ម៉ាថាយ 25

25
ប្រស្នា​អំពី​ស្ត្រី​ក្រមុំ​ដប់​នាក់
1 «ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ*​ប្រៀប​បាន​ទៅ​នឹង​ស្ត្រី​ក្រមុំ​ដប់​នាក់ ដែល​យក​ចង្កៀង​ចេញ​ទៅ​ទទួល​ស្វាមី។ 2ក្នុង​ចំណោម​ពួក​នាង​មាន​ប្រាំ​នាក់​ជា​ស្ត្រី​ឥត​គំនិត ប្រាំ​នាក់​ទៀត​ជា​ស្ត្រី​ឈ្លាស​វៃ។ 3ស្ត្រី​ឥត​គំនិត​យក​ចង្កៀង​ទៅ តែ​មិន​យក​ប្រេង​ទៅ​បង្ការ​ជា​មួយ​ទេ។ 4រីឯ​ស្ត្រី​ឈ្លាស​វៃ​វិញ នាង​បាន​យក​ចង្កៀង​ទៅ មាន​ទាំង​ប្រេង​បង្ការ​ផង។ 5ដោយ​ស្វាមី​ក្រ​មក​ដល់ នាង​ទាំង​ដប់​នាក់​ងោក‌ងុយ​ពេក ក៏​ដេក​លក់​ទាំង​អស់​គ្នា​ទៅ។ 6លុះ​ដល់​ពាក់​កណ្ដាល​អធ្រាត្រ​មាន​គេ​ស្រែក​ឡើង​ថា “ស្វាមី​មក​ដល់​ហើយ! ចូរ​នាំ​គ្នា​រត់​ទៅ​ទទួល​លោក!”។ 7ស្ត្រី​ក្រមុំ​ទាំង​នោះ​ក៏​ក្រោក​ឡើង​រៀបចំ​អុជ​ចង្កៀង។ 8ស្ត្រី​ឥត​គំនិត​និយាយ​ទៅ​កាន់​ស្ត្រី​ឈ្លាស​វៃ​ថា “សុំ​ចែក​ប្រេង​ឲ្យ​យើង​ខ្លះ​ផង ព្រោះ​ចង្កៀង​យើង​ចង់​រលត់​អស់​ហើយ”។ 9ស្ត្រី​ឈ្លាស​វៃ​ឆ្លើយ​ទៅ​វិញ​ថា “ទេ​មិន​បាន​ទេ! បើ​យើង​ចែក​ឲ្យ​ពួក​នាង ក្រែង​មិន​គ្រាន់​សម្រាប់​យើង​ផង សម្រាប់​ពួក​នាង​ផង។ ចូរ​នាំ​គ្នា​ទៅ​ទិញ​នៅ​ផ្ទះ​លក់​ប្រេង​ទៅ!”។
10នៅ​ពេល​ស្ត្រី​ឥត​គំនិត​ទាំង​ប្រាំ​ចេញ​ទៅ​រក​ទិញ​ប្រេង​ផុត​ទៅ ស្រាប់​តែ​ស្វាមី​មក​ដល់ ឯ​ស្ត្រី​ប្រាំ​នាក់​ដែល​ត្រៀម​ខ្លួន​ជា​ស្រេច នាំ​គ្នា​ចូល​ទៅ​ក្នុង​រោង​ការ​ជា​មួយ​លោក ហើយ​គេ​បិទ​ទ្វារ​ជិត។ 11 ក្រោយ​មក ស្ត្រី​ប្រាំ​នាក់​ទៀត​មក​ដល់ ស្រែក​ហៅ​ថា: “លោក​ម្ចាស់ លោក​ម្ចាស់! សូម​បើក​ទ្វារ​ឲ្យ​យើង​ខ្ញុំ​ចូល​ផង!”។ 12ស្វាមី​ឆ្លើយ​ទៅ​វិញ​ថា: “ខ្ញុំ​សុំ​ប្រាប់​ឲ្យ​នាង​ទាំង​អស់​គ្នា​ដឹង​ច្បាស់​ថា ខ្ញុំ​មិន​ស្គាល់​ពួក​នាង​ទេ!”។
13ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ប្រុង​ស្មារតី ដ្បិត​អ្នក​រាល់​គ្នា​ពុំ​ដឹង​ថា បុត្រ​មនុស្ស*​នឹង​មក​ដល់​ថ្ងៃ​ណា ពេល​ណា​ឡើយ»។
ប្រស្នា​ស្ដី​អំពី​ប្រាក់​ណែន
(លូកា ១៩.១១-២៧)
14«ព្រះ‌រាជ្យ*​នៃ​ស្ថាន​បរម‌សុខ*​ប្រៀប​បាន​នឹង​បុរស​ម្នាក់ ដែល​ហៀប​ចេញ​ដំណើរ​ទៅ​ស្រុក​ឆ្ងាយ។ គាត់​ហៅ​ពួក​អ្នក​បម្រើ​មក​ប្រគល់​ទ្រព្យ​សម្បត្តិ​ឲ្យ។ 15គាត់​ប្រគល់​ប្រាក់​ឲ្យ​អ្នក​បម្រើ​ម្នាក់ៗ​តាម​សមត្ថ‌ភាព​រៀងៗ​ខ្លួន គឺ​ឲ្យ​ប្រាំ​ណែន ទៅ​អ្នក​ទី​មួយ ពីរ​ណែន​ទៅ​អ្នក​ទី​ពីរ និង​មួយ​ណែន​ទៅ​អ្នក​ទី​បី រួច​គាត់​ចេញ​ដំណើរ​ទៅ។ 16អ្នក​បម្រើ​ដែល​បាន​ទទួល​ប្រាក់​ប្រាំ​ណែន យក​ប្រាក់​ចេញ​ទៅ​រក​ស៊ី​ភ្លាម ហើយ​ចំណេញ​បាន​ប្រាំ​ណែន​ទៀត។ 17អ្នក​ទី​ពីរ​ក៏​ដូច្នោះ​ដែរ គាត់​យក​ប្រាក់​ពីរ​ណែន​នោះ​ទៅ​រក​ស៊ី ចំណេញ​បាន​ពីរ​ណែន​ទៀត។ 18រីឯ​អ្នក​ដែល​ទទួល​ប្រាក់​មួយ​ណែន​បាន​ចេញ​ទៅ​ជីក​ដី​កប់​ប្រាក់​ម្ចាស់​របស់​ខ្លួន​ទុក។
19លុះ​យូរ​ក្រោយ​មក ម្ចាស់​វិល​ត្រឡប់​មក​វិញ ហើយ​គិត​បញ្ជី​ជា​មួយ​អ្នក​ទាំង​បី​នោះ។ 20អ្នក​ទទួល​ប្រាក់​ប្រាំ​ណែន យក​ប្រាក់​ដែល​ចំណេញ​បាន​ប្រាំ​ណែន ចូល​មក​ជូន​ម្ចាស់ ដោយ​ពោល​ថា: “លោក​ម្ចាស់! លោក​បាន​ប្រគល់​ប្រាក់​ប្រាំ​ណែន​ឲ្យ​ខ្ញុំ​ប្របាទ ឥឡូវ​នេះ ខ្ញុំ​ប្របាទ​ចំណេញ​បាន​ប្រាំ​ណែន​ទៀត”។ 21ម្ចាស់​ក៏​ពោល​ទៅ​គាត់​ថា: “ល្អ​ហើយ! អ្នក​បម្រើ​ដ៏​ប្រសើរ​មាន​ចិត្ត​ស្មោះ​ត្រង់​អើយ! អ្នក​បាន​ស្មោះ​ត្រង់​នឹង​កិច្ចការ​មួយ​ដ៏​តូច​នេះ ខ្ញុំ​នឹង​តាំង​អ្នក​ឲ្យ​មើល​ខុស​ត្រូវ​លើ​កិច្ចការ​ធំៗ។ ចូរ​អ្នក​ចូល​មក​សប្បាយ​រួម​ជា​មួយ​នឹង​ខ្ញុំ​ចុះ”។ 22អ្នក​ទទួល​ប្រាក់​ពីរ​ណែន ក៏​យក​ប្រាក់​ដែល​ចំណេញ​បាន​ពីរ​ណែន​ទៀត​នោះ​ចូល​មក​ដែរ ហើយ​ជម្រាប​ថា: “លោក​ម្ចាស់! លោក​បាន​ប្រគល់​ប្រាក់​ពីរ​ណែន​ឲ្យ​ខ្ញុំ​ប្របាទ ឥឡូវ​នេះ ខ្ញុំ​ប្របាទ​ចំណេញ​បាន​ពីរ​ណែន​ទៀត”។ 23ម្ចាស់​ក៏​ពោល​ទៅ​គាត់​ថា: “ល្អ​ហើយ! អ្នក​បម្រើ​ដ៏​ប្រសើរ​មាន​ចិត្ត​ស្មោះ​ត្រង់​អើយ! អ្នក​បាន​ស្មោះ​ត្រង់​នឹង​កិច្ចការ​មួយ​ដ៏​តូច​នេះ ខ្ញុំ​នឹង​តាំង​អ្នក​ឲ្យ​មើល​ខុស​ត្រូវ​លើ​កិច្ចការ​ធំៗ។ ចូរ​អ្នក​ចូល​មក​សប្បាយ​រួម​ជា​មួយ​នឹង​ខ្ញុំ​ចុះ”។ 24បន្ទាប់​មក អ្នក​ដែល​បាន​ទទួល​ប្រាក់​មួយ​ណែន​ក៏​ចូល​មក ហើយ​ជម្រាប​ថា: “លោក​ម្ចាស់! ខ្ញុំ​ប្របាទ​ដឹង​ថា​លោក​ជា​មនុស្ស​តឹង‌តែង​ណាស់។ លោក​តែង​ច្រូត​យក​ផល​ពី​ស្រែ​ដែល​លោក​មិន​បាន​សាប​ព្រោះ ហើយ​ប្រមូល​យក​ផល​ពី​ដំណាំ​ដែល​លោក​មិន​បាន​ដាំ។ 25ខ្ញុំ​ប្របាទ​បាន​យក​ប្រាក់​ដែល​លោក​ប្រគល់​ឲ្យ ទៅ​ជីក​ដី​កប់ ព្រោះ​ខ្ញុំ​ប្របាទ​ភ័យ​ខ្លាច​ពេក។ ឥឡូវ​នេះ សូម​លោក​ម្ចាស់​យក​ប្រាក់​របស់​លោក​វិញ​ចុះ”។ 26ម្ចាស់​ក៏​ពោល​ទៅ​អ្នក​នោះ​ថា: “នែ អ្នក​បម្រើ​អា‌ក្រក់ ខ្ជិល​ច្រអូស​អើយ! អ្នក​ដឹង​ស្រាប់​ហើយ​ថា ខ្ញុំ​តែង​ច្រូត​យក​ផល​ពី​ស្រែ​ដែល​ខ្ញុំ​មិន​បាន​សាប​ព្រោះ និង​ប្រមូល​ផល​ពី​ដំណាំ​ដែល​ខ្ញុំ​មិន​បាន​ដាំ។ 27គួរ​តែ​អ្នក​យក​ប្រាក់​ខ្ញុំ​ទៅ​ចង​ការ កាល​ណា​ខ្ញុំ​ត្រឡប់​មក​វិញ ខ្ញុំ​នឹង​ទទួល​ប្រាក់​ទាំង​ដើម ទាំង​ការ!។ 28ចូរ​យក​ប្រាក់​ពី​អ្នក​នេះ​ប្រគល់​ឲ្យ​អ្នក​ដែល​មាន​ដប់​ណែន​នោះ​ទៅ 29 ដ្បិត​អ្នក​ណា​មាន​ហើយ អ្នក​នោះ​នឹង​ទទួល​បរិបូណ៌​ហូរ‌ហៀរ​ថែម​ទៀត។ រីឯ​អ្នក​ដែល​គ្មាន​វិញ គេ​នឹង​ដក​ហូត​នូវ​អ្វីៗ​ដែល​អ្នក​នោះ​មាន​ផង។ 30 ចំណែក​ឯ​អ្នក​បម្រើ​ឥត​បាន​ការ​នេះ ចូរ​យក​គាត់​ទៅ​ចោល​នៅ​ទី​ងងឹត​ខាង​ក្រៅ ជា​កន្លែង​យំ​សោក ខឹង​សង្កៀត​ធ្មេញ​នោះ​ទៅ!”»។
ការ​កាត់​ទោស​នៅ​គ្រា​ចុង​ក្រោយ​បង្អស់
31 «នៅ​ពេល​បុត្រ​មនុស្ស​យាង​មក​ជា​មួយ​ពួក​ទេវតា* ប្រកប​ដោយ​សិរី‌រុងរឿង លោក​នឹង​គង់​នៅ​លើ​បល្ល័ង្ក​ដ៏​រុងរឿង។ 32ពេល​នោះ មនុស្ស​គ្រប់​ជាតិ​សាសន៍​នឹង​មក​ផ្ដុំ​គ្នា​នៅ​មុខ​លោក លោក​នឹង​ញែក​គេ​ចេញ​ពី​គ្នា ដូច​គង្វាល​ញែក​ចៀម​ចេញ​ពី​ពពែ 33គឺ​ឲ្យ​ចៀម​នៅ​ខាង​ស្ដាំ ពពែ​នៅ​ខាង​ឆ្វេង។ 34ពេល​នោះ ព្រះ‌មហា‌ក្សត្រ​នឹង​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អស់​អ្នក​នៅ​ខាង​ស្ដាំ​ព្រះអង្គ​ថា “អស់​អ្នក​ដែល​ព្រះ‌បិតា​ខ្ញុំ​បាន​ប្រទាន​ពរ​អើយ! ចូរ​នាំ​គ្នា​មក​ទទួល​ព្រះ‌រាជ្យ​ដែល​ព្រះអង្គ​បាន​រៀប​ទុក​ឲ្យ​អ្នក​រាល់​គ្នា តាំង​ពី​កំណើត​ពិភព​លោក​មក 35ដ្បិត​កាល​យើង​ឃ្លាន អ្នក​រាល់​គ្នា​បាន​ឲ្យ​អាហារ​យើង​បរិភោគ កាល​យើង​ស្រេក អ្នក​រាល់​គ្នា​បាន​ឲ្យ​ទឹក​យើង​ពិសា កាល​យើង​ជា​ជន​បរទេស អ្នក​រាល់​គ្នា​បាន​ទទួល​យើង​ឲ្យ​ស្នាក់​អាស្រ័យ 36កាល​យើង​គ្មាន​សម្លៀក‌បំពាក់ អ្នក​រាល់​គ្នា​បាន​យក​សម្លៀក‌បំពាក់​មក​ឲ្យ​យើង កាល​យើង​មាន​ជំងឺ អ្នក​រាល់​គ្នា​បាន​មក​សួរ​សុខ​ទុក្ខ​យើង ហើយ​កាល​យើង​ជាប់​ឃុំ‌ឃាំង អ្នក​រាល់​គ្នា​ក៏​បាន​មក​សួរ​យើង​ដែរ”។ 37ពួក​អ្នក​សុចរិត​ទូល​ព្រះអង្គ​វិញ​ថា: “បពិត្រ​ព្រះ‌អម្ចាស់! តើ​យើង​ខ្ញុំ​ដែល​បាន​ឃើញ​ព្រះអង្គ​ឃ្លាន ហើយ​យក​ម្ហូប​អាហារ​មក​ថ្វាយ​ព្រះអង្គ​សោយ ឬ​ឃើញ​ព្រះអង្គ​ស្រេក ហើយ​យក​ទឹក​មក​ថ្វាយ​ព្រះអង្គ​សោយ​ពី​អង្កាល់? 38តើ​យើង​ខ្ញុំ​ដែល​បាន​ឃើញ​ព្រះអង្គ​ជា​ជន​បរទេស ហើយ​ទទួល​ព្រះអង្គ​ឲ្យ​ស្នាក់​អាស្រ័យ ឬ​ឃើញ​ព្រះអង្គ​គ្មាន​សម្លៀក‌បំពាក់ ហើយ​យក​សម្លៀក‌បំពាក់​មក​ថ្វាយ​ព្រះអង្គ​ពី​អង្កាល់? 39តើ​យើង​ខ្ញុំ​ដែល​បាន​ឃើញ​ព្រះអង្គ​ប្រឈួន ឬ​ជាប់​ឃុំ‌ឃាំង ហើយ​មក​សួរ​សុខ​ទុក្ខ​ព្រះអង្គ​ពី​អង្កាល់?”។ 40ព្រះ‌មហា‌ក្សត្រ​នឹង​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា “យើង​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា គ្រប់​ពេល​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​ទាំង​នោះ ចំពោះ​អ្នក​តូច‌តាច​ជាង​គេ​បំផុត​ម្នាក់ ដែល​ជា​បងប្អូន​របស់​យើង​នេះ អ្នក​រាល់​គ្នា​ក៏​ដូច​ជា​បាន​ប្រព្រឹត្ត​ចំពោះ​យើង​ដែរ”។
41បន្ទាប់​មក ព្រះអង្គ​នឹង​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​អ្នក​នៅ​ខាង​ឆ្វេង​ថា: “ពួក​ត្រូវ​បណ្ដា‌សា​អើយ! ចូរ​ថយ​ចេញ​ឲ្យ​ឆ្ងាយ​ពី​យើង ហើយ​ធ្លាក់​ទៅ​ក្នុង​ភ្លើង​ដែល​ឆេះ​អស់‌កល្ប​ជានិច្ច ជា​ភ្លើង​បម្រុង​ទុក​សម្រាប់​ផ្ដន្ទា‌ទោស​មារ*​សាតាំង និង​បរិវារ​របស់​វា​នោះ​ទៅ! 42ដ្បិត​កាល​យើង​ឃ្លាន អ្នក​រាល់​គ្នា​ពុំ​បាន​ឲ្យ​ម្ហូប​អាហារ​យើង​បរិភោគ​ទេ កាល​យើង​ស្រេក អ្នក​រាល់​គ្នា​ក៏​ពុំ​បាន​ឲ្យ​ទឹក​យើង​ពិសា​ដែរ 43កាល​យើង​ជា​ជន​បរទេស អ្នក​រាល់​គ្នា​ពុំ​បាន​ទទួល​យើង​ឲ្យ​ស្នាក់​អាស្រ័យ​ឡើយ កាល​យើង​គ្មាន​សម្លៀក‌បំពាក់ អ្នក​រាល់​គ្នា​ក៏​ពុំ​បាន​យក​សម្លៀក‌បំពាក់​មក​ឲ្យ​យើង​ដែរ កាល​យើង​មាន​ជំងឺ និង​ជាប់​ឃុំ‌ឃាំង អ្នក​រាល់​គ្នា​ពុំ​បាន​មក​សួរ​សុខ​ទុក្ខ​យើង​ទាល់​តែ​សោះ”។ 44ពួក​នោះ​នាំ​គ្នា​ទូល​ព្រះអង្គ​ថា “បពិត្រ​ព្រះ‌អម្ចាស់! តើ​យើង​ខ្ញុំ​មាន​ដែល​បាន​ឃើញ​ព្រះអង្គ​ឃ្លាន ឃើញ​ព្រះអង្គ​ស្រេក ឃើញ​ព្រះអង្គ​ជា​ជន​បរទេស ឃើញ​ព្រះអង្គ​គ្មាន​សម្លៀក‌បំពាក់ ឃើញ​ព្រះអង្គ​ប្រឈួន ឬ​ជាប់​ឃុំ‌ឃាំង ហើយ​យើង​ខ្ញុំ​មិន​ដែល​ជួយ​ព្រះអង្គ​សោះ​ពី​អង្កាល់?”។ 45ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា “យើង​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា គ្រប់​ពេល​អ្នក​រាល់​គ្នា​មិន​បាន​ប្រព្រឹត្ត​អំពើ​ទាំង​នោះ ចំពោះ​អ្នក​តូច‌តាច​ជាង​គេ​បំផុត​ម្នាក់ ដែល​ជា​បងប្អូន​របស់​យើង​នេះ អ្នក​រាល់​គ្នា​ក៏​ដូច​ជា​មិន​បាន​ប្រព្រឹត្ត​ចំពោះ​យើង​ដែរ”។ 46 អ្នក​ទាំង​នេះ​នឹង​ត្រូវ​ទទួល​ទោស​អស់‌កល្ប​ជានិច្ច រីឯ​អ្នក​សុចរិត​វិញ នឹង​ទទួល​ជីវិត​អស់‌កល្ប​ជានិច្ច»។

ទើបបានជ្រើសរើសហើយ៖

ម៉ាថាយ 25: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល