ព្រះយេស៊ូមានព្រះបន្ទូលជាប្រស្នាទៅពួកគេម្ដងទៀតថា៖ «ព្រះរាជ្យ*នៃស្ថានបរមសុខ*ប្រៀបបាននឹងស្ដេចមួយអង្គ ដែលរៀបវិវាហមង្គលការព្រះរាជបុត្រ។ ព្រះរាជាចាត់រាជបម្រើឲ្យទៅអញ្ជើញភ្ញៀវមកជប់លៀង ក្នុងឱកាសមង្គលការនោះ តែគ្មាននរណាមកសោះ។ ព្រះអង្គចាត់រាជបម្រើផ្សេងទៀតឲ្យទៅជម្រាបភ្ញៀវថា: “យើងបានរៀបចំភោជនាហារសម្រាប់ជប់លៀង គឺបានសម្លាប់គោ និងសម្លាប់សត្វដែលបានបំប៉ននោះរួចរាល់អស់ហើយ សូមអញ្ជើញមកពិសាការ!”។ ប៉ុន្តែ ភ្ញៀវមិនរវីរវល់អើពើឡើយ អ្នកខ្លះទៅចម្ការ អ្នកខ្លះទៅធ្វើជំនួញ អ្នកខ្លះទៀតចាប់ពួករាជបម្រើវាយធ្វើបាប ព្រមទាំងសម្លាប់ចោលថែមទៀត។ ព្រះរាជាទ្រង់ព្រះពិរោធយ៉ាងខ្លាំង ក៏ចាត់ទាហានឲ្យទៅប្រហារជីវិតឃាតកទាំងនោះ ហើយដុតកម្ទេចស្រុកភូមិរបស់គេផង។ បន្ទាប់មក ទ្រង់មានរាជឱង្ការទៅពួករាជបម្រើថា: “យើងបានរៀបចំពិធីមង្គលការរួចស្រេចហើយ ប៉ុន្តែ ភ្ញៀវទាំងនោះមិនសមនឹងមកចូលរួមទេ។ ហេតុនេះ ចូរនាំគ្នាចេញទៅតាមផ្លូវកែង ហើយអញ្ជើញមនុស្សទាំងអស់ដែលអ្នករាល់គ្នាជួប ឲ្យមកជប់លៀង”។ ពួករាជបម្រើក៏ចេញទៅតាមផ្លូវ ប្រមូលមនុស្សម្នា ដែលគេបានជួបទាំងប៉ុន្មានមក ទាំងអាក្រក់ ទាំងល្អ។ ពេលនោះ មានភ្ញៀវពេញរោងការ។ ព្រះរាជាយាងចូលមកមើលភ្ញៀវនៅក្នុងរោងការ ទតឃើញបុរសម្នាក់ស្លៀកពាក់មិនត្រូវនឹងរបៀបពិធីការ ព្រះរាជាក៏មានរាជឱង្ការទៅអ្នកនោះថា “សម្លាញ់អើយ! ហេតុអ្វីបានជាអ្នកចូលមកទីនេះ ដោយមិនស្លៀកសម្លៀកបំពាក់សម្រាប់មង្គលការដូច្នេះ” បុរសនោះរកនិយាយអ្វីមិនចេញឡើយ។ ព្រះរាជាបង្គាប់ទៅពួករាជបម្រើថា “ចូរចងដៃចងជើងអ្នកនេះ សែងយកទៅចោលនៅទីងងឹតខាងក្រៅ ជាកន្លែងយំសោកខឹងសង្កៀតធ្មេញនោះទៅ!”»។ ព្រះយេស៊ូមានព្រះបន្ទូលទៀតថា៖ «ព្រះជាម្ចាស់ត្រាស់ហៅមនុស្សទាំងអស់ តែព្រះអង្គជ្រើសរើសយកបានចំនួនតិចទេ»។ ពួកខាងគណៈផារីស៊ី*ចេញទៅពិគ្រោះគ្នា រិះរកមធ្យោបាយចាប់កំហុសព្រះយេស៊ូ នៅពេលព្រះអង្គមានព្រះបន្ទូល។ គេក៏ចាត់សិស្សរបស់គេ និងពួកខាងស្ដេចហេរ៉ូដ ឲ្យទៅជួបព្រះអង្គ ហើយទូលថា៖ «លោកគ្រូ! យើងខ្ញុំដឹងថាពាក្យដែលលោកមានប្រសាសន៍សុទ្ធតែពិតទាំងអស់។ លោកគ្រូប្រៀនប្រដៅអំពីរបៀបរស់នៅ ដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់តាមសេចក្ដីពិត គឺលោកគ្រូពុំយោគយល់ ហើយក៏ពុំរើសមុខនរណាឡើយ។ ហេតុនេះ សូមលោកគ្រូឲ្យយោបល់យើងខ្ញុំមើល៍ តើក្រឹត្យវិន័យរបស់យើងអនុញ្ញាតឲ្យបង់ពន្ធដារថ្វាយព្រះចៅអធិរាជរ៉ូម៉ាំងឬទេ?»។ ព្រះយេស៊ូឈ្វេងយល់គំនិតអាក្រក់របស់ពួកគេ ទើបមានព្រះបន្ទូលថា៖ «មនុស្សមានពុតអើយ! ហេតុអ្វីបានជាអ្នករាល់គ្នាចង់ចាប់កំហុសខ្ញុំដូច្នេះ? ចូរបង្ហាញប្រាក់សម្រាប់បង់ពន្ធនោះឲ្យខ្ញុំមើលមើល៍!»។ គេក៏យកប្រាក់មួយកាក់មកថ្វាយព្រះអង្គ។ ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «តើលើកាក់នេះ មានរូបនរណា ឈ្មោះនរណា?»។ គេទូលថា៖ «រូប និងឈ្មោះព្រះចៅអធិរាជ»។ ព្រះអង្គក៏មានព្រះបន្ទូលទៅគេថា៖ «អ្វីៗដែលជារបស់ព្រះចៅអធិរាជ ចូរថ្វាយទៅព្រះចៅអធិរាជវិញទៅ ហើយអ្វីៗដែលជារបស់ព្រះជាម្ចាស់ ចូរថ្វាយទៅព្រះជាម្ចាស់វិញដែរ»។ ពួកគេងឿងឆ្ងល់នឹងចម្លើយរបស់ព្រះអង្គ ហើយនាំគ្នាចាកចេញពីព្រះអង្គទៅ។ នៅថ្ងៃនោះ មានពួកខាងគណៈសាឌូស៊ី*ចូលមកគាល់ព្រះអង្គ។ ពួកសាឌូស៊ីមិនជឿថា មនុស្សស្លាប់នឹងរស់ឡើងវិញទេ។ គេទូលសួរព្រះយេស៊ូថា៖ «លោកគ្រូ! លោកម៉ូសេ*មានប្រសាសន៍ថា: “បើបុរសណាស្លាប់ទៅ តែគ្មានកូនសោះ ត្រូវឲ្យប្អូនប្រុសរបស់បុរសនោះរៀបការនឹងបងថ្លៃ ដើម្បីបន្ដពូជឲ្យបងប្រុសរបស់ខ្លួន” ។ ឧបមាថា នៅក្នុងចំណោមយើង មានបងប្អូនប្រុសប្រាំពីរនាក់។ បងបង្អស់រៀបការ ហើយស្លាប់ទៅ តែគ្មានកូនសោះ ទុកប្រពន្ធឲ្យប្អូន។ ប្អូនទីពីរ ប្អូនទីបី រហូតដល់ប្អូនទីប្រាំពីរ សុទ្ធតែបានរៀបការជាមួយនាង ហើយស្លាប់ទៅគ្មានកូនដូចគ្នា។ នៅទីបំផុត ស្ត្រីនោះក៏ស្លាប់ទៅដែរ។ លុះដល់ពេលមនុស្សស្លាប់នឹងរស់ឡើងវិញ តើនាងបានទៅជាប្រពន្ធនរណា បើបងប្អូនទាំងប្រាំពីរនាក់សុទ្ធតែបានរៀបការជាមួយនាងគ្រប់គ្នាដូច្នេះ?»។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖ «អ្នករាល់គ្នាយល់ខុសហើយ! ដ្បិតអ្នករាល់គ្នាមិនយល់គម្ពីរ ទាំងមិនស្គាល់ឫទ្ធានុភាពរបស់ព្រះជាម្ចាស់ផង។ ពេលមនុស្សស្លាប់នឹងរស់ឡើងវិញ គេមិនរៀបការប្ដីប្រពន្ធទៀតឡើយ គឺគេនឹងបានដូចទេវតា*នៅស្ថានបរមសុខ*។ ព្រះជាម្ចាស់មានព្រះបន្ទូលអំពីមនុស្សស្លាប់នឹងរស់ឡើងវិញថា: “យើងជាព្រះរបស់អប្រាហាំ ជាព្រះរបស់អ៊ីសាក និងជាព្រះរបស់យ៉ាកុប” តើអ្នករាល់គ្នាធ្លាប់អានឬទេ? ព្រះជាម្ចាស់មិនមែនជាព្រះរបស់មនុស្សស្លាប់ទេ គឺជាព្រះរបស់មនុស្សដែលមានជីវិត»។ កាលមហាជនបានឮសេចក្ដីដែលព្រះអង្គបង្រៀន គេងឿងឆ្ងល់ជាខ្លាំង។ ពេលនោះ ពួកខាងគណៈផារីស៊ី*ប្រជុំគ្នា ព្រោះគេឮថា ព្រះយេស៊ូបានធ្វើឲ្យពួកខាងគណៈសាឌូស៊ី*ទ័លប្រាជ្ញ រកនិយាយអ្វីទៀតមិនកើត។ ក្នុងចំណោមពួកគេ មានម្នាក់ជាបណ្ឌិតខាងវិន័យទូលសួរព្រះយេស៊ូ ក្នុងគោលបំណងល្បងលមើលព្រះអង្គថា៖ «លោកគ្រូ! ក្នុងក្រឹត្យវិន័យ* តើមានបទបញ្ជាណាសំខាន់ជាងគេ?»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «“ត្រូវស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នក ឲ្យអស់ពីចិត្តគំនិត អស់ពីស្មារតី និងអស់ពីប្រាជ្ញា” ហ្នឹងហើយជាបទបញ្ជាទីមួយ ដែលសំខាន់ជាងគេបំផុត។ រីឯបទបញ្ជាទីពីរក៏សំខាន់ដូចគ្នាដែរ “គឺត្រូវស្រឡាញ់បងប្អូនឯទៀតៗឲ្យដូចស្រឡាញ់ខ្លួនឯង” ។ បទបញ្ជាទាំងពីរនេះជាឫសគល់របស់គម្ពីរវិន័យ និងគម្ពីរព្យាការី*ទាំងអស់»។ ពេលនោះ ពួកខាងគណៈផារីស៊ី*នៅជុំគ្នា ព្រះយេស៊ូក៏មានព្រះបន្ទូលសួរគេថា៖ «តើអ្នករាល់គ្នាយល់ថា ព្រះគ្រិស្តជាព្រះរាជវង្សរបស់អ្នកណា?»។ គេទូលថា៖ «ព្រះអង្គជាព្រះរាជវង្សរបស់ព្រះបាទដាវីឌ»។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ប្រសិនបើព្រះគ្រិស្តជាព្រះរាជវង្សរបស់ព្រះបាទដាវីឌមែន ចុះហេតុដូចម្ដេចបានជាព្រះបាទដាវីឌ ដែលមានព្រះវិញ្ញាណបំភ្លឺ ហៅព្រះគ្រិស្តថា “ព្រះអម្ចាស់” ទៅវិញដូច្នេះ គឺស្ដេចមានរាជឱង្ការថា: “ព្រះអម្ចាស់មានព្រះបន្ទូល ទៅកាន់ព្រះអម្ចាស់របស់ខ្ញុំថា សូមគង់ខាងស្ដាំយើង ទម្រាំដល់យើងបង្ក្រាប ខ្មាំងសត្រូវរបស់ព្រះអង្គ មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ” ។ បើព្រះបាទដាវីឌហៅព្រះគ្រិស្តថា “ព្រះអម្ចាស់” ដូច្នេះ តើឲ្យព្រះគ្រិស្តត្រូវជាព្រះរាជវង្សរបស់ព្រះអង្គដូចម្ដេចកើត!»។ គ្មាននរណាម្នាក់អាចឆ្លើយទៅព្រះអង្គវិញ សូម្បីតែមួយម៉ាត់ក៏មិនបានផង ហើយចាប់តាំងពីពេលនោះមក គ្មាននរណាហ៊ានសួរដេញដោលព្រះអង្គទៀតឡើយ។
អាន ម៉ាថាយ 22
ស្ដាប់នូវ ម៉ាថាយ 22
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាថាយ 22:1-46
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ