ម៉ាថាយ 23

23
ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ឲ្យ​ប្រយ័ត្ន​នឹង​ពុត‌ត្បុត​របស់​ពួក​អាចារ្យ និង​ពួក​ខាង​គណៈ​ផារីស៊ី
(ម៉ាកុស ១២.៣៨-៤០ លូកា ១១.៣៩-៥២, ២០.៤៥-៤៧ )
1ពេល​នោះ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​មហា‌ជន និង​ពួក​សិស្ស*​ថា៖ 2«ពួក​អាចារ្យ* និង​ពួក​ផារីស៊ី* មាន​ភារ‌កិច្ច​បង្រៀន​គម្ពីរ‌វិន័យ​របស់​លោក​ម៉ូសេ*។ 3អ្វីៗ​ដែល​គេ​បង្រៀន​អ្នក​រាល់​គ្នា ចូរ​ស្ដាប់ ហើយ​យក​ទៅ​ប្រតិបត្តិ​តាម​ទៅ តែ​កុំ​យក​តម្រាប់​តាម​អំពើ​ដែល​គេ​ប្រព្រឹត្ត​ឡើយ ដ្បិត​គេ​មិន​ប្រតិបត្តិ​តាម​សេចក្ដី​ដែល​គេ​បង្រៀន​នោះ​ទេ។ 4អ្នក​ទាំង​នោះ​បាន​បង្កើត​វិន័យ​យ៉ាង​តឹង‌រ៉ឹង យក​មក​ផ្ទុក​លើ​មនុស្ស ហើយ​មិន​ជួយ​សម្រាល​បន្ទុក​នោះ​ទេ សូម្បី​តែ​បន្តិច‌បន្តួច​ក៏​មិន​ជួយ​ផង។ 5 គេ​ធ្វើ​កិច្ចការ​ផ្សេងៗ ដើម្បី​ឲ្យ​មនុស្ស‌ម្នា​កោត​សរ‌សើរ គឺ​គេ​ធ្វើ​ក្លាក់ ​កាន់​តែ​ធំ​ឡើងៗ និង​ធ្វើ​ខ្សែ​រំយោល នៅ​ជាយ​អាវ​កាន់​តែ​វែង​ទៅៗ។ 6ពួក​គេ​ចូល​ចិត្ត​កន្លែង​កិត្តិយស​ក្នុង​ពិធី​ជប់‌លៀង ហើយ​រើស​កន្លែង​អង្គុយ​នៅ​មុខ​គេ​ក្នុង​សាលា​ប្រជុំ*។ 7ពួក​នេះ​ចូល​ចិត្ត​ឲ្យ​គេ​ឱន​កាយ​គោរព នៅ​តាម​ផ្សារ និង​ឲ្យ​គេ​ហៅ​ខ្លួន​ថា “ព្រះ‌គ្រូ”។ 8រីឯ​អ្នក​រាល់​គ្នា​វិញ កុំ​បង្គាប់​គេ​ឲ្យ​ហៅ​ខ្លួន​ថា “ព្រះ‌គ្រូ” សោះ​ឡើយ ដ្បិត​អ្នក​រាល់​គ្នា​មាន “ព្រះ‌គ្រូ” តែ​មួយ​គត់ ហើយ​អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​បងប្អូន​នឹង​គ្នា។ 9កុំ​ហៅ​នរណា​ម្នាក់​នៅ​លើ​ផែនដី​នេះ​ថា “ព្រះ‌បិតា” ឲ្យ​សោះ ដ្បិត​អ្នក​រាល់​គ្នា​មាន“ព្រះ‌បិតា”តែ​មួយ​គត់ ដែល​គង់​នៅ​ស្ថាន​បរម‌សុខ។ 10កុំ​ឲ្យ​គេ​ហៅ​អ្នក​រាល់​គ្នា​ថា​“មគ្គទេសក៍”​ឡើយ ដ្បិត​មាន​តែ​ព្រះ‌គ្រិស្ត​មួយ​ព្រះអង្គ​ប៉ុណ្ណោះ ដែល​ជា​មគ្គទេសក៍​របស់​អ្នក​រាល់​គ្នា។ 11 ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​ណា​មាន​ឋានៈ​ធំ​ជាង​គេ ត្រូវ​ឲ្យ​អ្នក​នោះ​បម្រើ​អ្នក​រាល់​គ្នា។ 12 អ្នក​ណា​លើក​តម្កើង​ខ្លួន អ្នក​នោះ​នឹង​ត្រូវ​គេ​បន្ទាប​ចុះ។ រីឯ​អ្នក​ដែល​បន្ទាប​ខ្លួន នឹង​ត្រូវ​គេ​លើក​តម្កើង​វិញ»។
13នែ! ពួក​អាចារ្យ* និង​ពួក​ផារីស៊ី*​ដ៏​មាន​ពុត​អើយ! អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំ‌ខាន ព្រោះ​អ្នក​រាល់​គ្នា​បិទ​ទ្វារ​មិន​ឲ្យ​មនុស្ស​ចូល​ទៅ​ក្នុង​ព្រះ‌រាជ្យ*​នៃ​ស្ថាន​បរម‌សុខ* អ្នក​រាល់​គ្នា​មិន​ត្រឹម​តែ​មិន​បាន​ចូល​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​រារាំង​អ្នក​ដែល​ចង់​ចូល មិន​ឲ្យ​គេ​ចូល​ទៀត​ផង។
14[ពួក​អាចារ្យ និង​ពួក​ផារីស៊ី​ដ៏​មាន​ពុត​អើយ! អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំ‌ខាន ព្រោះ​អ្នក​រាល់​គ្នា​ឆ‌បោក​យក​ទ្រព្យ​សម្បត្តិ​របស់​ស្ត្រី​មេម៉ាយ ដោយ​ធ្វើ​ឫក​ជា​សូត្រ​ធម៌​យ៉ាង​យូរ។ ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​រាល់​គ្នា​ត្រូវ​ទទួល​ទោស​យ៉ាង​ធ្ងន់​មិន​ខាន]។
15ពួក​អាចារ្យ និង​ពួក​ផារីស៊ី​ដ៏​មាន​ពុត​អើយ! អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំ‌ខាន ព្រោះ​អ្នក​រាល់​គ្នា​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក និង​តាម​ផ្លូវ​គោក ស្វែង​រក​បញ្ចុះ‌បញ្ចូល​គេ ឲ្យ​ចូល​សាសនា​របស់​អ្នក​រាល់​គ្នា យ៉ាង​ហោច​ណាស់​ឲ្យ​បាន​មនុស្ស​ម្នាក់​ដែរ។ លុះ​គេ​ចូល​សាសនា​ហើយ អ្នក​រាល់​គ្នា​ធ្វើ​ឲ្យ​គេ​រឹត​តែ​អាក្រក់​ជួ‌ជាតិ ជាង​អ្នក​រាល់​គ្នា​មួយ​ទ្វេ​ជា​ពីរ។
16ពួក​អ្នក​ដឹក​នាំ​កង្វាក់​អើយ! អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំ‌ខាន ព្រោះ​អ្នក​រាល់​គ្នា​និយាយ​ថា “បើ​អ្នក​ណា​ស្បថ​ដោយ​យក​ព្រះ‌វិហារ*​ធ្វើ​ជា​សាក្សី ពាក្យ​សម្បថ​នោះ​យក​ជា​ការ​ពុំ​បាន​ទេ។ ផ្ទុយ​ទៅ​វិញ បើ​ស្បថ​ដោយ​យក​មាស​របស់​ព្រះ‌វិហារ​ធ្វើ​ជា​សាក្សី ទើប​យក​ជា​ការ​បាន”។
17មនុស្ស​លេ‌លា កង្វាក់​អើយ! មាស និង​ព្រះ‌វិហារ​ដែល​ធ្វើ​ឲ្យ​មាស​ទៅ​ជា​វត្ថុ​ពិសិដ្ឋ តើ​មួយ​ណា​សំខាន់​ជាង? 18អ្នក​រាល់​គ្នា​និយាយ​ទៀត​ថា “អ្នក​ណា​ស្បថ​ដោយ​យក​អាសនៈ​ធ្វើ​ជា​សាក្សី ពាក្យ​សម្បថ​នោះ​យក​ជា​ការ​ពុំ​បាន​ទេ។ ផ្ទុយ​ទៅ​វិញ បើ​ស្បថ​ដោយ​យក​តង្វាយ​លើ​អាសនៈ​ធ្វើ​ជា​សាក្សី ទើប​យក​ជា​ការ​បាន”។ 19មនុស្ស​កង្វាក់​អើយ! តង្វាយ​ដែល​គេ​ថ្វាយ​លើ​អាសនៈ និង​អាសនៈ​ដែល​ធ្វើ​ឲ្យ​តង្វាយ​ទៅ​ជា​តង្វាយ​ពិសិដ្ឋ តើ​មួយ​ណា​សំខាន់​ជាង? 20ដូច្នេះ អ្នក​ណា​ស្បថ​ដោយ​យក​អាសនៈ​ជា​សាក្សី អ្នក​នោះ​មាន​ទាំង​អាសនៈ មាន​ទាំង​អ្វីៗ​នៅ​លើ​អាសនៈ​ជា​សាក្សី​មែន។ 21អ្នក​ណា​ស្បថ​ដោយ​យក​ព្រះ‌វិហារ​ជា​សាក្សី អ្នក​នោះ​មាន​ទាំង​ព្រះ‌វិហារ មាន​ទាំង​ព្រះ‌ជាម្ចាស់​ដែល​គង់​នៅ​ក្នុង​ព្រះ‌វិហារ​ជា​សាក្សី​ដែរ។ 22 អ្នក​ណា​ស្បថ​ដោយ​យក​ស្ថាន​បរម‌សុខ​ជា​សាក្សី អ្នក​នោះ​មាន​ទាំង​បល្ល័ង្ក​របស់​ព្រះ‌ជាម្ចាស់ មាន​ទាំង​ព្រះ‌ជាម្ចាស់​ដែល​គង់​នៅ​លើ​បល្ល័ង្ក​ជា​សាក្សី។
23 ពួក​អាចារ្យ និង​ពួក​ផារីស៊ី​ដ៏​មាន​ពុត​អើយ! អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំ‌ខាន ព្រោះ​អ្នក​រាល់​គ្នា​យក​ជីរ‌អង្កាម ជីរ‌នាង‌វង និង​ម្អម​មួយ​ភាគ​ដប់​មក​ថ្វាយ​ព្រះ‌ជាម្ចាស់ ប៉ុន្តែ អ្នក​រាល់​គ្នា​លះ‌បង់​ក្រឹត្យ‌វិន័យ*​សំខាន់ៗ​ចោល មាន​សេចក្ដី​សុចរិត មេត្តា‌ករុណា​ធម៌ និង​ជំនឿ​ស្មោះ​ត្រង់​ជា​ដើម។ វិន័យ​ទាំង​ប៉ុន្មាន​ប្រការ​នេះ​ហើយ ដែល​អ្នក​រាល់​គ្នា​ត្រូវ​ប្រតិបត្តិ​តាម​ដោយ​ឥត​លះ‌បង់​ចោល​ប្រការ​ឯ​ទៀតៗ។ 24អ្នក​ដឹក​នាំ​កង្វាក់​អើយ! អ្នក​រាល់​គ្នា​ត្រង​យក​មូស​ចេញ​ពី​ទឹក​ផឹក តែ​អ្នក​រាល់​គ្នា​លេប​ដំរី​មួយ​ទាំង​មូល​ទៅ​វិញ!។
25ពួក​អាចារ្យ និង​ពួក​ផារីស៊ី​ដ៏​មាន​ពុត​អើយ! អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំ‌ខាន ព្រោះ​អ្នក​រាល់​គ្នា​សម្អាត​ពែង និង​ចាន តែ​ខាង​ក្រៅ​ប៉ុណ្ណោះ ប៉ុន្តែ ផ្នែក​ខាង​ក្នុង​ពោរ‌ពេញ​ទៅ​ដោយ​ផល​ដែល​កើត​មក​ពី​ការ​កេង‌ប្រវ័ញ្ច និង​ការ​លោភ‌លន់។ 26ពួក​ផារី​ស៊ី​ដ៏​កង្វាក់​អើយ! ចូរ​សម្អាត​ផ្នែក​ខាង​ក្នុង​ពែង​ជា​មុន​សិន ទើប​អ្វីៗ​នៅ​ខាង​ក្រៅ​បាន​ស្អាត​បរិសុទ្ធ*​ដែរ។
27 ពួក​អាចារ្យ និង​ពួក​ផារីស៊ី​ដ៏​មាន​ពុត​អើយ! អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំ‌ខាន ព្រោះ​អ្នក​រាល់​គ្នា​ប្រៀប​បាន​នឹង​ផ្នូរ ដែល​គេ​លាប​កំបោរ​ស មើល​ពី​ក្រៅ​ឃើញ​ហាក់​ដូច​ជា​ស្អាត តែ​ខាង​ក្នុង​ពោរ‌ពេញ​ទៅ​ដោយ​ឆ្អឹង​សាក‌សព និង​ធាតុ​រលួយ​សព្វ​បែប​យ៉ាង។ 28អ្នក​រាល់​គ្នា​ក៏​ដូច្នោះ​ដែរ អ្នក​រាល់​គ្នា​សម្តែង​ឫក‌ពារ​ខាង​ក្រៅ​ឲ្យ​មនុស្ស‌ម្នា​ឃើញ​ថា អ្នក​រាល់​គ្នា​សុចរិត តែ​ចិត្ត​អ្នក​រាល់​គ្នា​ពោរ‌ពេញ​ដោយ​គំនិត​លាក់​ពុត និង​គំនិត​ទុច្ចរិត​ទៅ​វិញ។
29ពួក​អាចារ្យ និង​ពួក​ផារីស៊ី​ដ៏​មាន​ពុត​អើយ! អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំ‌ខាន ព្រោះ​អ្នក​រាល់​គ្នា​បាន​សង់​ផ្នូរ​ឲ្យ​ពួក​ព្យាការី ព្រម​ទាំង​តុប‌តែង​ផ្នូរ​របស់​មនុស្ស​សុចរិត 30ដោយ​ពោល​ថា: “ប្រសិន​បើ​យើង​បាន​រស់​នៅ​ជំនាន់​បុព្វ​បុរស* នោះ​យើង​មុខ​ជា​មិន​សម​គំនិត​ជា​មួយ​គេ ក្នុង​ការ​សម្លាប់​ពួក​ព្យាការី​ឡើយ”។ 31អ្នក​រាល់​គ្នា​ពោល​ដូច្នេះ​បាន​សេចក្ដី​ថា អ្នក​រាល់​គ្នា​ចោទ​ខ្លួន​ឯង ថា​ជា​ពូជ‌ពង្ស​របស់​ពួក​អ្នក​ដែល​បាន​សម្លាប់​ព្យាការី។ 32ដូច្នេះ ចូរ​បន្ដ​កិច្ចការ​របស់​បុព្វបុរស​អ្នក​រាល់​គ្នា​ឲ្យ​បាន​សម្រេច​ទៅ! 33 នែ ពួក​ពស់​ពូជ​ពស់​វែក​អើយ! ធ្វើ​ម្ដេច​ឲ្យ​អ្នក​រាល់​គ្នា​គេច​ផុត​ពី​ទោស​ធ្លាក់​នរក​បាន? 34ហេតុ​នេះ ខ្ញុំ​ចាត់​ព្យាការី អ្នក​ប្រាជ្ញ និង​អាចារ្យ​ឲ្យ​មក​រក​អ្នក​រាល់​គ្នា តែ​អ្នក​រាល់​គ្នា​នឹង​សម្លាប់​ពួក​គេ​ខ្លះ ឆ្កាង​ខ្លះ និង​វាយ​ធ្វើ​បាប​ខ្លះ​ក្នុង​សាលា​ប្រជុំ* ព្រម​ទាំង​តាម​បៀត‌បៀន​គេ​ពី​ក្រុង​មួយ​ទៅ​ក្រុង​មួយ​ផង។ 35 ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​ទទួល​ទោស ព្រោះ​អ្នក​រាល់​គ្នា​បាន​បង្ហូរ​ឈាម​ជន​សុចរិត ចាប់​ពី​លោក​អេបិល​ជា​មនុស្ស​សុចរិត​រហូត​ដល់​លោក​សាការី ជា​បុត្រ​របស់​លោក​បារ៉ា‌គា ដែល​អ្នក​រាល់​គ្នា​បាន​សម្លាប់ នៅ​ត្រង់​ចន្លោះ​ទីសក្ការៈ* និង​អាសនៈ*។ 36ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង​ថា ទោស​ទាំង​នោះ​នឹង​ត្រូវ​ធ្លាក់​មក​លើ​មនុស្ស​ជំនាន់​នេះ​ជា​មិន​ខាន។
អ្នក​ក្រុង​យេរូ‌សាឡឹម​បដិសេធ​មិន​ទទួល​ព្រះ‌យេស៊ូ
(លូកា ១៣.៣៤-៣៥)
37«អ្នក​ក្រុង​យេរូ‌សាឡឹម អ្នក​ក្រុង​យេរូ‌សាឡឹម​អើយ! អ្នក​រាល់​គ្នា​បាន​សម្លាប់​ពួក​ព្យាការី* និង​យក​ដុំ​ថ្ម​គប់​សម្លាប់​អស់​អ្នក​ដែល​ព្រះ‌ជាម្ចាស់​បាន​ចាត់​ឲ្យ​មក​រក​អ្នក​រាល់​គ្នា។ ច្រើន​លើក​ច្រើន​សា​មក​ហើយ​ដែល​ខ្ញុំ​ចង់​ប្រមូល​ផ្ដុំ​អ្នក​រាល់​គ្នា ដូច​មេ​មាន់​ក្រុង​កូន​វា​នៅ​ក្រោម​ស្លាប តែ​អ្នក​រាល់​គ្នា​ពុំ​ព្រម​សោះ។ 38 ហេតុ​នេះ ផ្ទះ​របស់​អ្នក​រាល់​គ្នា នឹង​ត្រូវ​បោះ​បង់​ចោល​ឲ្យ​នៅ​ស្ងាត់​ជ្រងំ។ 39 ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ពី​ពេល​នេះ​ទៅ​មុខ អ្នក​រាល់​គ្នា​នឹង​លែង​ឃើញ​ខ្ញុំ​ទៀត​ហើយ រហូត​ដល់​ពេល​អ្នក​រាល់​គ្នា​ពោល​ថា:
“សូម​ព្រះ‌ជាម្ចាស់​ប្រទាន​ពរ​ដល់​ព្រះអង្គ
ដែល​យាង​មក​ក្នុង​នាម​ព្រះ‌អម្ចាស់!” »។

ទើបបានជ្រើសរើសហើយ៖

ម៉ាថាយ 23: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល