ម៉ាថាយ 21:1-46

ម៉ាថាយ 21:1-46 គខប

ព្រះ‌យេស៊ូ​យាង​មក​ជា​មួយ​ពួក​សិស្ស* ជិត​ដល់​ក្រុង​យេរូ‌សាឡឹម​ហើយ។ កាល​មក​ដល់​ភូមិ​បេតផា‌សេ ដែល​នៅ​ចង្កេះ​ភ្នំ​ដើម​អូលីវ ព្រះអង្គ​ចាត់​សិស្ស​ពីរ​នាក់​ឲ្យ​ទៅ​មុន ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ទៅ​ភូមិ​ដែល​នៅ​មុខ​អ្នក​រាល់​គ្នា។ ពេល​ទៅ​ដល់​ភ្លាម អ្នក​នឹង​ឃើញ​មេ​លា​មួយ​ដែល​គេ​ចង​នៅ​ទី​នោះ ហើយ​មាន​កូន​វា​នៅ​ជា​មួយ​ដែរ។ ចូរ​ស្រាយ​វា​ដឹក​មក​ឲ្យ​ខ្ញុំ។ ប្រសិន​បើ​មាន​នរណា​សួរ ចូរ​ប្រាប់​គេ​ថា ព្រះ‌អម្ចាស់​ត្រូវ​ការ​វា តែ​ព្រះអង្គ​នឹង​ឲ្យ​គេ​ដឹក​មក​វិញ​ភ្លាម​ជា​មិន​ខាន»។ ព្រឹត្តិ‌ការណ៍​នេះ​កើត​ឡើង​ស្រប​នឹង​សេចក្ដី ដែល​មាន​ចែង​ទុក​តាម​រយៈ​ព្យាការី*​ថា៖ «ចូរ​ប្រាប់​ប្រជា‌ជន​ក្រុង​ស៊ីយ៉ូន​ថា: មើល​ហ្ន៎ ព្រះ‌មហា‌ក្សត្រ​របស់​អ្នក យាង​មក​រក​អ្នក​ហើយ។ ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​ស្លូត​បូត ព្រះអង្គ​គង់​លើ​ខ្នង​លា ហើយ​គង់​លើ​ខ្នង​កូន​លា​ផង​ដែរ» ។ សិស្ស​ទាំង​ពីរ​នាំ​គ្នា​ចេញ​ទៅ ធ្វើ​តាម​បញ្ជា​របស់​ព្រះ‌យេស៊ូ ដឹក​មេ​លា និង​កូន​វា​មក។ គេ​យក​អាវ​ក្រាល​ពី​លើ​ខ្នង​លា និង​លើ​ខ្នង​កូន​លា​ផង ហើយ​ព្រះ‌យេស៊ូ​ឡើង​គង់​លើ​ខ្នង​វា។ នៅ​ពេល​នោះ មាន​បណ្ដា‌ជន​ជា​ច្រើន​នាំ​គ្នា​យក​អាវ​របស់​ខ្លួន​ក្រាល​តាម​ផ្លូវ ហើយ​អ្នក​ខ្លះ​ទៀត​កាច់​ធាង​ទន្សែ​យក​មក​ក្រាល​លើ​ផ្លូវ​ដែរ។ មហា‌ជន​ដែល​ដើរ​ហែ‌ហម​ព្រះ‌យេស៊ូ​ពី​មុខ​ពី​ក្រោយ នាំ​គ្នា​ស្រែក​ឡើង​ថា៖ «ជយោ! ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ! សូម​ព្រះ‌ជាម្ចាស់​ប្រទាន​ពរ​ដល់​ព្រះអង្គ ដែល​យាង​មក​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់! ជយោ! ព្រះ‌ជាម្ចាស់​នៅ​ស្ថាន​ដ៏​ខ្ពង់‌ខ្ពស់​បំផុត!» ។ កាល​ព្រះ‌យេស៊ូ​យាង​ទៅ​ដល់​ក្រុង​យេរូ‌សាឡឹម ប្រជា‌ជន​នៅ​ក្នុង​ទីក្រុង​ទាំង​មូល​នាំ​គ្នា​ជ្រួល‌ច្របល់ សួរ​ថា៖ «តើ​លោក​នោះ​ជា​នរណា?»។ មហា‌ជន​ឆ្លើយ​ថា៖ «លោក​ជា​ព្យាការី*​យេស៊ូ​មក​ពី​ភូមិ​ណាសា‌រ៉ែត​ក្នុង​ស្រុក​កាលី‌ឡេ»។ បន្ទាប់​មក ព្រះ‌យេស៊ូ​ចូល​ព្រះ‌វិហារ ហើយ​ព្រះអង្គ​ដេញ​អ្នក​លក់​ដូរ​ចេញ​ពី​ទី​នោះ។ ព្រះអង្គ​ផ្ដួល​តុ​អ្នក​ដូរ​ប្រាក់ ផ្ដួល​កៅ‌អី​របស់​អ្នក​លក់​ព្រាប។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ក្នុង​គម្ពីរ​មាន​ចែង​ថា “ដំណាក់​របស់​យើង​ត្រូវ​ធ្វើ​ជា​កន្លែង​សម្រាប់​អធិស្ឋាន តែ​អ្នក​រាល់​គ្នា​បែរ​ជា​យក​ធ្វើ​ជា​សំបុក​ចោរ​ទៅ​វិញ!”» ។ មាន​មនុស្ស​ខ្វាក់ និង​មនុស្ស​ខ្វិន នាំ​គ្នា​មក​រក​ព្រះអង្គ​នៅ​ក្នុង​ព្រះ‌វិហារ ព្រះអង្គ​ក៏​ប្រោស​គេ​ឲ្យ​ជា​ទាំង​អស់​គ្នា។ កាល​ក្រុម​នាយក​បូជា‌ចារ្យ* និង​អាចារ្យ*​ឃើញ​ការ​អស្ចារ្យ​ដែល​ព្រះអង្គ​បាន​ធ្វើ និង​ឮ​ក្មេងៗ​ស្រែក​នៅ​ក្នុង​ព្រះ‌វិហារ​ថា «ជយោ​ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ!» គេ​ទាស់​ចិត្ត​ណាស់ គេ​ទូល​ព្រះអង្គ​ថា៖ «តើ​លោក​ឮ​ក្មេងៗ​ស្រែក​ថា​ដូច​ម្ដេច​ទេ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​វិញ​ថា៖ «ខ្ញុំ​ឮ​ហើយ! ក្នុង​គម្ពីរ​មាន​ចែង​ថា “ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ពាក្យ​សរ‌សើរ​តម្កើង ហូរ​ចេញ​ពី​បបូរ​មាត់​ក្មេង​តូចៗ និង​ទារក​ដែល​នៅ​បៅ” តើ​អស់​លោក​មិន​ដែល​អាន​ទេ​ឬ?»។ ព្រះអង្គ​ទុក​គេ​ចោល ហើយ​យាង​ចេញ​ពី​ទីក្រុង​ឆ្ពោះ​ទៅ​ភូមិ​បេតថា‌នី រួច​ស្នាក់​នៅ​ទី​នោះ។ ព្រលឹម​ឡើង ព្រះ‌យេស៊ូ​យាង​ត្រឡប់​ទៅ​ទីក្រុង​វិញ ពេល​នោះ ព្រះអង្គ​ឃ្លាន។ ព្រះអង្គ​ទត​ឃើញ​ឧទុម្ពរ​មួយ​ដើម​នៅ​តាម​ផ្លូវ ព្រះអង្គ​យាង​ចូល​ទៅ​ជិត មិន​ឃើញ​មាន​ផ្លែ​សោះ មាន​សុទ្ធ​តែ​ស្លឹក។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ដើម​ឧទុម្ពរ​នោះ​ថា៖ «ចាប់​ពី​ពេល​នេះ​ត​ទៅ កុំ​ឲ្យ​ឯង​មាន​ផ្លែ​សោះ​ឡើយ!»។ ពេល​នោះ ស្រាប់​តែ​ដើម​ឧទុម្ពរ​ក្រៀម​ស្វិត​មួយ​រំពេច។ ឃើញ​ដូច្នោះ ពួក​សិស្ស*​ងឿង‌ឆ្ងល់​ជា​ខ្លាំង គេ​ពោល​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​ដើម​ឧទុម្ពរ​ក្រៀម​ស្វិត​មួយ​រំពេច​ដូច្នេះ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ទៅ​គេ​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ប្រសិន​បើ​អ្នក​រាល់​គ្នា​មាន​ជំនឿ​ឥត​សង្ស័យ​សោះ អ្នក​រាល់​គ្នា​មិន​ត្រឹម​តែ​អាច​ធ្វើ​ឲ្យ​ដើម​ឧទុម្ពរ​នេះ​ក្រៀម​ស្វិត​ប៉ុណ្ណោះ​ទេ គឺ​បើ​អ្នក​រាល់​គ្នា​ពោល​ទៅ​កាន់​ភ្នំ​នេះ​ថា: “ចូរ​ចេញ​ពី​ទី​នេះ ធ្លាក់​ក្នុង​សមុទ្រ​ទៅ!” នោះ​នឹង​សម្រេច​ដូច្នោះ​ជា​មិន​ខាន។ អ្វី​ក៏​ដោយ​ឲ្យ​តែ​អ្នក​រាល់​គ្នា​អធិស្ឋាន*​សុំ​ទាំង​មាន​ជំនឿ អ្នក​រាល់​គ្នា​មុខ​ជា​បាន​ទទួល​មែន»។ ព្រះ‌យេស៊ូ​យាង​ចូល​ក្នុង​ព្រះ‌វិហារ* ហើយ​នៅ​ពេល​ព្រះអង្គ​កំពុង​តែ​បង្រៀន​គេ ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​ព្រឹទ្ធា‌ចារ្យ*​របស់​ប្រជា‌ជន នាំ​គ្នា​ចូល​មក​សួរ​ព្រះអង្គ​ថា៖ «តើ​លោក​ធ្វើ​ការ​ទាំង​នេះ​ដោយ​អាង​អំណាច​អ្វី? អ្នក​ណា​ប្រគល់​អំណាច​នេះ​ឲ្យ​លោក?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ខ្ញុំ​ក៏​សុំ​សួរ​សំណួរ​តែ​មួយ​ដល់​អស់​លោក​ដែរ បើ​អស់​លោក​ប្រាប់​ខ្ញុំ ខ្ញុំ​នឹង​ប្រាប់​អស់​លោក​វិញ​ថា ខ្ញុំ​ធ្វើ​ការ​ទាំង​នេះដោយ​អាង​លើ​អំណាច​អ្វី។ តើ​នរណា​ចាត់​លោក​យ៉ូហាន​ឲ្យ​មក​ធ្វើ​ពិធី​ជ្រមុជ​ទឹក*? ព្រះ‌ជាម្ចាស់ ឬ​មនុស្ស?»។ គេ​ពិគ្រោះ​គ្នា​ថា៖ «បើ​យើង​ឆ្លើយ​ថា “ព្រះ‌ជាម្ចាស់​ចាត់​លោក​យ៉ូហាន​ឲ្យ​មក” គាត់​មុខ​ជា​សួរ​យើង​ថា “ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​ជឿ​លោក​យ៉ូហាន” បើ​យើង​ឆ្លើយ​ថា “មនុស្ស​ចាត់​លោក​យ៉ូហាន​ឲ្យ​មក” នោះ​យើង​ខ្លាច​ប្រជា‌ជន​រក​រឿង ដ្បិត​មនុស្ស​គ្រប់ៗ​គ្នា​ចាត់​ទុក​លោក​យ៉ូហាន​ជា​ព្យាការី*»។ ដូច្នេះ គេ​ទូល​ឆ្លើយ​ព្រះ‌យេស៊ូ​ថា៖ «យើង​មិន​ដឹង​ទេ!»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​វិញ​ថា៖ «រីឯ​ខ្ញុំ​វិញ ខ្ញុំ​ក៏​មិន​ប្រាប់​អស់​លោក​ថា ខ្ញុំ​ធ្វើ​ការ​ទាំង​នេះ​ដោយ​អាង​លើ​អំណាច​អ្វី​ដែរ»។ «អ្នក​រាល់​គ្នា​យល់​យ៉ាង​ណា​ដែរ ប្រសិន​បើ​បុរស​ម្នាក់​មាន​កូន​ប្រុស​ពីរ ហើយ​គាត់​និយាយ​ទៅ​កាន់​កូន​ច្បង​ថា “កូន​អើយ! ថ្ងៃ​នេះ ចូរ​កូន​ទៅ​ធ្វើ​ការ​នៅ​ចម្ការ​ទំពាំង‌បាយជូរ​របស់​ពុក​ទៅ!”។ កូន​តប​មក​វិញ​ថា “ខ្ញុំ​មិន​ចង់​ទៅ​ទេ!”។ ប៉ុន្តែ ក្រោយ​មក កូន​នោះ​ដូរ​គំនិត ហើយ​ក៏​ទៅ​ចម្ការ។ បន្ទាប់​មក ឪពុក​និយាយ​ពាក្យ​ដដែល​ទៅ​កាន់​កូន​ពៅ កូន​ពៅ​ឆ្លើយ​ថា: “បាទ កូន​ទៅ!” តែ​អត់​ទៅ​ទេ។ ក្នុង​ចំណោម​កូន​ទាំង​ពីរ​នាក់ តើ​កូន​ណា​បាន​ធ្វើ​តាម​បំណង​ឪពុក?»។ គេ​ទូល​ព្រះអង្គ​ថា៖ «កូន​ច្បង»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ពួក​អ្នក​ទារ​ពន្ធ* និង​ពួក​ស្ត្រី​ពេស្យា នឹង​ចូល​ទៅ​ក្នុង​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់ មុន​អ្នក​រាល់​គ្នា ដ្បិត​លោក​យ៉ូហាន​បាន​មក​ណែ‌នាំ​អ្នក​រាល់​គ្នា​ឲ្យ​ដើរ​តាម​មាគ៌ា​សុចរិត តែ​អ្នក​រាល់​គ្នា​មិន​ព្រម​ជឿ​លោក​ទេ។ ពួក​អ្នក​ទារ​ពន្ធ និង​ស្ត្រី​ពេស្យា​បាន​ជឿ​លោក រីឯ​អ្នក​រាល់​គ្នា​វិញ ទោះ​បី​អ្នក​រាល់​គ្នា​បាន​ឃើញ​ហេតុ‌ការណ៍​ទាំង​នោះ​ក៏​ដោយ ក៏​អ្នក​រាល់​គ្នា​មិន​ដូរ​ចិត្ត​គំនិត ហើយ​ជឿ​លោក​ដែរ»។ «សុំ​ស្ដាប់​ប្រស្នា​មួយ​ទៀតៈ មាន​បុរស​ម្នាក់​ជា​ម្ចាស់​ចម្ការ គាត់​បាន​ដាំ​ទំពាំង‌បាយជូរ ហើយ​ធ្វើ​របង​ព័ទ្ធ​ជុំ‌វិញ គាត់​រៀបចំ​កន្លែង​មួយ ដើម្បី​បញ្ជាន់​ផ្លែ​ទំពាំង‌បាយជូរ ព្រម​ទាំង​សង់​ខ្ទម​មួយ​ផង។ បន្ទាប់​មក គាត់​ប្រវាស់​ឲ្យ​ពួក​កសិករ​មើល​ថែ​ទាំ រួច​ចេញ​ដំណើរ​ពី​ស្រុក​នោះ​ទៅ។ លុះ​ដល់​រដូវ​ទំពាំង‌បាយជូរ​ទុំ គាត់​ក៏​ចាត់​ពួក​អ្នក​បម្រើ​ឲ្យ​មក​ជួប​អ្នក​ថែ​ចម្ការ​ទាំង​នោះ ដើម្បី​ទទួល​យក​ផល​ដែល​ជា​ចំណែក​របស់​គាត់។ ពួក​កសិករ​នាំ​គ្នា​ចាប់​ពួក​អ្នក​បម្រើ​មក​វាយ‌ដំ​ម្នាក់ ប្រហារ​ជីវិត​ម្នាក់ និង​យក​ដុំ​ថ្ម​គប់​សម្លាប់​ម្នាក់​ទៀត។ ម្ចាស់​ចម្ការ​ក៏​ចាត់​អ្នក​បម្រើ​ផ្សេង​ទៀត ដែល​មាន​គ្នា​ច្រើន​ជាង​មុន​ឲ្យ​មក។ ប៉ុន្តែ ពួក​អ្នក​ថែ​ចម្ការ​បាន​ធ្វើ​បាប​អ្នក​បម្រើ​ទាំង​នោះ​ដូច​ពួក​មុនៗ​ដែរ។ នៅ​ទី​បំផុត ម្ចាស់​ចម្ការ​ចាត់​កូន​ប្រុស​របស់​គាត់​ឲ្យ​មក​ជួប​គេ ដោយ​គិត​ថា “គេ​មុខ​ជា​គោរព​កោត​ខ្លាច​កូន​ប្រុស​ខ្ញុំ​មិន​ខាន”។ ប៉ុន្តែ ពេល​ពួក​កសិករ​ឃើញ​កូន​ប្រុស​ម្ចាស់​ចម្ការ​មក​ដល់ គេ​ពិគ្រោះ​គ្នា​ថា: “អ្នក​នេះ​ជា​អ្នក​ទទួល​កេរ‌មត៌ក​ពី​ម្ចាស់​ចម្ការ​ទៅ​ថ្ងៃ​ក្រោយ បើ​យើង​នាំ​គ្នា​សម្លាប់​វា មត៌ក​នេះ​នឹង​ត្រូវ​បាន​មក​យើង​មិន​ខាន”។ គេ​ក៏​ចាប់​កូន​ប្រុស​ម្ចាស់​ចម្ការ​បោះ​ទៅ​ខាង​ក្រៅ ហើយ​សម្លាប់​ចោល​ទៅ។ ដល់​ពេល​ម្ចាស់​ចម្ការ​មក តើ​គាត់​នឹង​ធ្វើ​យ៉ាង​ណា​ចំពោះ​កសិករ​ទាំង​នោះ?»។ គេ​ទូល​ព្រះអង្គ​ថា៖ «គាត់​មុខ​ជា​សម្លាប់​ជន​ពាល​ទាំង​នោះ​ឥត​ត្រា​ប្រណី​ឡើយ រួច​ប្រវាស់​ចម្ការ​ឲ្យ​អ្នក​ផ្សេង​ទៀត ដែល​នឹង​ប្រគល់​ផល​ជា​ចំណែក​របស់​គាត់​ជូន​គាត់ នៅ​រដូវ​ទំពាំង‌បាយជូរ​ទុំ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ក្នុង​គម្ពីរ​មាន​ចែង​ថា: “ថ្ម​ដែល​ពួក​ជាង​សង់​ផ្ទះ​បោះ​ចោល បាន​ត្រឡប់​មក​ជា​ថ្ម​គ្រឹះ​ដ៏​សំខាន់​បំផុត។ ព្រះ‌អម្ចាស់​បាន​សម្រេច​ការ​អស្ចារ្យ​នេះ យើង​បាន​ឃើញ ហើយ​ស្ងើច​សរ‌សើរ​ផង” ។ តើ​អ្នក​រាល់​គ្នា​ដែល​អាន​អត្ថ‌បទ​នេះ​ឬ​ទេ? ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្រះ‌ជាម្ចាស់​នឹង​ដក​ព្រះ‌រាជ្យ​ចេញ​ពី​អ្នក​រាល់​គ្នា ប្រគល់​ទៅ​ឲ្យ​សាសន៍​មួយ​ទៀត ដែល​ចេះ​បង្កើត​ផល​សម​ស្រប​នឹង​ព្រះ‌រាជ្យ។ អ្នក​ណា​ដួល​លើ​ថ្ម​នេះ អ្នក​នោះ​មុខ​ជា​ត្រូវ​បាក់​បែក​ខ្ទេច‌ខ្ទាំ​មិន​ខាន ហើយ​បើ​ថ្ម​នេះ​សង្កត់​លើ​អ្នក​ណា មុខ​ជា​កិន​កម្ទេច​អ្នក​នោះ​ឲ្យ​ស្លាប់​ជា​ប្រាកដ​ដែរ»។ ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​ខាង​គណៈ​ផារីស៊ី*​ឮ​ដូច្នោះ​ក៏​ដឹង​ថា ព្រះអង្គ​មាន​ព្រះ‌បន្ទូល​សំដៅ​ទៅ​លើ​ពួក​គេ។ គេ​នាំ​គ្នា​រក​មធ្យោ‌បាយ​ចាប់​ព្រះអង្គ ប៉ុន្តែ គេ​ខ្លាច​មហា‌ជន ព្រោះ​មហា‌ជន​ចាត់​ទុក​ព្រះ‌យេស៊ូ​ជា​ព្យាការី*​មួយ​រូប។