«ព្រះរាជ្យនៃស្ថានបរមសុខ*ប្រៀបបានទៅនឹងស្ត្រីក្រមុំដប់នាក់ ដែលយកចង្កៀងចេញទៅទទួលស្វាមី។ ក្នុងចំណោមពួកនាងមានប្រាំនាក់ជាស្ត្រីឥតគំនិត ប្រាំនាក់ទៀតជាស្ត្រីឈ្លាសវៃ។ ស្ត្រីឥតគំនិតយកចង្កៀងទៅ តែមិនយកប្រេងទៅបង្ការជាមួយទេ។ រីឯស្ត្រីឈ្លាសវៃវិញ នាងបានយកចង្កៀងទៅ មានទាំងប្រេងបង្ការផង។ ដោយស្វាមីក្រមកដល់ នាងទាំងដប់នាក់ងោកងុយពេក ក៏ដេកលក់ទាំងអស់គ្នាទៅ។ លុះដល់ពាក់កណ្ដាលអធ្រាត្រមានគេស្រែកឡើងថា “ស្វាមីមកដល់ហើយ! ចូរនាំគ្នារត់ទៅទទួលលោក!”។ ស្ត្រីក្រមុំទាំងនោះក៏ក្រោកឡើងរៀបចំអុជចង្កៀង។ ស្ត្រីឥតគំនិតនិយាយទៅកាន់ស្ត្រីឈ្លាសវៃថា “សុំចែកប្រេងឲ្យយើងខ្លះផង ព្រោះចង្កៀងយើងចង់រលត់អស់ហើយ”។ ស្ត្រីឈ្លាសវៃឆ្លើយទៅវិញថា “ទេមិនបានទេ! បើយើងចែកឲ្យពួកនាង ក្រែងមិនគ្រាន់សម្រាប់យើងផង សម្រាប់ពួកនាងផង។ ចូរនាំគ្នាទៅទិញនៅផ្ទះលក់ប្រេងទៅ!”។ នៅពេលស្ត្រីឥតគំនិតទាំងប្រាំចេញទៅរកទិញប្រេងផុតទៅ ស្រាប់តែស្វាមីមកដល់ ឯស្ត្រីប្រាំនាក់ដែលត្រៀមខ្លួនជាស្រេច នាំគ្នាចូលទៅក្នុងរោងការជាមួយលោក ហើយគេបិទទ្វារជិត។ ក្រោយមក ស្ត្រីប្រាំនាក់ទៀតមកដល់ ស្រែកហៅថា: “លោកម្ចាស់ លោកម្ចាស់! សូមបើកទ្វារឲ្យយើងខ្ញុំចូលផង!”។ ស្វាមីឆ្លើយទៅវិញថា: “ខ្ញុំសុំប្រាប់ឲ្យនាងទាំងអស់គ្នាដឹងច្បាស់ថា ខ្ញុំមិនស្គាល់ពួកនាងទេ!”។ ដូច្នេះ ចូរអ្នករាល់គ្នាប្រុងស្មារតី ដ្បិតអ្នករាល់គ្នាពុំដឹងថា បុត្រមនុស្ស*នឹងមកដល់ថ្ងៃណា ពេលណាឡើយ»។ «ព្រះរាជ្យ*នៃស្ថានបរមសុខ*ប្រៀបបាននឹងបុរសម្នាក់ ដែលហៀបចេញដំណើរទៅស្រុកឆ្ងាយ។ គាត់ហៅពួកអ្នកបម្រើមកប្រគល់ទ្រព្យសម្បត្តិឲ្យ។ គាត់ប្រគល់ប្រាក់ឲ្យអ្នកបម្រើម្នាក់ៗតាមសមត្ថភាពរៀងៗខ្លួន គឺឲ្យប្រាំណែន ទៅអ្នកទីមួយ ពីរណែនទៅអ្នកទីពីរ និងមួយណែនទៅអ្នកទីបី រួចគាត់ចេញដំណើរទៅ។
អាន ម៉ាថាយ 25
ស្ដាប់នូវ ម៉ាថាយ 25
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាថាយ 25:1-15
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ