកទាំងបីថា៖ «ខ្ញុំព្រួយចិត្តយ៉ាងខ្លាំងស្ទើរតែស្លាប់ អ្នករាល់គ្នានៅទីនេះសិនហើយ ចូរប្រុងស្មារតី ជាមួយខ្ញុំ»។ ព្រះអង្គយាងទៅមុខបន្ដិច ក្រាបព្រះភ័ក្ត្រដល់ដី ទូលអង្វរថា៖ «ឱព្រះបិតាអើយ! ប្រសិនបើបាន សូមឲ្យពែងនៃទុក្ខលំបាក នេះចេញឆ្ងាយពីទូលបង្គំទៅ ប៉ុន្តែ សូមកុំធ្វើតាមបំណងទូលបង្គំឡើយ គឺសូមឲ្យបានសម្រេចតាមព្រះហឫទ័យរបស់ព្រះអង្គវិញ»។ ព្រះអង្គយាងមករកពួកសិស្ស ឃើញគេកំពុងតែដេកលក់ ព្រះអង្គមានព្រះបន្ទូលទៅលោកពេត្រុសថា៖ «អ្នករាល់គ្នាមិនស៊ូទ្រាំប្រុងស្មារតីជាមួយខ្ញុំ សូម្បីតែមួយម៉ោងក៏មិនបានដែរឬ!។ ចូរប្រុងស្មារតី ហើយអធិស្ឋាន* កុំឲ្យចាញ់ការល្បួងឡើយ។ វិញ្ញាណរបស់មនុស្សប្រុងប្រៀបជាស្រេចមែន តែគេនៅទន់ខ្សោយ ព្រោះនិស្ស័យលោកីយ៍»។ ព្រះអង្គយាងចេញទៅម្ដងទៀតជាលើកទីពីរ ហើយទូលអង្វរថា៖ «ឱព្រះបិតាអើយ ប្រសិនបើទូលបង្គំត្រូវតែទទួលពែងនៃទុក្ខលំបាកនេះចៀសពុំបានទេនោះ សូមឲ្យសម្រេចតាមព្រះហឫទ័យរបស់ព្រះអង្គចុះ!»។ ព្រះយេស៊ូវិលត្រឡប់ទៅរកពួកសិស្សម្ដងទៀត ឃើញគេដេកលក់ ដ្បិតគេងងុយពេក បើកភ្នែកពុំរួចសោះ។ ព្រះអង្គក៏យាងចាកចេញពីគេទៅអធិស្ឋាន*ជាលើកទីបី ហើយទូលអង្វរដោយពាក្យដដែល។
អាន ម៉ាថាយ 26
ស្ដាប់នូវ ម៉ាថាយ 26
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាថាយ 26:34-44
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ