ពេលនោះ ព្រះយេស៊ូកំពុងយាងចេញពីព្រះវិហារ ពួកសិស្សចូលមកជិត ចង្អុលបង្ហាញវិមានផ្សេងៗក្នុងព្រះវិហារ ថ្វាយព្រះអង្គទត។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្វីៗដែលអ្នករាល់គ្នាឃើញនៅពេលនេះ នឹងត្រូវរលំបាក់បែកអស់ លែងមានថ្មត្រួតពីលើថ្មទៀតហើយ!»។ កាលព្រះយេស៊ូគង់នៅលើភ្នំដើមអូលីវ ពួកសិស្ស*នាំគ្នាចូលទៅគាល់ព្រះអង្គ ដាច់ឡែកពីគេ ហើយទូលថា៖ «សូមប្រាប់ឲ្យយើងខ្ញុំដឹងផង ហេតុការណ៍ទាំងនេះនឹងកើតឡើងនៅពេលណា? តើមានអ្វីជាសម្គាល់ឲ្យយើងខ្ញុំដឹងថា ដល់ពេលព្រះអង្គយាងមក និងដល់អវសានកាលនៃពិភពលោក?»។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖ «ចូរប្រុងប្រយ័ត្ន កុំបណ្ដោយនរណាមកបញ្ឆោតអ្នករាល់គ្នាឲ្យវង្វេងឡើយ ដ្បិតនឹងមានមនុស្សជាច្រើនយកឈ្មោះខ្ញុំទៅប្រើ ដោយពោលថា: “ខ្ញុំនេះហើយជាព្រះគ្រិស្ត*”។ គេនឹងនាំមនុស្សជាច្រើនឲ្យវង្វេង។ អ្នករាល់គ្នានឹងឮគេនិយាយអំពីសង្គ្រាម និងឮដំណឹងថា មានសង្គ្រាមផ្ទុះឡើងហើយ។ កុំជ្រួលច្របល់ឡើយ ដ្បិតហេតុការណ៍ទាំងនេះត្រូវតែកើតឡើង តែមិនទាន់ដល់អវសានកាលនៃពិភពលោកនៅឡើយទេ។ ប្រជាជាតិមួយនឹងធ្វើសង្គ្រាមតទល់នឹងប្រជាជាតិមួយទៀត ប្រទេសមួយតទល់នឹងប្រទេសមួយទៀត ។ នៅតាមតំបន់ផ្សេងៗនឹងមានកើតទុរ្ភិក្ស និងរញ្ជួយផែនដី។ ប៉ុន្តែ ហេតុការណ៍ទាំងនេះប្រៀបបានទៅនឹងការឈឺចាប់ដើមដំបូងរបស់ស្ត្រី ដែលហៀបនឹងសម្រាលកូន។ គេនឹងបញ្ជូនអ្នករាល់គ្នាទៅធ្វើទុក្ខទោស ព្រមទាំងឲ្យគេសម្លាប់អ្នករាល់គ្នាថែមទៀតផង។ ជាតិសាសន៍ទាំងអស់នឹងស្អប់អ្នករាល់គ្នា ព្រោះតែនាមខ្ញុំ។ នៅពេលនោះ នឹងមានមនុស្សជាច្រើនបែកចិត្តឃ្លាតចេញពីជំនឿ ក្បត់គ្នាទៅវិញទៅមក និងស្អប់គ្នាផង។ ព្យាការី*ក្លែងក្លាយជាច្រើននឹងមកដល់ ហើយបញ្ឆោតមនុស្សជាច្រើនឲ្យវង្វេង។ អំពើទុច្ចរិតនឹងរីកចម្រើនឡើងជាខ្លាំង បណ្ដាលឲ្យសេចក្ដីស្រឡាញ់របស់មនុស្សមួយចំនួនធំត្រូវធ្លាក់ចុះអន់ថយ។ ប៉ុន្តែ អ្នកណាស៊ូទ្រាំរហូតដល់ទីបញ្ចប់ ព្រះជាម្ចាស់នឹងសង្គ្រោះអ្នកនោះ។ គេនឹងប្រកាសដំណឹងល្អ*អំពីព្រះរាជ្យ*នេះ ពាសពេញសកលលោកទាំងមូល ទុកជាសក្ខីភាពដល់ជាតិសាសន៍ទាំងអស់។ ពេលនោះ ទើបដល់អវសានកាលនៃពិភពលោក»។ «ពេលណាអ្នករាល់គ្នាឃើញ វត្ថុចង្រៃដ៏គួរស្អប់ខ្ពើម តាំងនៅក្នុងទីសក្ការៈ ដូចព្យាការីដានីយ៉ែលបានថ្លែងទុក (សូមឲ្យអ្នកអានយល់ពាក្យនេះចុះ!) ពេលនោះ អ្នកដែលរស់ក្នុងស្រុកយូដា ត្រូវនាំគ្នារត់ទៅជ្រកនៅតាមភ្នំ។ រីឯអ្នកនៅលើដំបូលផ្ទះ មិនត្រូវចុះមកយកអ្វីៗនៅក្នុងផ្ទះឡើយ ហើយអ្នកដែលនៅឯចម្ការ ក៏មិនត្រូវវិលទៅផ្ទះយកអាវធំរបស់ខ្លួនដែរ។ គ្រានោះ ស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅកូនមុខជាត្រូវវេទនាពុំខាន។ ចូរទូលអង្វរព្រះជាម្ចាស់ សូមកុំឲ្យអ្នករាល់គ្នាត្រូវរត់ភៀសខ្លួននៅរដូវត្រជាក់ ឬនៅថ្ងៃសប្ប័ទ*ឡើយ ដ្បិតពេលនោះ ជាពេលមាន ទុក្ខលំបាកយ៉ាងខ្លាំង តាំងពីដើមកំណើតពិភពលោកមកទល់សព្វថ្ងៃ ហើយទោះជាទៅថ្ងៃមុខទៀត ក៏ពុំដែលមានទុក្ខលំបាកខ្លាំងយ៉ាងនេះដែរ ។ ប្រសិនបើព្រះជាម្ចាស់មិនបន្ថយចំនួនថ្ងៃទាំងនោះទេ មុខជាគ្មានមនុស្សណារួចជីវិតឡើយ ប៉ុន្តែ ព្រះអង្គបន្ថយចំនួនថ្ងៃទាំងនោះ ដោយយោគយល់ដល់ពួកអ្នកដែលព្រះអង្គបានជ្រើសរើស។ ប្រសិនបើមានគេប្រាប់អ្នករាល់គ្នាថា “ព្រះគ្រិស្ត*គង់នៅទីនេះ ឬនៅទីនោះ” កុំជឿគេឡើយ ដ្បិតនឹងមានមនុស្សក្លែងខ្លួនធ្វើជាព្រះគ្រិស្ត ព្រមទាំងមានព្យាការី*ក្លែងក្លាយនាំគ្នាសម្តែងទីសម្គាល់ធំអស្ចារ្យ និងឫទ្ធិបាដិហារិយ៍ផ្សេងៗ ដើម្បីបញ្ឆោតមនុស្ស រហូតដល់ទៅនាំពួកអ្នកដែលព្រះជាម្ចាស់បានជ្រើសរើសឲ្យវង្វេងថែមទៀតផង ប្រសិនបើគេអាចធ្វើបាន។ ខ្ញុំនិយាយប្រាប់ឲ្យអ្នករាល់គ្នាដឹងជាមុនឲ្យហើយ។ បើមានគេប្រាប់អ្នករាល់គ្នាថា “ព្រះអង្គនៅវាលរហោស្ថានឯណោះ!” កុំចេញទៅតាមគេឡើយ ឬមួយបើគេថា “ព្រះអង្គនៅក្នុងបន្ទប់ឯណេះ!” ក៏កុំជឿពាក្យគេដែរ ដ្បិតបុត្រមនុស្ស*នឹងយាងមកប្រៀបបីដូចជាផ្លេកបន្ទោរភ្លឺឆ្វាច ឆូតកាត់ពីទិសខាងកើតទៅទិសខាងលិច។ សាកសពនៅទីណា ត្មាតក៏មកប្រមូលផ្ដុំគ្នានៅទីនោះដែរ »។
អាន ម៉ាថាយ 24
ស្ដាប់នូវ ម៉ាថាយ 24
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាថាយ 24:1-28
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ