កាលព្រះយេស៊ូមានព្រះបន្ទូលទាំងនេះចប់សព្វគ្រប់ហើយ ព្រះអង្គមានព្រះបន្ទូលទៅកាន់ពួកសិស្សថា៖ «អ្នករាល់គ្នាដឹងហើយថា ពីរថ្ងៃទៀត ដល់បុណ្យចម្លង* គេនឹងចាប់បុត្រមនុស្ស*បញ្ជូនទៅឆ្កាង»។ ពេលនោះ ពួកនាយកបូជាចារ្យ* និងពួកព្រឹទ្ធាចារ្យ*របស់ប្រជាជន ជួបជុំគ្នានៅក្នុងដំណាក់របស់លោកមហាបូជាចារ្យ ឈ្មោះកៃផា ហើយបានសម្រេចចិត្តជាមួយគ្នា រកកលល្បិចចាប់ព្រះយេស៊ូយកទៅធ្វើគុត។ ប៉ុន្តែ គេនិយាយគ្នាថា៖ «កុំចាប់ក្នុងពេលបុណ្យឡើយ ក្រែងកើតចលាចលក្នុងចំណោមប្រជាជន»។ ព្រះយេស៊ូគង់នៅភូមិបេតថានី ក្នុងផ្ទះបុរសម្នាក់ឈ្មោះស៊ីម៉ូន ជាមនុស្សឃ្លង់។ មានស្ត្រីម្នាក់ចូលមករកព្រះអង្គ ទាំងកាន់ដបថ្មកែវផង។ នៅក្នុងដបនោះមានប្រេងក្រអូបដ៏មានតម្លៃលើសលុប។ ពេលព្រះយេស៊ូកំពុងសោយព្រះស្ងោយ នាងយកប្រេងក្រអូបនោះចាក់លើព្រះសិរសាព្រះអង្គ។ ពួកសិស្ស*ឃើញដូច្នេះទាស់ចិត្តជាខ្លាំង ហើយពោលថា៖ «ម្ដេចក៏ខ្ជះខ្ជាយអីចឹង! បើយកប្រេងក្រអូបនេះទៅលក់មុខជាបានប្រាក់ច្រើន សម្រាប់ចែកទានដល់ជនក្រីក្រវិញ!»។ ព្រះយេស៊ូជ្រាបគំនិតរបស់គេ ព្រះអង្គមានព្រះបន្ទូលថា៖ «ហេតុអ្វីបានជារករឿងនាងដូច្នេះ! នាងបានធ្វើអំពើដ៏ល្អចំពោះខ្ញុំ។ អ្នករាល់គ្នាមានជនក្រីក្រនៅជាមួយរហូត រីឯខ្ញុំវិញ ខ្ញុំមិននៅជាមួយអ្នករាល់គ្នារហូតទេ។ នាងបានចាក់ប្រេងលាបរូបកាយខ្ញុំដូច្នេះ ដើម្បីធ្វើពិធីបញ្ចុះសពខ្ញុំទុកជាមុន។ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា គ្រប់ទីកន្លែងក្នុងពិភពលោកទាំងមូល កាលណាគេប្រកាសដំណឹងល្អ*នេះ គេក៏នឹងតំណាលអំពីកិច្ចការដែលនាងបានធ្វើនេះដែរ ដើម្បីរំឭកអំពីនាង»។ ពេលនោះ សិស្ស*ម្នាក់ក្នុងក្រុមសិស្សទាំងដប់ពីរឈ្មោះ យូដាសអ៊ីស្ការីយ៉ុត បានទៅជួបក្រុមនាយកបូជាចារ្យ* ជម្រាបថា៖ «បើខ្ញុំប្រគល់លោកយេស៊ូជូនអស់លោក តើអស់លោកឲ្យអ្វីខ្ញុំ?»។ ពួកនាយកបូជាចារ្យក៏រាប់ប្រាក់ឲ្យគាត់សាមសិបស្លឹង ។ ចាប់ពីពេលនោះមក យូដាសរកឱកាសល្អ ដើម្បីនាំគេទៅចាប់ព្រះយេស៊ូ។ នៅថ្ងៃដំបូងនៃពិធីបុណ្យនំប៉័ងឥតមេ* សិស្ស*នាំគ្នាមកគាល់ព្រះយេស៊ូ ទូលថា៖ «តើព្រះគ្រូចង់ឲ្យយើងខ្ញុំរៀបចំជប់លៀងជូន ក្នុងឱកាសបុណ្យចម្លង*នៅកន្លែងណា?»។ ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរនាំគ្នាទៅផ្ទះបុរសម្នាក់នៅទីក្រុង ប្រាប់គាត់ថា: “លោកគ្រូមានប្រសាសន៍ថា ពេលកំណត់*របស់ខ្ញុំជិតមកដល់ហើយ ខ្ញុំនឹងធ្វើពិធីបុណ្យចម្លងជាមួយសិស្សខ្ញុំនៅក្នុងផ្ទះអ្នក”»។ សិស្សនាំគ្នាធ្វើតាមដូចព្រះយេស៊ូបង្គាប់ ហើយរៀបចំម្ហូបអាហារសម្រាប់បុណ្យចម្លង។
អាន ម៉ាថាយ 26
ស្ដាប់នូវ ម៉ាថាយ 26
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាថាយ 26:1-19
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ