ម៉ាថាយ 24:1-28

ម៉ាថាយ 24:1-28 គខប

ពេល​នោះ ព្រះ‌យេស៊ូ​កំពុង​យាង​ចេញ​ពី​ព្រះ‌វិហារ ពួក​សិស្ស​ចូល​មក​ជិត ចង្អុល​បង្ហាញ​វិមាន​ផ្សេងៗ​ក្នុង​ព្រះ‌វិហារ ថ្វាយ​ព្រះអង្គ​ទត។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ឃើញ​នៅ​ពេល​នេះ នឹង​ត្រូវ​រលំ​បាក់​បែក​អស់ លែង​មាន​ថ្ម​ត្រួត​ពី​លើ​ថ្ម​ទៀត​ហើយ!»។ កាល​ព្រះ‌យេស៊ូ​គង់​នៅ​លើ​ភ្នំ​ដើម​អូលីវ ពួក​សិស្ស*​នាំ​គ្នា​ចូល​ទៅ​គាល់​ព្រះអង្គ ដាច់​ឡែក​ពី​គេ ហើយ​ទូល​ថា៖ «សូម​ប្រាប់​ឲ្យ​យើង​ខ្ញុំ​ដឹង​ផង ហេតុ‌ការណ៍​ទាំង​នេះ​នឹង​កើត​ឡើង​នៅ​ពេល​ណា? តើ​មាន​អ្វី​ជា​សម្គាល់​ឲ្យ​យើង​ខ្ញុំ​ដឹង​ថា ដល់​ពេល​ព្រះអង្គ​យាង​មក និង​ដល់​អវសាន​កាល​នៃ​ពិភព​លោក?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា៖ «ចូរ​ប្រុង​ប្រយ័ត្ន កុំ​បណ្ដោយ​នរណា​មក​បញ្ឆោត​អ្នក​រាល់​គ្នា​ឲ្យ​វង្វេង​ឡើយ ដ្បិត​នឹង​មាន​មនុស្ស​ជា​ច្រើន​យក​ឈ្មោះ​ខ្ញុំ​ទៅ​ប្រើ ដោយ​ពោល​ថា: “ខ្ញុំ​នេះ​ហើយ​ជា​ព្រះ‌គ្រិស្ត*”។ គេ​នឹង​នាំ​មនុស្ស​ជា​ច្រើន​ឲ្យ​វង្វេង។ អ្នក​រាល់​គ្នា​នឹង​ឮ​គេ​និយាយ​អំពី​សង្គ្រាម និង​ឮ​ដំណឹង​ថា មាន​សង្គ្រាម​ផ្ទុះ​ឡើង​ហើយ។ កុំ​ជ្រួល‌ច្របល់​ឡើយ ដ្បិត​ហេតុ‌ការណ៍​ទាំង​នេះ​ត្រូវ​តែ​កើត​ឡើង តែ​មិន​ទាន់​ដល់​អវសាន‌កាល​នៃ​ពិភព​លោក​នៅ​ឡើយ​ទេ។ ប្រជា‌ជាតិ​មួយ​នឹង​ធ្វើ​សង្គ្រាម​តទល់​នឹង​ប្រជា‌ជាតិ​មួយ​ទៀត ប្រទេស​មួយ​តទល់​នឹង​ប្រទេស​មួយ​ទៀត ។ នៅ​តាម​តំបន់​ផ្សេងៗ​នឹង​មាន​កើត​ទុរ្ភិក្ស និង​រញ្ជួយ​ផែនដី។ ប៉ុន្តែ ហេតុ‌ការណ៍​ទាំង​នេះ​ប្រៀប​បាន​ទៅ​នឹង​ការ​ឈឺ​ចាប់​ដើម​ដំបូង​របស់​ស្ត្រី ដែល​ហៀប​នឹង​សម្រាល​កូន។ គេ​នឹង​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​ធ្វើ​ទុក្ខ​ទោស ព្រម​ទាំង​ឲ្យ​គេ​សម្លាប់​អ្នក​រាល់​គ្នា​ថែម​ទៀត​ផង។ ជាតិ​សាសន៍​ទាំង​អស់​នឹង​ស្អប់​អ្នក​រាល់​គ្នា ព្រោះ​តែ​នាម​ខ្ញុំ។ នៅ​ពេល​នោះ នឹង​មាន​មនុស្ស​ជា​ច្រើន​បែក​ចិត្ត​ឃ្លាត​ចេញ​ពី​ជំនឿ ក្បត់​គ្នា​ទៅ​វិញ​ទៅ​មក និង​ស្អប់​គ្នា​ផង។ ព្យាការី*​ក្លែង‌ក្លាយ​ជា​ច្រើន​នឹង​មក​ដល់ ហើយ​បញ្ឆោត​មនុស្ស​ជា​ច្រើន​ឲ្យ​វង្វេង។ អំពើ​ទុច្ចរិត​នឹង​រីក​ចម្រើន​ឡើង​ជា​ខ្លាំង បណ្ដាល​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​មនុស្ស​មួយ​ចំនួន​ធំ​ត្រូវ​ធ្លាក់​ចុះ​អន់‌ថយ។ ប៉ុន្តែ អ្នក​ណា​ស៊ូ​ទ្រាំ​រហូត​ដល់​ទី​បញ្ចប់ ព្រះ‌ជាម្ចាស់​នឹង​សង្គ្រោះ​អ្នក​នោះ។ គេ​នឹង​ប្រកាស​ដំណឹង‌ល្អ*​អំពី​ព្រះ‌រាជ្យ*​នេះ ពាស‌ពេញ​សកល​លោក​ទាំង​មូល ទុក​ជា​សក្ខីភាព​ដល់​ជាតិ​សាសន៍​ទាំង​អស់។ ពេល​នោះ ទើប​ដល់​អវសាន​កាល​នៃ​ពិភព​លោក»។ «ពេល​ណា​អ្នក​រាល់​គ្នា​ឃើញ វត្ថុ​ចង្រៃ​ដ៏​គួរ​ស្អប់​ខ្ពើម តាំង​នៅ​ក្នុង​ទី‌សក្ការៈ ដូច​ព្យាការី​ដានី‌យ៉ែល​បាន​ថ្លែង​ទុក (សូម​ឲ្យ​អ្នក​អាន​យល់​ពាក្យ​នេះ​ចុះ!) ពេល​នោះ អ្នក​ដែល​រស់​ក្នុង​ស្រុក​យូដា ត្រូវ​នាំ​គ្នា​រត់​ទៅ​ជ្រក​នៅ​តាម​ភ្នំ។ រីឯ​អ្នក​នៅ​លើ​ដំបូល​ផ្ទះ មិន​ត្រូវ​ចុះ​មក​យក​អ្វីៗ​នៅ​ក្នុង​ផ្ទះ​ឡើយ ហើយ​អ្នក​ដែល​នៅ​ឯ​ចម្ការ ក៏​មិន​ត្រូវ​វិល​ទៅ​ផ្ទះ​យក​អាវ​ធំ​របស់​ខ្លួន​ដែរ។ គ្រា​នោះ ស្ត្រី​មាន​ផ្ទៃ​ពោះ និង​ស្ត្រី​បំបៅ​កូន​មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន។ ចូរ​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់ សូម​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ត្រូវ​រត់​ភៀស​ខ្លួន​នៅ​រដូវ​ត្រជាក់ ឬ​នៅ​ថ្ងៃ​សប្ប័ទ*​ឡើយ ដ្បិត​ពេល​នោះ ជា​ពេល​មាន​ ទុក្ខ​លំបាក​យ៉ាង​ខ្លាំង តាំង​ពី​ដើម​កំណើត​ពិភព​លោក​មក​ទល់​សព្វ​ថ្ងៃ ហើយ​ទោះ​ជា​ទៅ​ថ្ងៃ​មុខ​ទៀត ក៏​ពុំ​ដែល​មាន​ទុក្ខ​លំបាក​ខ្លាំង​យ៉ាង​នេះ​ដែរ ។ ប្រសិន​បើ​ព្រះ‌ជាម្ចាស់​មិន​បន្ថយ​ចំនួន​ថ្ងៃ​ទាំង​នោះ​ទេ មុខ​ជា​គ្មាន​មនុស្ស​ណា​រួច​ជីវិត​ឡើយ ប៉ុន្តែ ព្រះអង្គ​បន្ថយ​ចំនួន​ថ្ងៃ​ទាំង​នោះ ដោយ​យោគ‌យល់​ដល់​ពួក​អ្នក​ដែល​ព្រះអង្គ​បាន​ជ្រើស​រើស។ ប្រសិន​បើ​មាន​គេ​ប្រាប់​អ្នក​រាល់​គ្នា​ថា “ព្រះ‌គ្រិស្ត*​គង់​នៅ​ទី​នេះ ឬ​នៅ​ទី​នោះ” កុំ​ជឿ​គេ​ឡើយ ដ្បិត​នឹង​មាន​មនុស្ស​ក្លែង​ខ្លួន​ធ្វើ​ជា​ព្រះ‌គ្រិស្ត ព្រម​ទាំង​មាន​ព្យាការី*​ក្លែង‌ក្លាយ​នាំ​គ្នា​សម្តែង​ទី​សម្គាល់​ធំ​អស្ចារ្យ និង​ឫទ្ធិ​បាដិ‌ហារិយ៍​ផ្សេងៗ ដើម្បី​បញ្ឆោត​មនុស្ស រហូត​ដល់​ទៅ​នាំ​ពួក​អ្នក​ដែល​ព្រះ‌ជាម្ចាស់​បាន​ជ្រើស​រើស​ឲ្យ​វង្វេង​ថែម​ទៀត​ផង ប្រសិន​បើ​គេ​អាច​ធ្វើ​បាន។ ខ្ញុំ​និយាយ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ជា​មុន​ឲ្យ​ហើយ។ បើ​មាន​គេ​ប្រាប់​អ្នក​រាល់​គ្នា​ថា “ព្រះអង្គ​នៅ​វាល​រហោ‌ស្ថាន​ឯ‌ណោះ!” កុំ​ចេញ​ទៅ​តាម​គេ​ឡើយ ឬ​មួយ​បើ​គេ​ថា “ព្រះអង្គ​នៅ​ក្នុង​បន្ទប់​ឯ‌ណេះ!” ក៏​កុំ​ជឿ​ពាក្យ​គេ​ដែរ ដ្បិត​បុត្រ​មនុស្ស*​នឹង​យាង​មក​ប្រៀប​បី​ដូច​ជា​ផ្លេក​បន្ទោរ​ភ្លឺ‌ឆ្វាច ឆូត​កាត់​ពី​ទិស​ខាង​កើត​ទៅ​ទិស​ខាង​លិច។ សាក‌សព​នៅ​ទី​ណា ត្មាត​ក៏​មក​ប្រមូល​ផ្ដុំ​គ្នា​នៅ​ទី​នោះ​ដែរ »។