ម៉ាថាយ 26:20-54

ម៉ាថាយ 26:20-54 គខប

លុះ​ដល់​ល្ងាច ព្រះអង្គ​រួម​តុ​ជា​មួយ​សិស្ស​ទាំង​ដប់‌ពីរ​រូប។ នៅ​ពេល​បរិភោគ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​ម្នាក់​នឹង​នាំ​គេ​មក​ចាប់​ខ្ញុំ»។ ពួក​សិស្ស​ព្រួយ​ចិត្ត​ក្រៃ‌លែង ម្នាក់ៗ​ទូល​សួរ​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! តើ​ទូលបង្គំ​ឬ?»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​វិញ​ថា៖ «អ្នក​ណា​ជ្រលក់​នំប៉័ង​ក្នុង​ចាន​ជា​មួយ​ខ្ញុំ គឺ​អ្នក​នោះ​ហើយ​ដែល​នាំ​គេ​មក​ចាប់​ខ្ញុំ ។ បុត្រ​មនុស្ស*​ត្រូវ​តែ​ស្លាប់ ដូច​មាន​ចែង​ទុក​ក្នុង​គម្ពីរ​អំពី​លោក​ស្រាប់។ ប៉ុន្តែ អ្នក​ដែល​នាំ​គេ​មក​ចាប់​បុត្រ​មនុស្ស នឹង​ត្រូវ​វេទនា​ជា​មិន​ខាន។ ចំពោះ​អ្នក​នោះ បើ​មិន​បាន​កើត​មក​ទេ ទើប​ប្រសើរ​ជាង!»។ យូដាស​ជា​អ្នក​ក្បត់​ព្រះអង្គ ទូល​សួរ​ថា៖ «ព្រះ‌គ្រូ! តើ​ខ្ញុំ​ឬ?»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «អ្នក​និយាយ​ដូច្នេះ ត្រូវ​ហើយ!»។ នៅ​ពេល​កំពុង​បរិភោគ ព្រះ‌យេស៊ូ​យក​នំប៉័ង​មក​កាន់ ព្រះអង្គ​សរ‌សើរ​តម្កើង​ព្រះ‌ជាម្ចាស់ ហើយ​កាច់​ប្រទាន​ឲ្យ​ពួក​សិស្ស* ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «នេះ​ជា​រូប​កាយ​ខ្ញុំ សុំ​យក​ពិសា​ចុះ»។ បន្ទាប់​មក ព្រះអង្គ​យក​ពែង​មក​កាន់ អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ រួច​ប្រទាន​ឲ្យ​ពួក​សិស្ស ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «សុំ​យក​ពិសា​ទាំង​អស់​គ្នា​ចុះ នេះ​ជា​លោហិត​របស់​ខ្ញុំ គឺ​លោហិត​នៃ​សម្ពន្ធ‌មេត្រី*​ដែល​ត្រូវ​បង្ហូរ ដើម្បី​លើក‌លែង​ទោស​មនុស្ស​ទាំង​អស់​ឲ្យ​រួច​ពី​បាប។ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អំណើះ​ត​ទៅ ខ្ញុំ​នឹង​មិន​ពិសា​ស្រា​ទំពាំង‌បាយជូរ​ទៀត​ឡើយ រហូត​ដល់​ថ្ងៃ​ដែល​ខ្ញុំ​នឹង​ពិសា​ស្រា​ទំពាំង‌បាយជូរ​ថ្មី​ជា​មួយ​អ្នក​រាល់​គ្នា នៅ​ក្នុង​ព្រះ‌រាជ្យ*​នៃ​ព្រះ‌បិតា​ខ្ញុំ»។ ក្រោយ​ពី​បាន​ច្រៀង​ទំនុកតម្កើង *​រួច​ហើយ ព្រះ‌យេស៊ូ​យាង​ឆ្ពោះ​ទៅ​ភ្នំ​ដើម​អូលីវ​ជា​មួយ​ពួក​សិស្ស។ ពេល​នោះ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «យប់​នេះ អ្នក​ទាំង​អស់​គ្នា​នឹង​បោះ‌បង់​ខ្ញុំ​ចោល ដ្បិត​មាន​ចែង​ទុក​មក​ថា: “យើង​នឹង​វាយ​សម្លាប់​គង្វាល ហើយ​ចៀម​នៅ​ក្នុង​ហ្វូង​នឹង​ត្រូវ​ខ្ចាត់‌ខ្ចាយ” ។ ប៉ុន្តែ ក្រោយ​ពេល​ខ្ញុំ​មាន​ជីវិត​រស់​ឡើង​វិញ ខ្ញុំ​នឹង​ទៅ​ស្រុក​កាលី‌ឡេ មុន​អ្នក​រាល់​គ្នា»។ លោក​ពេត្រុស​ទូល​ព្រះអង្គ​ថា៖ «ទោះ​បី​អ្នក​ឯ​ទៀត​បោះ‌បង់​ចោល​ព្រះអង្គ​ក៏​ដោយ ក៏​ទូលបង្គំ​មិន​សុខ​ចិត្ត​បោះ‌បង់​ចោល​ព្រះអង្គ​ជា​ដាច់​ខាត!»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​ដឹង​ច្បាស់​ថា នៅ​យប់​នេះ​ឯង មុន​មាន់​រងាវ អ្នក​នឹង​បដិសេធ​បី​ដង​ថា​មិន​ស្គាល់​ខ្ញុំ»។ លោក​ពេត្រុស​ទូល​ព្រះអង្គ​ថា៖ «ទោះ​បី​ទូលបង្គំ​ត្រូវ​ស្លាប់​ជា​មួយ​ព្រះអង្គ​ក៏​ដោយ ក៏​ទូលបង្គំ​មិន​បដិសេធ​ថា​មិន​ស្គាល់​ព្រះអង្គ​ជា​ដាច់​ខាត»។ សិស្ស​ឯ​ទៀតៗ​ក៏​ទូល​ព្រះអង្គ​ដូច​លោក​ពេត្រុស​ដែរ។ ពេល​នោះ ព្រះ‌យេស៊ូ​យាង​ទៅ​ជា​មួយ​ពួក​សិស្ស*​ដល់​កន្លែង​មួយ ឈ្មោះ​កេតសេ‌ម៉ានី ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​អង្គុយ​នៅ​ទី​នេះ​សិន ចាំ​ខ្ញុំ​ទៅ​អធិស្ឋាន*​នៅ​ត្រង់​កន្លែង​នោះ»។ ព្រះអង្គ​នាំ​លោក​ពេត្រុស និង​កូន​របស់​លោក​សេបេ‌ដេ​ទាំង​ពីរ​នាក់​ទៅ​ជា​មួយ។ ពេល​នោះ ព្រះអង្គ​ចាប់​ផ្ដើម​ព្រួយ​ព្រះ‌ហឫទ័យ ហើយ​ចុក​ចាប់​អន្ទះ‌សា​ពន់‌ប្រមាណ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អ្នក​ទាំង​បី​ថា៖ «ខ្ញុំ​ព្រួយ​ចិត្ត​យ៉ាង​ខ្លាំង​ស្ទើរ​តែ​ស្លាប់ អ្នក​រាល់​គ្នា​នៅ​ទី​នេះ​សិន​ហើយ ចូរ​ប្រុង​ស្មារតី ​ជា​មួយ​ខ្ញុំ»។ ព្រះអង្គ​យាង​ទៅ​មុខ​បន្ដិច ក្រាប​ព្រះ‌ភ័ក្ត្រ​ដល់​ដី ទូល‌អង្វរ​ថា៖ «ឱ​ព្រះ‌បិតា​អើយ! ប្រសិន​បើ​បាន សូម​ឲ្យ​ពែង​នៃ​ទុក្ខ​លំបាក នេះ​ចេញ​ឆ្ងាយ​ពី​ទូលបង្គំ​ទៅ ប៉ុន្តែ សូម​កុំ​ធ្វើ​តាម​បំណង​ទូលបង្គំ​ឡើយ គឺ​សូម​ឲ្យ​បាន​សម្រេច​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ​វិញ»។ ព្រះអង្គ​យាង​មក​រក​ពួក​សិស្ស ឃើញ​គេ​កំពុង​តែ​ដេក​លក់ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ពេត្រុស​ថា៖ «អ្នក​រាល់​គ្នា​មិន​ស៊ូ‌ទ្រាំ​ប្រុង​ស្មារតី​ជា​មួយ​ខ្ញុំ សូម្បី​តែ​មួយ​ម៉ោង​ក៏​មិន​បាន​ដែរ​ឬ!។ ចូរ​ប្រុង​ស្មារតី ហើយ​អធិស្ឋាន* កុំ​ឲ្យ​ចាញ់​ការ​ល្បួង​ឡើយ។ វិញ្ញាណ​របស់​មនុស្ស​ប្រុង​ប្រៀប​ជា​ស្រេច​មែន តែ​គេ​នៅ​ទន់​ខ្សោយ ព្រោះ​និស្ស័យ​លោកីយ៍»។ ព្រះអង្គ​យាង​ចេញ​ទៅ​ម្ដង​ទៀត​ជា​លើក​ទី​ពីរ ហើយ​ទូល‌អង្វរ​ថា៖ «ឱ​ព្រះ‌បិតា​អើយ ប្រសិន​បើ​ទូលបង្គំ​ត្រូវ​តែ​ទទួល​ពែង​នៃ​ទុក្ខ​លំបាក​នេះ​ចៀស​ពុំ​បាន​ទេ​នោះ សូម​ឲ្យ​សម្រេច​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ​ចុះ!»។ ព្រះ‌យេស៊ូ​វិល​ត្រឡប់​ទៅ​រក​ពួក​សិស្ស​ម្ដង​ទៀត ឃើញ​គេ​ដេក​លក់ ដ្បិត​គេ​ងងុយ​ពេក បើក​ភ្នែក​ពុំ​រួច​សោះ។ ព្រះអង្គ​ក៏​យាង​ចាក​ចេញ​ពី​គេ​ទៅ​អធិស្ឋាន*​ជា​លើក​ទី​បី ហើយ​ទូល‌អង្វរ​ដោយ​ពាក្យ​ដដែល។ បន្ទាប់​មក ព្រះអង្គ​វិល​មក​រក​សិស្ស​វិញ មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​នៅ​តែ​ដេក​លក់ អ្នក​រាល់​គ្នា​សម្រាក​ដល់​អង្កាល់​ទៀត? ឥឡូវ​នេះ ជិត​ដល់​ពេល​កំណត់​ដែល​បុត្រ​មនុស្ស​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស​បាប​ហើយ។ ចូរ​ក្រោក​ឡើង! យើង​នាំ​គ្នា​ទៅ ដ្បិត​អ្នក​ដែល​នាំ​គេ​មក​ចាប់​ខ្ញុំ មក​ជិត​ដល់​ហើយ!»។ ព្រះអង្គ​កំពុង​តែ​មាន​ព្រះ‌បន្ទូល​នៅ​ឡើយ ស្រាប់​តែ​យូដាស​ជា​សិស្ស*​ម្នាក់ ក្នុង​ចំណោម​សិស្ស​ទាំង​ដប់‌ពីរ​មក​ដល់ ទាំង​មាន​បណ្ដា‌ជន​ជា​ច្រើន​កាន់​ដាវ កាន់​ដំបង​មក​ជា​មួយ​ផង។ ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​ព្រឹទ្ធា‌ចារ្យ*​របស់​ប្រជា‌ជន​បាន​ចាត់​អ្នក​ទាំង​នោះ​ឲ្យ​មក។ យូដាស​ដែល​នាំ​គេ​មក​ចាប់​ព្រះ‌យេស៊ូ បាន​សន្មត​ជា​មួយ​គេ​នូវ​សញ្ញា​មួយ​ថា៖ «ខ្ញុំ​ថើប​អ្នក​ណា គឺ​អ្នក​នោះ​ហើយ សុំ​ចាប់​គាត់​ទៅ!»។ កាល​យូដាស​មក​ដល់​ភ្លាម គាត់​ដើរ​តម្រង់​មក​រក​ព្រះ‌យេស៊ូ​ទូល​ថា៖ «ជម្រាប​សួរ​ព្រះ‌គ្រូ!» រួច​ថើប​ព្រះអង្គ។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «សម្លាញ់​អើយ អ្នក​មក​នេះ​ចង់​ធ្វើ​អ្វី ធ្វើ​ទៅ​ចុះ!»។ ពេល​នោះ បណ្ដា‌ជន​ក៏​នាំ​គ្នា​ចូល​មក​ចាប់​ព្រះអង្គ។ មាន​ម្នាក់​ក្នុង​ចំណោម​ពួក​អ្នក​ដែល​នៅ​ជា​មួយ​ព្រះ‌យេស៊ូ បាន​ហូត​ដាវ​កាប់​អ្នក​បម្រើ​របស់​លោក​មហា​បូជា‌ចារ្យ* ដាច់​ស្លឹក​ត្រចៀក។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​នោះ​ថា៖ «ស៊ក​ដាវ​អ្នក​ទៅ​ក្នុង​ស្រោម​វិញ​ទៅ ដ្បិត​អស់​អ្នក​ដែល​ប្រើ​ដាវ​នឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ​ជា​មិន​ខាន។ អ្នក​ស្មាន​ថា ខ្ញុំ​មិន​អាច​អង្វរ‌ករ​ព្រះ‌បិតា​ខ្ញុំ​ឲ្យ​ចាត់​ទេវតា​ជាង​ដប់‌ពីរ​កង‌ពល មក​ជួយ​ខ្ញុំ​បាន​ភ្លាមៗ​ទេ​ឬ? តែ​បើ​ធ្វើ​ដូច្នោះ ធ្វើ​ម្ដេច​នឹង​បាន​ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ អំពី​ហេតុ‌ការណ៍​ដែល​ត្រូវ​តែ​កើត​ឡើង​យ៉ាង​នេះ!»។